ភ្នំពេញ ៖ រថយន្តFord Rangerមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ក៏បានបុករថយន្តហាយឡេនឌ័រមួយគ្រឿង រួចជ្រុល ឡើង ចិញ្ចើមផ្លូវ ទៅបុកចូលផ្ទះវិឡារឧកញ៉ាម្នាក់ បណ្តាលឲ្យបាក់អស់បង្គោលរបងមួយដើម និងរបងដែកបាក់ប៉ើងចេញ ហើយ រថយន្ត បានជាប់ទៅមុខលែងរួច តែមិនបណ្តាលឲ្យអ្នកណាម្នាក់គ្រោះថ្នាក់ក្នុងហេតុការណ៍នេះឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចវិឡារលេខ១៨អា ផ្លូវលេខ៣៤៨ អា ក្នុងបុរីវិមានភ្នំពេញ នៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
រថយន្ត ដែលបើកបុកចូលផ្ទះវិឡារ នោះ ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BC.០៩១៩បើកបរ ដោយ ឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅក្បែរកន្លែងកើតហេតុ។ ចំណែករថយន្ត មួយគ្រឿង ម៉ាក ហាយឡេនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ២AW.៦២៣១ បើកបរដោយជនជាតិចិន ឈ្មោះ យិន ហ្វូជិញ ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ក្នុងបុរីខាងលើ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត Ford Ranger បានធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុ ក៏បានបុក ចំក្បាលរថយន្តម៉ាកហាយឡេនឌ័រ បើកចេញពីខាងត្បូង បណ្តាលឲ្យរថយន្តខ្ទាតចេញ និងរងការខូចខាតផ្នែកខាងមុខ។
តាមសាក្សីបានបន្តទៀតថា បន្ទាប់មក រថយន្ត Ford Rangerនោះ មិនទាន់អស់ល្បឿន ក៏បានជ្រុលចង្កូតទៅស្តាំដៃបុកឡើងសួនច្បារ និងបុករបងវិឡារ លោកឧកញ៉ាម្នាក់ បណ្តាលឲ្យបាក់បង្គោលរបង និង របងដែក ប៉ើងចេញរងការខូចខាតធ្ងន់ធ្ងរ។
តាមព័ត៌មានឲ្យដឹងថា ភ្លាមៗ នគរបាលមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ និងទាក់ទងទៅនគរបាលចរាចរណ៍ វាស់វែងបញ្ជូនទៅកាន់ការិយាល័យ ដើម្បីដោះស្រាយសងការខូចខាត៕
Source: Kampuchea Thmey Daily
0 Comments