ជនជាតិដើមភាគតិចអ៊ុយហ្គ័រ បានចាប់ផ្ដើមយុទ្ធនាការជាសកលមួយដើម្បីជំរុញឲ្យប្រទេសចិនបង្ហាញភស្តុតាងជាវីដេអូថា សាច់ញាតិដែលបាត់ខ្លួនរបស់ពួកគេគឺនៅរស់រានមានជីវិត បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានប្រើប្រាស់វីដេអូមួយដើម្បីជំទាស់ទៅនឹងការអះអាងដែលថា ជនជាតិអ៊ុយហ្គ័រដ៏ល្បីឈ្មោះម្នាក់បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង។
យុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបើកដំណើរការកាលពីថ្ងៃអង្គារនៅក្រោម Hashtag #MeTooUyghur បន្ទាប់ពីប្រទេសចិនបានបញ្ចេញវីដេអូមួយបង្ហាញបុរសម្នាក់ដែលបានកំណត់អត្តសញ្ញាណខ្លួនឯងថាជាអ្នកនិពន្ធកំណាព្យនិងជាតន្ត្រីករជនជាតិអ៊ុយហ្គ័រឈ្មោះ Abdurehim Heyit ហើយនិយាយថា គាត់នៅរស់រានមានជីវិតនិងមានសុខភាពល្អ។
វីដេអូនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈបន្ទាប់ពីប្រទេសទួរគីអះអាងថា លោក Heyit បានស្លាប់ក្នុងពន្ធនាគារចិននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលក្នុងនោះរដ្ឋាភិបាលទីក្រុងអង់ការ៉ាបានថ្កោលទោសប្រទេសចិនចំពោះការឃុំឃាំងជនអន្តោប្រវេសន៍ជនជាតិភាគតិចអ៊ុយហ្គ័រជាច្រើននាក់នៅក្នុងជំរំ “អប់រំឡើងវិញ” នៅតំបន់ស៊ីនជាំងដាច់ស្រយាល។
លោក Murat Harri Uyghur សកម្មជនម្នាក់នៅប្រទេសហ្វាំងឡង់ដែលបានបង្កើត Hashtag នេះបាននិយាយថា “អាជ្ញាធរចិនត្រូវបង្ហាញវីដេអូជាភស្តុតាងថា លោក Heyit នៅតែមានជីវិត។ ឥឡូវនេះយើងចង់ដឹងថាតើជនជាតិអ៊ុយហ្គ័ររាប់លាននាក់នៅទីណា? ”។
លោកបានប្រាប់ AFP ថា ឪពុកម្តាយរបស់លោកផ្ទាល់ត្រូវបានឃុំខ្លួនពីមុនប៉ុន្តែត្រូវបានដោះលែងវិញកាលពីឆ្នាំមុន។
Hashtag នេះបានជំរុញឲ្យមានការបង្ហោះពីជនជាតិអ៊ុយហ្គ័រនៅជុំវិញពិភពលោកជាមួយនឹងរូបភាពនៃម្តាយ ឪពុក កូនស្រីឬមិត្តភក្ដិដែលបាត់ខ្លួនហើយទាមទារឲ្យដឹងពីវាសនារបស់ពួកគេ។
ក្រុមអ្នកជំនាញការរបស់អង្គការសហប្រជាជាតិបាននិយាយថា ជនជាតិអ៊ុយហ្គ័រជិតមួយលាននាក់និងជនជាតិភាគតិចនិយាយភាសាទួរគីជាច្រើននាក់ទៀតត្រូវបានឃុំឃាំងក្នុងជំរំនៅតំបន់ស៊ីនជាំងដែលជាកន្លែងប្រជាជនអ៊ុយហ្គ័រភាគច្រើនក្នុងចំណោមប្រជាជនអ៊ុយហ្គ័រជាង១០លាននាក់របស់ប្រទេសចិនរស់នៅ៕ AFP
Source: Kampuchea Thmey Daily
0 Comments