ភ្នំពេញ ៖ តារាកំប្លែងស្រី ស្ថិតក្នុងក្រុមរបស់នាយ ពែកមី គឺអ្នកនាង សុកាន់ដា ហៅ ខ្ញុង មុននេះបន្តិច បានធ្វើការបង្ហោះឃ្លីបវីដេអូខ្លីមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ខ្លាំងសម្រាប់មហាជន ក្រោយពេលដែលតារាស្រីរូបនេះបាននិយាយរៀបរាប់ហែកហួររឿងប្តីលួចចិញ្ចឹមស្រី និងថែមទាំងហៅថាប្រពន្ធពេញៗមាត់។
បើផ្អែកតាមរយៈវីដេអូជាង១នាទី ដែលត្រូវបានតារាកំប្លែង អ្នកនាង ខ្ញុង បានបង្ហោះរៀបរាប់ភ្ជាប់ជាមួយសារខ្លីបែបនេះថា ឆ្អែតពេក ទើបដាច់ចិត្តនិយាយ សូមទោស បើប៉ះពាល់អារម្មណ៍បងប្អូន..។
នាងបន្តថា និយាយតាមត្រង់ទៅ រាល់ថ្ងៃនេះខ្ញុំខ្ពើមរអើមប្តីខ្ញុំខ្លាំងណាស់ ….គឺខ្ពើមរហូតដល់ថ្នាក់មិនចូលគេងជាមួយគ្នាឡើយ ព្រោះខ្ញុំដឹងថាគាត់មានស្រីនៅខាងក្រៅ ទៅប្រឡាក់ប្រឡូស ជាមួយស្រីញីនៅខាងក្រៅ ខ្ញុំខ្ពើមហ្មង…។
តារាកំប្លែងស្រីសម្បូរវោហារសព្ទមិនចេះរឹងស្ងួត អ្នកនាង ខ្ញុង បានបញ្ជាក់ទៀតថា បើគ្រាន់តែចូលខារ៉ាអូខេ ផឹកស៊ី ឱបថើប ធម្មតា ខ្ញុំអត់ឃាត់ទេ ទៅចុះ តែនេះវិញ គឺលក្ខណៈចិញ្ចឹម រាប់ខែរាប់ឆ្នាំទៅហើយ ជួលផ្ទះឲ្យនៅ ឲ្យលុយចាយ កន្លែងសប្បាយ ជួបជុំមិត្តភ័ក្ដិនាំទៅហើយ ហៅ ប្រពន្ធ ពេញៗមាត់។ ខ្ញុំឈឺចាប់ណាស់…ពេលខ្លះខ្ញុំគិតថា ចង់លែងគ្នា តែចិត្តមួយអាណិតកូន មួយទៀតខ្មាសគេ។
ដោយឡែក ស្របពេលដែលមានការបង្ហោះរបស់តារាស្រី អ្នកនាង ខ្ញុង ខាងលើនេះដែរ ភ្លាមៗនោះគេសង្កេតឃើញតារាកំប្លែងដែលត្រូវជាប្រធានក្រុមនាយ ពែកមី ក៏បានបង្ហោះភ្ជាប់វីដេអូនោះថាឃើញខ្ញុងឯងយាយអញ្ចឹង ដូចដាស់ប្រពន្ធខ្ញុំ ឲ្យងើបសំលៀងកាំបិតអញ្ចឹង។ ទន្ទឹមគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើនបានផ្ញើសារសួរនាំ និងលើកទឹកចិត្តគ្រប់គ្នា ខណៈមានខ្លះទៀត បានសួរថា តើជាការពិត ឬយ៉ាងណា?។ ប៉ុន្តែ គិតមកទល់ពេលនេះ នៅមិនទាន់ឃើញមានចម្លើយបញ្ជាក់ពីសាមីខ្លួននាង ខ្ញុង នៅឡើយទេ ខណៈមានការសង្ស័យថា នេះអាចជារឿងរ៉ាវចាស់ ជាអតីតប្តីមុនរបស់នាងក៏ថាបាន៕
Source: Kampuchea Thmey Daily
0 Comments