លេចមុខអតីតគ្រូបង្គោលព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត ឈរដឹកនាំក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត នៅរសៀលថ្ងៃពុធ ថ្មីៗនេះ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំរវាង អាស៊ីអឺរ៉ុបយូណាយធីត ជាមួយនឹងក្លិបចាស់គឺព្រះខ័នរាជស្វាយរៀង លើទីលានកីឡដ្ឋាន AEU Sport Park។
ប្រភពមកពីក្បាលម៉ាស៊ីនរបស់ក្លិបអាស៊ីអឺរ៉ុប បានបញ្ជាក់ថា ដំណើរទៅដល់របស់លោក សំ វ៉ាន់ដេត គឺក្នុងនាមជាគ្រូបច្ចេកទេស ហើយជាអ្នកស្ម័គ្រចិត្តប៉ុណ្ណោះ មិនប៉ះពាល់ដល់តំណែងគ្រូបង្វឹកបច្ចុប្បន្នរបស់លោក សុក វាសនា នោះទេ។ ប្រភពបានបន្តថា «តាមពិតលោក សំ វ៉ាន់ដេត គាត់កំពុងតែចូលសិក្សាវគ្គគ្រូបង្វឹកកម្រិត AFC A License ដែលតម្រូវឲ្យសិក្ខាកាមនីមួយៗមានក្លិបឈរជើងត្រឹមត្រូវ ទើបអាចបញ្ចប់វគ្គនេះដោយជោគជ័យ។ ដូច្នេះលោក សំ វ៉ាន់ដេត ក៏ស្ម័គ្រចិត្តជួយក្លិបយើងតែម្តង»។ ការងាររបស់លោក សំ វ៉ាន់ដេត សហការជាមួយក្លិបអាស៊ីអឺរ៉ុប គឺមានរយៈពេល១ឆ្នាំ។
លោក សំ វ៉ាន់ដេត ដែលកំពុងតែកាន់អាជ្ញាប័ណ្ឌ AFC B License បានចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀង នៅដើមឆ្នាំ២០១៨ ដោយហេតុផលថា លោកត្រូវបំពេញការសិក្សាក្នុងវគ្គគ្រូបង្វឹកបាល់ទាត់កម្រិត AFC A License អោយរួចរាល់សិន។ ក្រោយការចាកចេញរបស់លោក សំ វ៉ាន់ដេត ក្លិបព្រះខ័នរាជស្វាយរៀង បានយកលោក Conor Nestor សញ្ជាតិអៀរឡង់ មកកាន់ការងារជំនួស។
លោក សំ វ៉ាន់ដេត បានចូលខ្លួនធ្វើជាគ្រូធំប្រចាំក្លិបព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៧ ហើយក្នុងពេលនោះលោកធ្លាប់បានលើកពានរង្វាន់មួយចំនួនជាមួយក្រុមដូចជាឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១៣ ហើយឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១២,២០១៥ និង២០១៧ ខណៈលោកក៏ធ្លាប់ដឹកនាំក្រុមឈ្នះជើងឯករងពានរង្វាន់ BTV Cup នៅវៀតណាម ក្នុងឆ្នាំ២០១២និង២០១៤ ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments