នៅថ្ងៃចន្ទ ប្រទេសអូស្ត្រាលីបាននិយាយថា “បុគ្គលដែលបណ្តុះបណ្តាលដោយរដ្ឋ” បានធ្វើការ Hack គណបក្សនយោបាយធំៗនិងសភារបស់ប្រទេសនេះ, ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលមានការបោះឆ្នោតដ៏តានតឹងមួយ។
លោកនាយករដ្ឋមន្ដ្រី Scott Morrison បានប្រាប់សមាជិកសភាថា ភ្នាក់ងារសន្តិសុខដែលកំពុងសម្លឹងមើលការ hack ក៏បានដឹងផងដែរថា បណ្តាញនៃគណបក្សនយោបាយមួយចំនួនដូចជាគណបក្សសេរីនិយម គណបក្សការងារនិងគណបក្សជាតិក៏រងផលប៉ះពាល់ផងដែរ។
លោកបាននិយាយដោយមិនលើកឡើងអំពីប្រទេសជាក់លាក់ណាមួយថា “អ្នកជំនាញផ្នែកអ៊ីនធឺណិតរបស់យើងជឿជាក់ថា បុគ្គលដែលបណ្តុះបណ្តាលដោយរដ្ឋគឺជាអ្នកទទួលខុសត្រូវចំពោះសកម្មភាពដ៏គ្រោះថ្នាក់នេះ”។
លោកបាននិយាយទៀតថា “ទីភ្នាក់ងារសន្តិសុខរបស់យើងបានរកឃើញសកម្មភាពនេះហើយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីប្រឈមមុខនឹងបញ្ហានេះ។ ពួកគេកំពុងធានាសន្តិសុខចំពោះប្រព័ន្ធទាំងនេះនិងការពារអ្នកប្រើប្រាស់”។
កាលពីដើមខែនេះ អាជ្ញាធរបានរាយការណ៍អំពីឧបទ្ទវហេតុសន្តិសុខមួយនៅលើបណ្តាញកំព្យូទ័រសភាដែលជាហេតុបង្ខំឲ្យអ្នកប្រើប្រាស់រួមទាំងនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីផងដែរត្រូវផ្លាស់ប្តូរ Password និងចាត់វិធានការសន្តិសុខផ្សេងទៀត។
ទីភ្នាក់ងារ Australian Signals Directorate បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការជាមួយសភាដើម្បីឆ្លើយតបនឹងការវាយប្រហារនេះហើយផ្តល់សញ្ញាថា បុគ្គលសម័យទំនើបត្រូវបានគេសង្ស័យថាជាអ្នកចាប់ផ្តើម។
ការរំពឹងទុកបានផ្តោតទៅលើប្រទេសចិនថ្វីបើគ្មានការចង្អុលជាផ្លូវការដាក់ទីក្រុងប៉េកាំងក៏ដោយ។
ប្រជាជនអូស្ត្រាលីត្រូវបានគេរំពឹងថានឹងទៅបោះឆ្នោតនៅពាក់កណ្តាលខែឧសភាដោយបង្កើននូវការរំពឹងទុកដែលថា ពួក Hacker អាចព្យាយាមដើម្បីជះឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោត៕ AFP
Source: Kampuchea Thmey Daily
0 Comments