កំពង់ឆ្នាំង ៖ ស្រូវប្រាំងចំនួន១០៧ហិកតា នៅភូមិកោះតាម៉ូវ កំពុងខ្វះទឹក ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំមេលុំ ស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ និង លោក កេត សុឃា មេឃុំមេលំ បានចុះទៅពិនិត្យសកម្មភាព នៃម៉ាស៊ីនបូមទឹក ដោយក្នុងពេលនេះដែរ លោកមេឃុំមេលំ សុំអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ និងមន្ទីរពាក់ព័ន្ធ សូមជួយឧបត្ថម្ភ ប្រេងម៉ាស៊ូត សម្រាប់ចាក់ម៉ាស៊ីនបូមទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំងខាងលើនេះផងចុះ។
លោក កេត សុឃា មេឃុំមេលំ បានឲ្យដឹងថា ប្រជាពលរដ្ឋ ក្នុងឃុំមេលំ របស់លោកមានដីស្រែប្រាំង នៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ចំនួន១០៧ហិកតា បច្ចុប្បន្នកំពុងខ្វះខាតទឹកស្ទើរតែទាំងស្រុង ដើម្បីសង្គ្រោះស្រែប្រាំងរបស់ពួកគាត់ ដោយសព្វថ្ងៃ ប្រជាពលរដ្ឋកំពុងដាក់ម៉ាស៊ីន២គ្រឿង អូសក្បាលបូមទឹកចំនួន៣ ដើម្បីបូមទឹកឡើងពីព្រែក ទម្លាក់ចូលប្រឡាយមេ នាំយកទៅស្រោចស្រពលើផ្ទៃស្រែប្រាំង ដែលកំពុងជួបនឹងគ្រោះរាំងស្ងួតដីបែកក្រហែង។
លោកមេឃុំបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៥កុម្ភៈនេះ បន្ទាប់បានទទួលដំណឹងនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជួយឧបត្ថម្ភប្រេងម៉ាស៊ូត ចំនួន២០០លីត្រ សម្រាប់ចាក់ម៉ាស៊ីនបូមទឹក ជួយសង្គ្រោះស្រូវប្រាំង ចំណែក លោក ឃួន សៅរុំ អភិបាលស្រុក បរិបូណ៌ក៏បានជួយឧបត្ថម្ភថវិកា ចំនួន២០ម៉ឺនរៀល ផងដែរ។ ប៉ុន្តែប្រេងជំនួយ និងថវិកាខាងលើនេះ មិនអាចជួយសង្គ្រោះស្រូវបានទាំង១០៧ហិកតានោះឡើយ គឺយ៉ាងហោចណាស់ ក៏ត្រូវមានប្រេងម៉ាស៊ូតចំនួន៥០០លីត្រទៀត ទើបអាចជួយសង្គ្រោះស្រូវដែលកំពុងរងគ្រោះទាំងអស់នេះបាន។
ហេតុនេះ ក្នុងនាមលោកជាអាជ្ញាធរឃុំ សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ និងមន្ទីរពាក់ព័ន្ធ មួយចំនួនទៀត សូមមេត្តាជួយឧបត្ថម្ភ ប្រេង ឬថវិកា ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដោយក្តីអនុគ្រោះផងចុះ។
ដោយឡែក លោក កេត សុឃា មេឃុំមេលំ ក៏បានបញ្ជាក់ឲ្យដឹងថែមទៀតថា ឆ្នាំនេះប្លែកណាស់ ចំពោះពូជស្រូវ ដែលប្រជាពលរដ្ឋធ្លាប់ដាំដុះ មានពូជ ឈ្មោះ ណាំបូង សង្ស័យជាស្រូវ ឈ្មោល ក៏មិនដឹង ព្រោះមិនទាន់ឃើញស្រូវផើម ឬដាក់គ្រាប់ទេ ដែលជាធម្មតា រយៈពេលដូចគ្នានេះស្រូវ ត្រូវផើម ដាក់គ្រាប់ខ្លះៗហើយ ចំពោះស្រូវរបស់លោក ធ្វើដោយដៃខ្លួនឯង ក៏ដូចគ្នាអញ្ចឹងដែរ។
លោកថា រង់ចាំមើលបន្តិចទៀតសិន បើស្រូវទាំងអស់នេះប្រែក្លាយជាដើមស្មៅទៅវិញមែននោះ ប្រជាពលរដ្ឋក្នុងឃុំ ពិតខាតបង់ថវិកាជាច្រើនមិនខានឡើយ៕
Source: Kampuchea Thmey Daily
0 Comments