ទាហានឥណ្ឌាយ៉ាងតិច៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅក្នុងការបាញ់ប្រហារដ៏សាហាវជាមួយពួកឧទ្ទាមនៅក្នុងតំបន់ កាស្មៀរ ដែលហេតុការណ៍នេះបានកើតឡើងត្រឹមតែបួនថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់ទាហានប៉ារ៉ាចំនួន៤១នាក់នៅក្នុងទឹកដីដែលមានបញ្ហាមួយនេះ។
ទាហានម្នាក់និងជនស៊ីវិលម្នាក់ក៏ត្រូវរបួសធ្ងន់ផងដែរនៅក្នុងការបាញ់ប្រហារនេះនៅពេលដែលកងទ័ពបើកប្រតិបត្តិការឆែកឆេរមួយនៅក្នុងស្រុក Pulwama ដែលជាកន្លែងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់ AFP ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា “ទាហានចំនួនបួននាក់ត្រូវបានសម្លាប់ក្នុងអំឡុងការបាញ់ប្រហារគ្នានិងម្នាក់ទៀតរងរបួស”។
មន្ត្រីរូបនេះបាននិយាយថា ទាហានបានបាញ់ព្រមានហើយពួកសកម្មប្រយុទ្ធបានបាញ់តបតមកវិញដែលជាហេតុបង្កឲ្យមានការបាញ់ប្រហារនៅក្នុងតំបន់នេះដែលមានចម្ងាយ៤០គីឡូម៉ែត្រភាគខាងត្បូងពីទីក្រុង Srinagar ដែលគ្រប់គ្រងដោយឥណ្ឌា។
មន្ត្រីរូបនេះបានបន្ថែមថា ពួកឧទ្ទាមត្រូវបានគេជឿថាបានរត់គេចខ្លួនបើទោះបីជាប្រតិបត្តិការឆែកឆេរកំពុងត្រូវបានពង្រឹងក៏ដោយ។
កងកម្លាំងរដ្ឋាភិបាលបានបើកការប្រមាញ់ដ៏ធំមួយសម្រាប់ពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ដែលមានជម្លោះបន្ទាប់ពីការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃព្រហស្បតិ៍ដែលប្រទេសឥណ្ឌាបានស្តីបន្ទោសទៅលើអ្នកជិតខាងប៉ាគីស្ថាន។
រថយន្តផ្ទុកគ្រឿងផ្ទុះមួយគ្រឿងបានបុកក្បួនរថយន្តមួយដែលដឹកកងកម្លាំងសន្តិសុខប្រមាណ ២,៥០០នាក់នៅក្នុងការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតនៅតំបន់កាស្មៀរក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។
ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថានឈ្មោះ Jaish-e-Mohammed (JeM) បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះដោយនិយាយថា វាត្រូវបានអនុវត្តដោយសកម្មប្រយុទ្ធក្នុងស្រុកម្នាក់។
តំបន់កាស្មៀរត្រូវបានបែងចែករវាងឥណ្ឌានិងប៉ាគីស្ថានចាប់តាំងពីការទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៧។ ប្រទេសទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្គ្រាមពីរដងមកហើយលើទឹកដីនេះហើយពួកគេបានទាមទារតំបន់កាស្មៀរទាំងមូល៕ AFP
Source: Kampuchea Thmey Daily
0 Comments