Ad Code

គណបក្សប្រឆាំង​ ៖​ យោធា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ បិទ​ស្ពាន​នៅ​ព្រំដែន​កូ​ឡុំ​ប៊ី​



គណបក្សប្រឆាំង​បាន​និយាយថា មន្ត្រី​យោធា​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​បិទ​ស្ពាន​មួយ​កាលពី​ថ្ងៃ​អង្គារ​នៅលើ​ព្រំប្រទល់​ជាប់​ប្រទេស​កូ​ឡុំ​ប៊ី​មុន​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​អន្តរជាតិ​មួយ​ដើម្បី​កាត់បន្ថយ​ការខ្វះខាត​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​ដ៏​ធំធេង។

រថយន្ត​ដឹក​ប្រេង​មួយគ្រឿង​និង​ទូរ​កុងតឺន័រ​ដ៏​ធំ​មួយ​បាន​រារាំង​មិន​ឲ្យ​ប្រើប្រាស់​ស្ពាន Tienditas ដែល​ត​ភ្ជាប់​ទីក្រុង Cucuta របស់​ប្រទេស​កូ​ឡុំ​ប៊ី​ទៅ​ទីក្រុង Urena របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​
​លោក Franklyn Duarte តំណាងរាស្ត្រ​គណបក្សប្រឆាំង​មកពី​រដ្ឋ​ព្រំដែន Tachira បាន​ប្រាប់ AFP ថា “​ទាហាន​មកពី​កងកម្លាំងប្រដាប់អាវុធ​កំពុង​រារាំង​ផ្លូវ​ឆ្លងកាត់​នេះ​”​។​

ការផ្តល់​ជំនួយ​នេះ​ត្រូវបាន​សម្របសម្រួល​ដោយ​ប្រមុខ​រដ្ឋសភា​លោក Juan Guaido ដែល​បានប្រកាស​ខ្លួនឯង​ថា​ជា​ប្រធាន​បណ្តោះអាសន្ន​នៃ​ប្រទេស​ដែល​សម្បូរ​ប្រេង​មួយ​នេះ​។ បណ្តា​ប្រទេស​ចំនួន​៤០​បានទទួល​ស្គាល់​គាត់​ថា​ជា​មេដឹកនាំ​ស្របច្បាប់​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​
​លោក Guaido ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី​នៅ​ថ្ងៃទី​២៣​ខែមករា​បាន​អះអាងថា មនុស្ស​ដល់​ទៅ​៣​សែន​នាក់​ត្រូវ​ប្រឈម​នឹង​សេចក្តីស្លាប់​ប្រសិនបើ​ជំនួយ​មិនត្រូវ​បានផ្តល់​ឲ្យ​។​

លោក​ប្រធានាធិបតី Nicolas Maduro បាន​បដិសេធ​ទទួលយក​ជំនួយ​អន្តរជាតិ​ដោយ​ចាត់ទុកថា វា​គឺជា​លេស​មួយ​ដើម្បី​ចាប់​ផ្តើមធ្វើ​អន្តរាគមន៍​យោធា​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។​

ស្របពេល​ជាមួយគ្នា​នោះដែរ លោក Maduro បាន​ចោទប្រកាន់​ម្តង​ហើយ​ម្តងទៀត​ដល់​សហរដ្ឋអាមេរិក​អំពី​ការជំរុញ​ឲ្យ​លោក Guaido ធ្វើ​រដ្ឋប្រហារ​។​

សហរដ្ឋអាមេរិក​មិនបាន​ច្រានចោល​គំនិត​ធ្វើ​អន្តរាគមន៍​យោធា​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ួ​អេ​ឡា​ដែល​ញាំញី​ដោយ​វិបត្តិ​ទេ​និង​ជា​ប្រទេស​ទីមួយ​ដែល​ទទួលស្គាល់​លោក Guaido ជា​ប្រធានាធិបតី​ស្តីទី​ហើយ​បន្ទាប់មក​មាន​ប្រទេស​អាមេរិក​ឡាទីន​ជាច្រើន​ទៀត​ធ្វើតាម​អាមេរិក​។​

ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់​និង​អេ​ស្ប៉ា​ញ​គឺ​ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន​២០​របស់​សហភាព​អឺរ៉ុប​ដែល​ឈរ​ខាង​លោក Guaido ក្នុង​សប្តាហ៍​នេះ​បន្ទាប់ពី​លោក Maduro មិន​យកចិត្តទុកដាក់​ចំពោះ​ការទាមទារ​របស់​ពួកគេ​ដែល​ឲ្យ​លោក​ប្រកាស​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅត្រឹម​ថ្ងៃទី​៣​ខែកុម្ភៈ​។​
លោក Guaido កំពុង​ព្យាយាម​បង្ខំ​ឲ្យ​លោក Maduro ចុះ​ចេញពី​អំណាច បង្កើត​រដ្ឋាភិបាល​អន្ត​រ​កាល​មួយ​និង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី​មួយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu