ប៉ៃលិន ៖ ថ្លែងប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មី តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា ចាប់ពីពេលនេះតទៅ តំបន់មួយចំនួន នៃខេត្តប៉ៃលិន ចាប់ផ្តើមខ្វះខាតទឹកប្រើប្រាស់ជាបណ្តើរៗ និងអាចប្រឈមច្រើនជាងនេះ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះ ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានបញ្ជាឲ្យមន្ទីរជំនាញ ចុះមើលជាប្រចាំ លើបញ្ហានេះផងដែរ។
លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន មានប្រសាសន៍ឲ្យដឹងថា មកដល់ពេលនេះ ភូមិមួយចំនួន ចាប់ផ្ដើមអស់ទឹកជាបណ្តើរៗហើយដែរ ប៉ុន្តែយើងបានត្រៀមផែនការជាច្រើន ដើម្បីចុះជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាំងនោះ អញ្ចឹងសរុបទៅនៅក្នុងឆ្នាំ២០១៩នេះ ខេត្តប៉ៃលិន អាចប្រឈមនឹងការខ្វះខាត់ទឹក ហើយយ៉ាងយូរបំផុត ចាប់ពីមួយ ឬពីរសប្ដាហ៍ទៅមុខ ប៉ុន្តែខណៈពេលនេះតំបន់មួយចំនួន នៅតាមជើងភ្នំ កំពុងខ្វះខាត តែពួកគាត់មិនទាន់ចោទជាបញ្ហានៅឡើយទេ ព្រោះកន្លងមកនៅនោះ ក៏ធ្លាប់ជួបបញ្ហានេះដែរ តែយើងអាចដោះស្រាយបាន។
លោកប្រធាន បានបន្តថា ប៉ៃលិន ក្រោមការដឹកនាំរបស់ ឯកឧត្ដម ផាន់ ចាន់ធុល ជាអភិបាលខេត្ត បានជំរុញឲ្យមន្ទីរជំនាញ ត្រៀម និងចុះជួយប្រជាពលរដ្ឋជាបណ្តើរៗ ក្នុងយើងបានចុះពិនិត្យទឹកក្នុងប្រព័ន្ធធារាសាស្ត្រទាំង២ របស់ខេត្ត គឺប្រព័ន្ធធារាសាស្ត្រថ្នល់បត់ និងប្រព័ន្ធធារាសាស្ត្រអូរដូនតា ,ចុះពិនិត្យទីតាំង ដើម្បីត្រៀមផ្តល់នូវសំបកបាវ ជូនដល់ប្រជាកសិករ ក្នុងការទប់ទឹកតាមដងស្ទឹង និងអូរ ដើម្បីរក្សាទុកប្រើប្រាស់បណ្ដោះអាសន្ន , ចុះពិនិត្យទីតាំងមួយចំនួន សម្រាប់ត្រៀមគ្រឿងចក្រ ចុះជីកតាមជ្រលងអូរ ដែលអាចមានប្រភពទឹកជ្រាប ដើម្បីយកទឹកជូនបងប្អូនប្រើប្រាស់ និងចុះពិនិត្យទីតាំងត្រៀមដាក់ម៉ាស៊ីនបូមទឹក ដើម្បីអន្តរាគមន៍បូមទឹកជូនបងប្អូនប្រជាកសិករផងដែរ។
សូមបញ្ជាក់ផងដែរថា តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងតាមការព្យាករ របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាយើង នឹងទទួលរង (ដោយប្រយោល) ពីឥទ្ធិពលបាតុភូត El Nino ដែលធ្វើឲ្យខេត្តមួយចំនួន ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ក្នុងនោះខេត្តប៉ៃលិន ក៏អាចជួបនូវបញ្ហាទាំងនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments