Ad Code

ស្ត្រី​២​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ



សៀមរាប​ ៖​ សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិល​មិញ នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ រួមមាន ​៖​ ១.ឈ្មោះ វិ​ន សុជា ហៅ​ហេង ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ ២.ឈ្មោះ វិ​ន ស្រី​លាភ ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដែល​ទាំងពីរ​នាក់​នេះ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​កំពង់​ថ្កូវ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​២៥​នាទី ជនរង​គ្រោះ​ ឈ្មោះ ហង់​ សុភា​ត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​សណ្ឋាគារ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​ទី​១០ ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប បាន​ទុក​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុង​ដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១E . ៤០៥២ លេខ​តួ ​និង​លេខ​ម៉ាស៊ីន ៨៣០១៧៣៨ នៅ​ក្រោម​ផ្ទះ ដោយ​កូនសោ​ម៉ូតូ​នៅ​ជាប់​នឹង​ម៉ូតូ​ស្រាប់​ ពេលនោះ ត្រូវ​បាន​ជនសង្ស័យ ឈ្មោះ វិ​ន សុជា និង ​ឈ្មោះ វិ​ន ស្រី​លាភ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​បាត់​ម៉ូតូ ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្រ​ង៉ែ ហើយ​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង នៅ​ថ្ងៃទី​០៥​កុម្ភៈ វេលា​ម៉ោង​១១​ព្រឹក សមត្ថកិច្ច បាន​ទទួល​ព័ត៌មាន​ថា ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ជិះ​ម៉ូតូ​ដែល​លួច​បាន​ ទៅ​អ៊ុតសក់​នៅ​ហាង​អ៊ុតសក់​មួយ​កន្លែង នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​ភ្នំ​ក្រោម ស្ថិតនៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប។ បន្ទាប់មក​ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ រួម​ទាំង​វត្ថុតាង​ម៉ូតូ​មួយ​គ្រឿង​ដែល​ធ្វើ​សកម្មភាព​លួច​បាន យក​មក​ធ្វើការ​សាកសួរ ហើយ​ក្រោយពី​ការសាកសួរ ជន​សង្ស័យ​ទាំងពីរ​នាក់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន។​

បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​ខេត្ត​សៀមរាប កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ តាម​នីតិវិធី រីឯ​វត្ថុតាង​ជា​ម៉ូតូ​មួយគ្រឿង កម្លាំង​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu