Ad Code

ល្បី​ថា ​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី ផ្លាស់​ប្តូរ​កីឡាករ​បរទេស​២​នាក់​ មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​



មាន​ដំណឹង​លេចឮ​ថា​ ក្លិប​បាល់ទាត់​បឹង​កេត សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដែលជា​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​បាន​ផ្លាស់ប្តូរ​កីឡាករ​បរទេស​តែ​២​នាក់​ប៉ុណ្ណោះ មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់ ខណៈ​ក្លិប​ទំនង​នឹង​ប្រកាស​បង្ហាញ​មុខជា​សាធារណៈ​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។

អំឡុង​ពេល​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​កន្លងមក​គេ​ឃើញ​មាន​កីឡាករ​បរទេស​២​នាក់​ដែល​ប្លែក​មុខ​គឺ​កីឡាករ Luiz Eduardo Purcino មាន​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​៣០​ឆ្នាំ និង​កីឡាករ​អេ​ស្ប៉ា​ញ ឈ្មោះ Ángel Carrascosa វ័យ​២៨​ឆ្នាំ ហើយ​អ្នក​ទាំង​២​ជា​ខ្សែប្រយុទ្ធ​ផ្ទាល់​តែម្តង​។ ដំណើរ​មកដល់​របស់​កីឡាករ​បរទេស​ទាំង​២​នេះ​គឺ​ដើម្បី​ជំនួស​តំណែង​កីឡាករ​ចាស់​២​នាក់​ដែល​ចាកចេញ​គឺ​កីឡាករ​ប្រេ​ស៊ី​ល Maycon Calijuri ដែល​ទៅ​ចូលរួម​ជាមួយ​ក្លិប Shane United នៅ​លី​គ​កំពូល​មី​យ៉ាន់​ម៉ា និង​កីឡា​ករនី​ហ្សេ​រី​យ៉ា Esoh Paul Omogba ទៅ​ចូលរួម​ក្លិប​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល​។



យោង​តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់​ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុង​នោះ​ត្រូវ​តែ​មាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ ចំណែក​ក្រុម​បឹងកេត មាន​កីឡាករ​បរទេស​ចាស់​ក្នុង​បញ្ជី​រួចរាល់​ហើយ​គឺ​កីឡាករ​នី​ហ្សេ​រី​យ៉ា Samuel Ajayi​ ​ជា​ខ្សែបម្រើ ខ្សែប្រយុទ្ធ Julius Oiboh ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ខ្សែបម្រើ​ជនជាតិ​ជប៉ុន Hikaru Mizuno​។



ក្លិប​បឹងកេត នឹង​រៀបចំ​កម្មវិធី​ស​ន្និសីទ​សារព័ត៌មាន​ផ្លូវការ​មួយ​នៅ​ផ្សា​ទំនើប​អ៊ី​អន​សែន​សុខ ក្នុង​ថ្ងៃ​សុក្រ ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​ដោយ​ក្នុង​នោះ​នឹង​បង្ហាញ​ពី​សមិទ្ធផល​នៅ​ឆ្នាំ​ចាស់​, គោលដៅ​ឆ្នាំ​ថ្មី​, បង្ហាញ​ពី​ឯកសណ្ឋាន និង sponsor ថ្មី​, កីឡាករ​ថ្មី​។ ក្រៅពីនោះ​ក៏មាន​រង្វាន់​សម្រាប់​អ្នកគាំទ្រ​យើង​មួយចំនួន​ដែលមាន​សកម្មភាព​ខ្លាំង ហើយ​នឹងមាន​រង្វាន់​ស​ម្រា​ប់​កីឡាករ​មួយចំនួនទៀត​ដែរ​។

សូម​រំលឹក​ថា ​ក្រុម​បឹងកេត កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ Metfone Cambodian League មាន​៤៩​ពិន្ទុ ក្រោយ​ឈ្នះ​បាន​១៥ លើក ហើយ​ស្មើគ្នា​បាន​៤ លើក​និង ចាញ់​៣​ប្រកួត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​បឹងកេត បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្រោយ​ចាញ់​ក្រុម​ណាហ្គា​វើ​ល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu