នៅឆ្នាំ២០១៩ នេះមានកីឡាករសមាជិកក្រុមជម្រើសជាតិកម្ពុជា ចំនួន២នាក់កំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី (Malaysia Super League) ដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ជាសមាជិកក្លិបបាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និងកីឡាករ ធារី ចន្ថាប៊ីន (Terengganu FA)។
ចំពោះប្រកួតសប្ដាហ៍ទី៣នេះ ក្លិប Teregganu FA របស់ ធារី ចន្ថាប៊ីន បានប្រកួតស្មើគ្នាជាមួយក្រុមជើងឯកឆ្នាំចាស់ Johor Darul Ta'zimដោយលទ្ធផល ២ទល់២ នៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ថ្មីៗនេះ លើទីលានកីឡដ្ឋាន Stadium Sultan Ismail Nasiruddin Shah ក្នុងទីក្រុង Kuala Terengganu។
ចំណែកក្រុម PKNS របស់ ចាន់ វឌ្ឍនាកា បានយកឈ្នះលើក្រុមSelangor ៤ទល់០ នៅល្ងាចថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ថ្មីៗនេះលើទីលានកីឡដ្ឋានStadium Shah Alam ក្នុងទីក្រុង Shah Alam។ ចំពោះគ្រាប់បាល់ទាំង៤គ្រាប់នេះកីឡាករ ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់១គ្រាប់រួមទាំងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបំប៉ោងសំណាញ់ទីគូប្រកួតបាន២គ្រាប់ម្នាក់ឯង។
សូមរំលឹកថា រដូវកាលឆ្នាំ២០១៩ នៅលីគកំពូលប្រទេសម៉ាឡេស៊ីមានសមាជិកចំនួន១២ក្រុម ដែលត្រូវប្រកួតពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។ ក្រុមទាំង១២ត្រូវប្រកួតសន្សំពិន្ទុចំនួន២ជើង ហើយក្រុមជើងឯកទទួលកៅអីទៅលេងវគ្គចែកពូលពានរង្វាន់កម្រិតទ្វីបអាស៊ី (AFC Champions League group stage) និងក្រុមជើងឯករងទទួលបានរងទទួលបានកៅអីចូលលេងវគ្គជម្រុះពានរង្វាន់ AFC Champions League ជុំទី២។ ចំណែកក្រុមបាតតារាងចំនួន២ក្រុម វិញត្រូវធ្លាក់ទៅលេងនៅពានរង្វាន់លីគលំដាប់ទី២Malaysia Premier League។
សម្រាប់ប្រកួតសប្ដាហ៍ទី៤ ដែលជាប្រកួតបន្ទាប់ក្រុម Terengganu FA ត្រូវប៉ះក្រុមម្ចាស់ផ្ទះKuala Lumpur Faនៅវេលាម៉ោង៨យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានKLFA Stadium ក្នុងទីក្រុង Kuala Lumpur ខណៈក្រុម PKNS ត្រូវបើកទ្វាកីឡដ្ឋាន Stadium Shah Alam ក្នុងទីក្រុង Shah Alamរបស់ខ្លួនទទួលក្រុម PKNP នៅវេលាម៉ោង៨យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ចំពោះប្រទេសកម្ពុជា ធ្លាប់មានកីឡាករ៤នាក់ចេញទៅប្រកបអាជីពនៅលីគកំពូលប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៨ កន្លងទៅដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ចូលរួមក្លិប Pahang FA ហើយកីឡាករ កែវ សុខផេង ចូលរួមក្លិប PKNP កីឡាករ ប្រាក់ មុន្នីឧត្តម ចូលក្លិបNegeri Sembilan និងកីឡាករ ធារី ចន្ថាប៊ីន ចូលរួមក្លិបTerengganu FA។ ក្នុងចំណោមកីឡាករទាំង៤មាន៣នាក់ត្រូវក្លិបសម្រេចបញ្ចប់កិច្ចសន្យាត្រឹមពាក់កណ្ដាលរដូវកាលហើយមានតែ ធារី ចន្ថាប៊ីន ប៉ុណ្ណោះក្លិបរក្សាកិច្ចសន្យារហូតដល់ចប់រដូវកាលព្រមទាំងបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០១៩នេះទៀត៕
Source: Kampuchea Thmey Daily
0 Comments