ឧត្តមសេនីយ៍កំពូលម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកត្រូវតែពិនិត្យមើលថាតើឧបករណ៍យោធា ដែលផលិតដោយអាមេរិកនៅប្រទេសយេមែនកំពុងត្រូវបានផ្ទេរទៅឲ្យអ្នកទទួលដែលមិនចង់បានដូចជាក្រុមអាល់កៃដានិងក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់មែនឬអត់។
លោកឧត្តមសេនីយ៍ Joseph Votel ដែលដឹកនាំបញ្ជាការដ្ឋានកណ្តាលរបស់អាមេរិកដែលគ្របដណ្ដប់តំបន់មជ្ឈឹមបូព៌ាបានសម្តែងក្តីព្រួយបារម្ភចំពោះព្រឹទ្ធសមាជិកអំពីការស៊ើបអង្កេតរបស់ CNN ដែលបានរកឃើញថា អាវុធនិងគ្រឿងបរិក្ខារដែលត្រូវបានផ្តល់ដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងអារ៉ាប់រួមគឺត្រូវបានប្រើប្រាស់នៅទូទាំងប្រទេសយេមែនដោយកងជីវពលមួយចំនួន។
លោក Votel បានប្រាប់គណកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភាថា “យើងត្រូវតែសម្លឹងមើលឲ្យដិតដល់អំពីការចោទប្រកាន់នៅក្នុងស្ថានភាពពិសេសនេះដើម្បីរកឲ្យឃើញនូវអ្វីដែលបានកើតឡើង។ យើងនឹងត្រូវពិនិត្យមើលរឿងនេះឲ្យបានប្រសើរជាងនេះ”។
អ្នកទទួលគ្រឿងបរិក្ខារការពាររបស់សហរដ្ឋអាមេរិកត្រូវតែយល់ព្រមកុំឲ្យនាំចេញជាបន្តទៀតឬផ្ទេរគ្រឿងទាំងនោះដោយគ្មានការអនុញ្ញាតពីសហរដ្ឋអាមេរិក។
យោងតាមទូរទស្សន៍ CNN បានឲ្យដឹងថា សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតគាំទ្រដោយទីក្រុងវ៉ាស៊ីនតោនដែលកំពុងប្រយុទ្ធប្រឆាំងក្រុមឧទ្ទាម Huthi នៅប្រទេសយេមែនបានផ្ទេរអាវុធផលិតដោយអាមេរិកនិងរថយន្តយោធាទៅឲ្យពួកយុទ្ធជនដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានិងកងជីវពលជ្រុលនិយម Salafi ព្រមទាំងក្រុមដទៃទៀត។
បណ្តាញនេះបានបង្ហាញរូបភាពថា រថយន្តយោធាដែលផលិតដោយអាមេរិកគឺលែងស្ថិតនៅក្នុងមន្ទីររបស់ក្រុមចម្រុះទៀតហើយនិងបាននិយាយថា អាវុធអាមេរិកអាចកុម្ម៉ង់ទិញបាននៅក្នុងទីផ្សារ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Johnny Michael បាននិយាយថា “យើងទទួលយកការចោទប្រកាន់ពីការប្រើប្រាស់មិនត្រឹមត្រូវនៃសម្ភារៈការពារដែលមានប្រភពដើមពីសហរដ្ឋអាមេរិកហើយបានចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗនៅពេលទទួលបានភស្តុតាងគួរឲ្យជឿទុកចិត្ត”៕ AFP
Source: Kampuchea Thmey Daily
0 Comments