ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយទ្រុងមួយគ្រឿង ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមស្ទាក់ចាប់បាន រីឯអ្នកបើកបរលោតចុះពីលើរដយន្ដ រត់គេចបាតជើងសព្រាត បន្ទាប់ពីបើកបរបង្កគ្រោះថ្នាក់កៀររួចកិនម៉ូតូ ZOOMER មួយគ្រឿង ក្នុងដំណើរស្របទិស បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ វង្វេងបាត់ស្មារតី កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយទ្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2794 អ្នកបើកបរចុះរត់គេចខ្លួនបាត់។ មុនពេលកើតហេតុ រថយន្តបង្កបើកតាមបណ្តោយផ្លូវវេងស្រេង ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានកៀរហើយកិនម៉ូតូ ម៉ាក ZOOMER ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC-9717 បើកបរដោយបុរសម្នាក់ ដំណើរស្របទិសគ្នា បណ្តាលឲ្យរងរបួសបែកមុខមាត់ ឈាមហូរកក្លាក់ពេញមុខ វង្វេងបាត់ស្មារតី ម៉ូតូរងខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុភ្លាម អ្នកបើកបររថយន្តបង្ក ដឹងខ្លួនថា រថយន្តមានបញ្ហាបុកកិនគេហើយ នោះបានព្យាយាមបន្ថែមល្បឿនបើករត់គេច ទៅដល់មុខក្រុមហ៊ុនហុងដា ស្រឡះស្ងាត់ ម្យ៉ាងពលរដ្ឋដេញតាមពីក្រោយផងនោះ ភ័យឈប់រថយន្តលោតចុះ រត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅលើផ្លូវ ត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យ ពិតជារថយន្តបង្ក ទើបប្រគល់ឲ្យទៅនគរបាលជំនាញយកទាំងម៉ូតូ និងរថយន្តទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌជាបណ្តោះអាសន្ន រីឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅមន្ទីរពេទ្យដោយខ្លួនឯង៕
Source: Kampuchea Thmey Daily
0 Comments