កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងការបរទេសវេណេហ្ស៊ូអេឡា បានអំពាវនាវឲ្យមានការជជែកដោយផ្ទាល់រវាងលោកប្រធានាធិបតី Nicolas Maduro និងលោក Donald Trump ដើម្បីដោះស្រាយវិបត្តិរបស់ប្រទេសនេះ ប៉ុន្តែសំណើនេះត្រូវបានបដិសេធភ្លាមៗដោយសេតវិមានដែលទទួលស្គាល់គណបក្សប្រឆាំង។
ការអំពាវនាវពីអ្នកការទូតកំពូលរបស់វេណេហ្ស៊ូអេឡាលោក Jorge Arreaza បានកើតឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលត្រូវបានធ្វើពហិការដោយអ្នកការទូតជាច្រើនរួមបញ្ចូលទាំងអ្នកមកពីប្រទេសអាមេរិកឡាទីននិងអឺរ៉ុបផងដែរ។
លោក Arreaza បាននិយាយថា “យើងកំពុងស្នើឲ្យមានការសន្ទនាគ្នាសូម្បីតែជាមួយសហរដ្ឋអាមេរិកក៏ដោយ។ ហេតុអ្វីបានជាពួកគេមិនជួបប្រជុំគ្នា។ តើលោកប្រធានាធិបតី Trump ឬលោកប្រធានាធិបតី Maduro? ”។
សហរដ្ឋអាមេរិកមិនអង្គុយនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សទេបន្ទាប់ពីការសម្រេចចិត្តរបស់លោក Trump ក្នុងការចាកចេញពីស្ថាប័ននេះកាលពីឆ្នាំមុន។
ប៉ុន្តែបេសកជនអាមេរិកប្រចាំសន្និសីទស្តីពីការដកហូតអាវុធ (CoD) របស់អង្គការសហប្រជាជាតិលោក Robert Wood បានដើរចេញពីអង្គប្រជុំនៅពេលអ្នកការទូតវេណេហ្ស៊ូអេឡាម្នាក់ទៀតឈ្មោះ Felix Plasencia ឡើងវេទិកា។
អ្នកការទូតអាមេរិកឡាទីន អឺរ៉ុបនិងអ្នកការទូតដទៃទៀតក៏បានដើរចេញរួមជាមួយលោក Wood ផងដែរ។
អនុប្រធានាធិបតីអាមេរិកលោក Mike Pence បាននិយាយថា សហរដ្ឋអាមេរិកទទួលស្គាល់តែមេដឹកនាំគណបក្សប្រឆាំងលោក Juan Guaido ដែលគាត់បានជួបកាលពីដើមសប្តាហ៍នេះនៅក្នុងប្រទេសកូឡុំប៊ីដើម្បីបង្ហាញពីការគាំទ្រប៉ុណ្ណោះ។
លោក Pence បាននិយាយថា “រឿងតែមួយគត់ដែលត្រូវពិភាក្សាជាមួយលោក Maduro នៅចំណុចនេះគឺជាពេលវេលានិងកាលបរិច្ឆេទសម្រាប់ការចាកចេញរបស់គាត់”។
លោកបានបញ្ជាក់ថា “ដើម្បីលទ្ធិប្រជាធិបតេយ្យវិលត្រលប់មកវិញហើយដើម្បីប្រទេសវេណេហ្ស៊ូអេឡាស្ថាបនាឡើងវិញ លោក Maduro ត្រូវតែចុះចេញពីតំណែង”។
នៅពេលសាកសួរអំពីការរំពឹងទុកនៃកិច្ចប្រជុំកំពូល Trump-Maduro, លោក Wood បានប្រាប់អ្នកសារព័ត៌មានថា “លោកប្រធានាធិបតី Trump បានត្រៀមលក្ខណៈដើម្បីជួបជាមួយប្រធានាធិបតីវេណេហ្ស៊ូអេឡាដែលមានសិទ្ធិត្រឹមត្រូវហើយនោះគឺលោក Juan Guaido”៕ AFP
Source: Kampuchea Thmey Daily
0 Comments