Ad Code

ស្ពាន​ជ្រោយចង្វា​ទី១ ​នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​



ភ្នំពេញ ៖ កាលពី​ថ្ងៃ​ពុធ ០៨​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ នៃ​គម្រោង​ស្តារឡើងវិញ ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វា​ទី​១) ដើម្បី​ធានា​ថា ​ស្ពាន​នេះ អាច​ដាក់​ឲ្យ​សាធារណជន​ប្រើប្រាស់​បាន​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។

ជា​លទ្ធផល គម្រោង​នេះ ​ប្រព្រឹត្តទៅ​យ៉ាង​រលូន ដោយ​សម្រេច​បាន​៩៧​ភាគរយ លឿន​ជាង​ការ​គ្រោងទុក​ចំនួន​១១​ភាគរយ ហើយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ជប៉ុន ប្ដេជ្ញា​ចិត្ត​បញ្ចប់​ការងារ​ដែល​នៅ​សេសសល់ ដើម្បី​ដាក់​ស្ពាន​នេះ​ឲ្យ​ដំណើរការ​ក្នុង​គោលបំណង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​ក្នុង​កំឡុង ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​

សូមបញ្ជាក់​ឲ្យ​ដឹងថា គម្រោង​ស្តារឡើងវិញ​ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វា​ទី​១) ជា​ហិរញ្ញប្បទាន ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦​។

គម្រោងការ​ស្តារឡើងវិញ​ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វា​ទី​១)​នេះ បាន​ចាប់ផ្តើម​ការ​ជួស​ជុល​សាងសង់ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ ដោយមាន​ក្រុមហ៊ុន Obayashi ជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ក្នុងការ​ជួសជុល​សាងសង់ និង ក្រុមហ៊ុន Central Consultant Inc ជា​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស។

ផ្អែកលើ​កិច្ចព្រមព្រៀង​រវាង រដ្ឋាភិបាល​ប្រទេស​ទាំងពីរ គម្រោង​នេះ ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ ប៉ុន្តែ​ដោយសារ​ការអនុវត្ត​គម្រោង​នេះ​លឿន​ជាង​ការ​គ្រោងទុក ស្ពាន​នេះ​ នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន​នៅពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu