ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងកំពុងប្រឈមមុខនឹងចំណុចរបត់ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ។ សេចក្តីរាយការណ៍នេះបានកើតឡើងមុនកិច្ចប្រជុំកំពូលលើកទី២ដែលគេរំពឹងទុកខ្ពស់រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។
កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនឹងត្រូវធ្វើឡើងក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមនៅថ្ងៃទី២៧-២៨ខែកុម្ភៈហើយវាជាជំនួបលើកទីពីររវាងមេដឹកនាំទាំងពីរបន្ទាប់ពីកិច្ចប្រជុំកំពូលក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា។
ការយកចិត្តទុកដាក់ត្រូវបានគេផ្តោតទៅលើថាតើក្រុមរបស់អាមេរិកនឹងផ្តល់នូវការលើកលែងចំពោះទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនលើប្រទេសកូរ៉េខាងជើងដើម្បីជាថ្នូរឲ្យទីក្រុងព្យុងយ៉ាងចាត់វិធានការជាក់ស្តែងឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរដែរឬក៏អត់។
កាសែត Rodong Sinmun បាននិយាយនៅក្នុងអត្ថបទវិចារណកថាមួយថា “វាដល់ពេលហើយដែលយើងត្រូវរឹតបន្តឹងខ្សែស្បែកជើងរបស់យើងហើយរត់ឲ្យលឿនដើម្បីស្វែងរកគោលដៅខ្ពស់ជាងនេះនៅពេលដែលយើងប្រឈមមុខនឹងពេលវេលាដ៏ម៉ឹងម៉ាត់”។ កាសែតដដែលបានបន្ថែមថា “ប្រទេសរបស់យើងកំពុងប្រឈមនឹងចំណុចរបត់ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ”។
កាលពីដើមខែនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ត្រាំ បានបង្ហោះ Twitter ថា ប្រទេសកូរ៉េខាងជើងនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏អស្ចារ្យក្រោមការដឹកនាំរបស់លោកគីម។
ការអត្ថាធិប្បាយរបស់កាសែត Rodong Sinmun បានអំពាវនាវដល់ប្រជាជនកូរ៉េខាងជើងឲ្យខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេស។
ការធ្វើអត្ថាធិប្បាយនេះបានបន្ថែមថា “កូរ៉េខាងជើងកំពុងងើបឡើងជាប្រទេសសង្គមនិយមដ៏រឹងមាំមួយហើយទង្វើស្នេហាជាតិពិតប្រាកដរបស់មនុស្សម្នាក់គឺបានចាប់ផ្តើមពីកន្លែងធ្វើការរបស់ខ្លួន។ ផលិតផលនិមួយៗគួរតែត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យប្រទេសរបស់យើងមានពន្លឺ”៕ AFP
Source: Kampuchea Thmey Daily
0 Comments