Ad Code

ស្ថាប័ន គ​.​ជ​.​ប បើក​កម្មវិធី​បណ្តុះបណ្តាល ស្តីពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩



ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បាន​បើក​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ និង​ការ​ចុះឈ្មោះ​បោះឆ្នោត និង​ការចុះបញ្ជី​គណបក្ស​នយោបាយ ឈរឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រម​ប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​។



កម្មវិធី​បណ្តុះបណ្តាល​នោះ រៀបចំ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ម៉ុក ដា​រ៉ា អគ្គលេខាធិការ​រង គ​.​ជ​.​ប ហើយ​កម្មវិធី​នេះ​មាន​រយៈពេល​២​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​សាលសន្និសីទ គ​.​ជ​.​ប ដោយមាន​សិក្ខាកាម​ចូលរួម​ប្រមាណ​១២០​នាក់ ដែល ជា​មន្ត្រី​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត មន្ត្រី​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ ការបោះឆ្នោត តំណាង​គណបក្សនយោបាយ​ចំនួន​១២ និង​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​១៤ តំណាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​ព័ត៌មាន​។



ថ្លែង​ទៅកាន់​វគ្គ​បណ្តុះបណ្តាល លោក ម៉ុក ដា​រ៉ា បាន​លើកឡើង​ថា គ្រូ​បង្គោល គ​.​ជ​.​ប ត្រូវធ្វើ​ការបណ្តុះបណ្តាល​លើ​ប្រធានបទ​ចំនួន​៦ រយៈពេល​២​ថ្ងៃ​(​ថ្ងៃទី​១៨-​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩) រួមមាន ទី​១. សេចក្តី​ណែនាំ​ស្តីពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ទី​២. ផែនការ​ណែនាំ​ស្តីពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ការិយាល័យ​ចុះឈ្មោះ​បោះ ឆ្នោត និង​ការទទួលខុសត្រូវ​រប​ស់​ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុងការ​ចុះឈ្មោះ បោះឆ្នោត ទី​៣. នីតិវិធី​នៃ​ការចុះឈ្មោះ​បោះឆ្នោត ការរៀបចំ និង​ការ​បញ្ជូន​បញ្ជី​ឈ្មោះ​មក គ​.​ជ​.​ប ការរៀបចំ​ការបញ្ជូន និង​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ទី​៤. ការ​ដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង ទី​៥. ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ និង​ការដោះស្រាយ​ពាក្យបណ្តឹង និង​៦. ការណែនាំ​អំពី​ការផ្សព្វផ្សាយ​បន្ត​នៅ​រាជធានី ខេត្ត​ស្តីពី​ការចុះឈ្មោះ​បោះឆ្នោត​។



សូម​ជម្រាប​ជូន​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu