មេដឹកនាំគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសកាណាដា បានទាមទារកាលពីថ្ងៃពុធឲ្យលោកនាយករដ្ឋមន្ត្រី Justin Trudeau លាលែងពីតំណែង បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មួយរូបបាននិយាយថា មន្ត្រីរដ្ឋាភិបាលបានដាក់សម្ពាធដោយមិនត្រឹមត្រូវលើនាងដើម្បីជួយក្រុមហ៊ុនដ៏សំខាន់មួយឲ្យចៀសវាងការកាត់ទោសអំពីករណីសូកប៉ាន់។
ការចោទប្រកាន់ដោយលោកស្រី Jody Wilson-Raybould បានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងនូវវិបត្តិដ៏ធំបំផុតសម្រាប់អាណត្តិរបស់លោក Trudeau ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះមុនការបោះឆ្នោតខែតុលាដែលក្នុងនោះគណបក្សសេរីនិយមរបស់គាត់ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញមួយ។
លោកស្រី Wilson-Raybould បានប្រាប់គណៈកម្មាធិការយុត្តិធម៌សភាថា លោកស្រីបានប្រឈមមុខជាមួយលោក Trudeau លើអ្វីដែលលោកស្រីហៅថាជាការដាក់សម្ពាធមិនសមរម្យដើម្បីជួយដល់ក្រុមហ៊ុនសំណង់ SNC-Lavalin Group Inc បញ្ចៀសការជំនុំជម្រះក្តីករណីពុករលួយលើបទចោទប្រកាន់សូកប៉ាន់ក្រុមមន្ត្រីនៃប្រទេសលីប៊ី។
លោក Andrew Scheer មេដឹកនាំបក្សប្រឆាំងគឺគណបក្សអភិរក្សបានទាមទារឲ្យមានការលាលែងពីតំណែងចំពោះអ្វីដែលលោកហៅថាជានាយករដ្ឋមន្ត្រីដែលធ្វើឲ្យខូចកិត្តិយស។
លោក Scheer បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ជាមួយមនសិការច្បាស់លាស់ គាត់មិនអាចបន្តដឹកនាំប្រទេសនេះបានទៀតទេ”។
ទន្ទឹមនឹងនោះដែរ លោក Scheer បានអំពាវនាវឲ្យប៉ូលិសបើកការស៊ើបអង្កេតរឿងនេះភ្លាមៗ។
លោកស្រី Wilson-Raybould បាននិយាយថា ក្រុមមន្ត្រីបានដាក់សម្ពាធជាប់លាប់និងខ្ជាប់ខ្ជួនលើលោកស្រីចាប់ពីខែកញ្ញាដល់ខែធ្នូឆ្នាំមុនដើម្បីធានាឲ្យក្រុមហ៊ុន SNC-Lavalin ត្រូវបង់ថ្លៃពិន័យជាប្រាក់ជាជាងឡើងសវនាការ។
លោក Trudeau និងមន្ត្រីផ្សេងទៀតបានបដិសេធថា សម្ពាធមិនសមរម្យមិនត្រូវបានដាក់ទៅលើលោកស្រី Wilson-Raybould ទេ។ ប៉ុន្តែករណីនេះបានបង្ខំឲ្យលេខាធិការឯកជនដ៏សំខាន់របស់លោក Trudeau ឈ្មោះ Gerald Butts លាលែងពីតំណែងរួចទៅហើយកាលពីដើមខែនេះ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments