ភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មាន ស្តីពីការចាប់ខ្លួនម្តាយក្មេក និងបងថ្លៃលោកមេធាវី អ៊ូ ប៊ុនរ៉ា ដើម្បី យកមកសាកសួរករណីបង្ខាំងបុរសចំណាស់ម្នាក់ ដែលត្រូវជាឪពុកបង្កើត លោកស្រីកែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដោយខុសច្បាប់នោះមក មានប្រភពជាច្រើនបានទម្លាយរឿងជាច្រើនពាក់ព័ន្ធនឹងបញ្ហានេះ។
ជនសង្ស័យ៣នាក់នេះ ឈ្មោះ សំ សុខុន ភេទស្រី អាយុ៥៨ឆ្នាំ(ម្តាយ) ឈ្មោះ រ៉ាន ដាលុច ភេទប្រុស អាយុ៣៦ឆ្នាំ(កូន) និង.ឈ្មោះ ពុធ ធនូ ភេទប្រុស អាយុ២៧ឆ្នាំ(ក្មួយ) បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់សីលា ចាប់ខ្លួននៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមប្រភពមួយបានឲ្យដឹងថា លោកមេធាវី អ៊ូ ប៊ុនរ៉ា ជាអតីតអ្នកបើករថយន្តឲ្យ លោក តាន់ សេណារ៉ុង កាលនៅជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បច្ចុប្បន្នជាព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ហើយក្នុងតួនាទីថ្មីនេះដែរ គេដឹងថា លោក តាន់ សេណារ៉ុង ជាមនុស្សស្និទ្ធស្នាលជាមួយ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។
លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសរសេរក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី៥កុម្ភៈថា (នៅក្នុងបេះដូងដ៏សែនខ្ទេចខ្ទាំរបស់ខ្ញុំ ខ្ញុំចង់ប្រាប់ដល់បងប្អូនជនរួមជាតិ និងមនុស្សទាំងអស់ដែលរស់នៅក្នុងលោកនេះឲ្យបានដឹងថា ក្នុងនាមជាកូនស្រីម្នាក់ ខ្ញុំពិតជាខ្លោចចិត្តខ្លាំងណាស់ ដែលមានអ្នកមកធ្វើបាបឪពុករបស់ខ្ញុំ ដោយគ្រាន់តែគាត់ជិះម៉ូតូតាមផ្លូវសាធារណៈរបស់ឃុំ ហើយពួកគាត់ចេញមកស្ទាក់បង្ខាំងទុក បំភិតបំភ័យគាត់ដោយកាំបិតផ្គាក់ ដោយសម្អាងថាគាត់ជាម្ចាស់ដីផ្លូវសាធារណៈមានសិទ្ធិពេញច្បាប់ក្នុងការចាប់អ្នកណាដែលជិះកាត់ផ្លូវនេះ កន្លងមក ពួកគាត់មកឈូសឆាយលើដីខ្ញុំដែលមានប្លង់រឹង ដោយសម្អាងថាទោះប្លង់រឹងក៏ដោយ តែនៅជាប់កន្ទុយដីរបស់គាត់ ត្រូវតែជារបស់គាត់ និងរកកាប់ឪពុករបស់ខ្ញុំទៀត មិនតែប៉ុណ្ណោះកំណត់តម្លៃជីវិតរបស់ឪពុកខ្ញុំត្រឹមតែ១៥ម៉ឺនដុល្លារទេ នឹងបាត់ពីផែនដីនេះហើយ ខ្ញុំសុខចិត្តនៅស្ងៀមមិនបានប្តឹងទេ តែលើកនេះចាប់បង្ខាំងឪពុករបស់ខ្ញុំ សម្លុតគាត់ឡើងតក់ស្លុតរន្ធត់មកដល់ពេលនេះម៉ោងនេះគាត់មិនទាន់ស្រួលវិញនៅឡើយផង។ បើបងប្អូនទាំងអស់គ្នាមានគេមកធ្វើដាក់ឪពុករបស់បងប្អូនដូចនេះ តើបងប្អូននឹងប្តឹងដូចខ្ញុំដែរឬទេ?)។
ទាក់ទិននឹងបញ្ហានេះដែរ តាមប្រភពពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចបានឲ្យដឹងថា ទំនាស់រវាងគូភាគីទាំង២ បានត្រូវអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ធ្វើការសម្របសម្រួលជាច្រើនលើកហើយដើម្បីចៀសវាងកុំឲ្យទំនាស់នេះរីកកាន់តែធំ។ ប៉ុន្តែទំនងជាភាគី លោកមេធាវី អ៊ូ ប៊ុនរ៉ា អាងខ្នង ឬមានទម្លាប់ជាក្រុមគ្រួសារមេទាហានថ្នាក់ផ្កាយ ទើបបណ្តាលឲ្យទំនាស់នេះរីកធំឈានដល់ការចាប់ខ្លួនតែម្តង។
ចំណែក លោក ប៉ែន កុសល ជំទប់ទី១ឃុំស្ទឹងឆាយបានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ថា កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ប៊ុន យុទ្ធា អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានទូរស័ព្ទមកថា មាន មនុស្សស្រីម្នាក់ និងមនុស្សប្រុស២នាក់ បានគំរាមឲ្យលោកចុះពីម៉ូតូ រួចចាប់លោក បង្ខាំងមិនឲ្យទៅណា និងដកយកកូនសោម៉ូតូទុកនៅចំណុចតាមដងផ្លូវលំ ស្ថិតក្នុងភូមិឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។
ក្រោយពីបានទទួលព័ត៌មាននេះរួចមក លោកបានឲ្យមេប៉ុស្តិ៍នគរបាលឃុំស្ទឹងឆាយ ចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីជួយរំដោះជនរងគ្រោះចេញពីកណ្ដាប់ដៃជនសង្ស័យ៕
Source: Kampuchea Thmey Daily
0 Comments