Ad Code

អន្តរក្រសួង​ថ្នាក់​រដ្ឋមន្ត្រី បើក​កិច្ចប្រជុំ ពិនិត្យ និង​ធ្វើ​ការ​ឆ្លង នូវ​កម្មវិធី​វិនិយោគ​ថ្នាក់​ជាតិ​លើ​ការងារ គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ និង វិស័យ​ធនធានទឹក ២០១៩-២០៣៣



ភ្នំពេញ ​៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី ព្រឹក​ថ្ងៃ​ពុធ ៩​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​អញ្ជើញ​ដឹកនាំ​អង្គប្រជុំ​អន្តរក្រសួង​ថ្នាក់​រដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ និង​ធ្វើ​ការឆ្លង នូវ​កម្មវិធី​វិនិយោគ​ថ្នាក់​ជាតិ​លើ​ការងារ គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ និង វិស័យ​ធនធានទឹក ២០១៩-២០៣៣ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



ក្រសួង បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នោះ​មានការ ចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ និង អង្គការ ក្រៅ រដ្ឋាភិបាល អង្គ​ទូត​នានា ផង​ដែរ។​ គោលបំណង​នៃ​កិច្ចប្រជុំ​អន្តរក្រសួង និង​ដៃគូ​អភិវឌ្ឍន៍ ខាងលើ​នេះ គឺ​ដើម្បី​ប្រមូល​នៅ​ធាតុ​ចូល​បន្ថែម​ទៀត​ លើ​កម្មវិធី​វិនិយោគ​ថ្នាក់​ជាតិ​លើ​វិស័យ​ទឹក​ឲ្យ​កាន់​តែមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ទូលំទូលាយ​ហើយ​ធ្វើការ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។



​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ធ្វើការ​កសាង​នូវ​កម្មវិធី​ជាតិ​សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ និង វិស័យ​ធនធានទឹក ២០១៩-២០៣៣ នេះ​ឡើង​ដើម្បី ១. ធ្វើ​ឲ្យ​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​គុណភាព​ខ្ពស់ ធន់​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​អាកាសធាតុ និង​ការ​ឡើង​កំដៅ​របស់​ផែនដី​។​២. ធ្វើការ​បង្កើត និង​រៀបចំ សក​បទ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​និរន្តរភាព​។​៣. បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​ទឹក​ជាតិ ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​បច្ចេកវិទ្យា​ខ្ពស់ (Smart Technology) ធ្វើការ​គ្រប់គ្រង​ទិន្នន័យ​ទឹក បញ្ជា និង​គ្រប់គ្រង​ទឹក​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ធ្វើការ​ព្យាករ​ឲ្យ កាន់​តែមាន​ប្រសិទ្ធភាព លើ​ការងារ​ជលសា​ស្ត្រ និង​ឧតុនិយម ធ្វើការ​ព្យាករ​ដោយ​សុក្រឹត្យភាព ភ្ជាប់​ជាមួយនឹង​រូបភាព​ដែល​ផ្តល់​ដោយ​ផ្កាយរណប​លើ​អាកាសធាតុ ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។ ៤ សារៈ​ប្រយោជន៍​ដ៏​ធំ​នៃ​ការបង្កើត​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ទិន្នន័យ​ទឹក​គឺ​ធ្វើការ​គ្រប់គ្រង ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​និរន្តរភាព​លើ​អាង​ទន្លេ​ទាំងអស់​ក្នុង​៥ តំបន់ និង​ក្នុង​អនុ​អាង​ទន្លេ​ចំនួន ៣៩​។ ជាពិសេស​ធ្វើ​ឲ្យ​ការបែងចែក​ទឹក​សម្រាប់​មនុស្ស សត្វ និង​កសិកម្ម និង​សម្រាប់​ធានា​និរន្តរភាព​លើ​វិស័យ​អេកូ​ទេសចរណ៍​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប​ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​សមធម៌ និង​មានការ​អភិវឌ្ឍ ដែល​នេះ​ជា​ការ​រួមចំណែក​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដល់​ភាព​រីកចម្រើន វិស័យសេដ្ឋកិច្ច​ជាតិ​យើង​ផង​។



ទន្ទឹមនឹងនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ចូលរួម​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង ADB ធ្វើ​ការកសាង​យុទ្ធសាស្ត្រ​ដៃគូ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស Country Partnership Strategies (CPS 2019-2023) និង​ធ្វើ​ការកសាង​ផែនការ​កញ្ចប់​ថវិកា​រំកិល ២០១៩-២០២២ (Country Programming, CPM Pipeline 2019-2022) ឲ្យ​ទទួលបាន​ជោគជ័យ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។

សូម​បញ្ជាក់​ជូន​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដែលមាន​វត្តមាន​ក្នុង​អង្គប្រជុំ​នេះ បានធ្វើ​ការគាំទ្រ និង​អបអរសាទរ​លើ​កម្មវិធី​និយោគ​ជាតិ​លើ​ការគ្រប់គ្រង​វិស័យ​ធារាសាស្ត្រ និង​វិស័យ​ធនធានទឹក​នេះ​ណាស់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu