កាលពីថ្ងៃចន្ទ ក្រុមជីហាដនិយមរដ្ឋឥស្លាមកំពុងការពារចំណុចចុងក្រោយនៃរដ្ឋ Caliphate របស់ពួកគេនៅក្នុងប្រទេសស៊ីរីខណៈដែលបណ្តារដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុបបានជួបគ្នាដើម្បីពិភាក្សាអំពីវិបត្តិនេះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានអំពាវនាវឲ្យប្រជាជាតិអឺរ៉ុបត្រូវទទួលយកយុទ្ធជនបរទេសរបស់ខ្លួនត្រលប់ទៅវិញ។
ពួកជីហាដនិយម IS បានជាប់នៅក្នុងទីតាំងចុងក្រោយនៃទឹកដីរបស់ពួកគេដែលមានទំហំតិចជាងកន្លះគីឡូម៉ែត្រការ៉េនៅភាគខាងកើតប្រទេសស៊ីរីជិតព្រំដែនអ៊ីរ៉ាក់។
ពួកគេបានរារាំងជនស៊ីវិលពីការរត់ភៀសខ្លួនដោយបិទផ្លូវចេញពីភូមិ Baghouz។ នេះបើតាមការលើកឡើងកាលពីថ្ងៃអាទិត្យដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
នៅចុងភូមិនេះ អ្នកប្រយុទ្ធ SDF ម្នាក់បានប្រាប់ AFP ថា ហ្វ្រេកង់ស៍ដែលត្រូវបានប្រើប្រាស់ដោយពួកជីហាដនិយមនេះដើម្បីទាក់ទងគ្នាគឺបានកាត់ផ្តាច់ហើយ។
លោកបានបន្ថែមថា “ឥឡូវនេះ តំបន់គ្រប់គ្រងរបស់ពួកគេពិតជាត្រូវបានរឹតត្បិតហើយពួកគេមិនមានវិទ្យុទាក់ទងច្រើនទេ។ ពួកគេមិននិយាយជាមួយគ្នាច្រើនទៀតទេ”។
អ្នកនាំពាក្យរបស់ SDF លោក Mustefa Bali បាននិយាយថាក្រុម IS បានរាំងស្ទះផ្លូវចេញពីទីតាំងរបស់ខ្លួនដែលបង្កជាការរារាំងដល់ជនស៊ីវិលរហូតដល់ទៅ២,០០០នាក់។
ទន្ទឹមនោះ លោក Sean Ryan អ្នកនាំពាក្យក្រុមចម្រុះដឹកនាំដោយអាមេរិកបាននិយាយថា ជនស៊ីវិលដែលអាចគេចខ្លួនបាន បានរាយការណ៍ថា ពួកសកម្មប្រយុទ្ធ IS កំពុងប្រើប្រាស់ស្ត្រីនិងកុមារ “ជាខែលមនុស្ស”។
មនុស្សរាប់ពាន់នាក់បានគេចចេញពីអ្វីដែលគេហៅថា “តំបន់ Baghouz” ក្នុងសប្តាហ៍ថ្មីៗនេះ។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងប្រ៊ូសសែលដើម្បីពិភាក្សាអំពីបញ្ហាប្រទេសស៊ីរីដែលហែកហួរដោយសង្គ្រាមបន្ទាប់ពីបានអំពាវនាវឲ្យមាន “ដំណោះស្រាយអឺរ៉ុប” ចំពោះជនបរទេសរាប់រយនាក់ដែលរួមមានទាំងមកពីប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ អៀរឡង់ កាណាដានិងអ៊ីតាលីផងដែរដែលត្រូវបានចាប់ខ្លួនដោយ SDF សម្រាប់ការចោទប្រកាន់ថាបានប្រយុទ្ធឲ្យក្រុម IS ។
ក្រុមដែលដឹកនាំដោយពួកឃើដបានអំពាវនាវម្តងហើយម្តងទៀតឲ្យរដ្ឋាភិបាលអឺរ៉ុបទទួលយកប្រជាពលរដ្ឋរបស់ខ្លួនត្រលប់ទៅវិញប៉ុន្តែរហូតមកទល់ពេលនេះពួកគេមានការស្ទាក់ស្ទើរ៕ AFP
Source: Kampuchea Thmey Daily
0 Comments