ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងនៅថ្ងៃទី១៣ ខែកុម្ភៈ ថា ការដកប្រព័ន្ធអនុគ្រោះ (Everything But Arms EBA) ធ្វើឲ្យទំនិញនាំចេញពីកម្ពុជាមានតម្លៃខ្ពស់ បន្តិច ដូច្នេះអាចមានការតឹងតែងក្នុងការប្រកួតប្រជែងលើទីផ្សារនៅសហភាពអឺរ៉ុប ប៉ុន្តែមិនមែនមានន័យថា បិទទីផ្សារនៅ EU នោះទេ ដែលបញ្ហានេះ មានពួកជ្រុលនិយមមួយចំនួនបានយកទៅបកស្រាយខុសការពិត។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងនេះថា “ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺការយកពន្ធលើទំនិញនាំពីកម្ពុជាចូលទៅក្នុងបណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ដែលការដកប្រព័ន្ធអនុគ្រោះពន្ធនេះបានធ្វើឲ្យទំនិញដែលនាំចេញពីប្រទេកម្ពុជាមានតម្លៃខ្ពស់ជាងធម្មតាបន្តិច ដែលជាការនាំឲ្យមានការតឹងតែងបន្តិចក្នុងការប្រកួតប្រជែងលើទីផ្សារនៅសហគមន៍អឺរ៉ុប។ បញ្ហានេះមិនមែនមានន័យថាបិទទីផ្សារនៅសហគមន៍អឺរ៉ុបនោះឡើយ ប៉ុន្តែពួកអមិត្តឆ្លៀតឱកាសនេះបកស្រាយបំភ្លៃ បំប៉ោងការពិត បំភិតបំភ័យបន្លាច និងបំបាក់ស្មារតីប្រជាជនកម្ពុជា ដែលទង្វើនេះ គឺជាការំលោភលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មានមួយពីទីក្រុងប្រ៊ូសល ស្តីពីការចាប់ផ្តើមនីតិវិធីផ្អាកការលើកលែងពន្ធពាណិជ្ជកម្ម Everything But Arms (EBA) ពីប្រទេសកម្ពុជា ហើយនីតិវិធីដំបូងនេះមានរយៈពេល៦ខែ។
ទាក់ទងបញ្ហានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានស្នើសុំឲ្យគណៈកម្មការសហគមន៍អឺរ៉ុប វាយតម្លៃយ៉ាងប្រុងប្រយ័ត្នអំពីផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច ទៅលើកម្មករកម្ពុជា បន្ទាប់ពី EBA ត្រូវព្យួរ។ សេចក្តីថ្លែងការណ៍ ដែលបានផ្ញើទៅកាន់អ្នកសារព័ត៌មាន សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានលើកឡើងថា វិស័យកាត់ដេរ និងដេរស្បែកជើង ព្រមទាំងទំនិញផ្សេងៗ គឺជាចំណែកធំបំផុតនៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប ដោយមានទំហំទឹកប្រាក់ចំនួន៣,៧៦ ពាន់លានអឺរ៉ូ ពីការនាំចូលទំនិញសរុបចំនួន៥ពាន់លានអឺរ៉ូ នៅឆ្នាំ២០១៧ ។ ការចូលរួមរបស់ EBA បានកាត់បន្ថយភាពក្រីក្រ និងបានបង្កើតវប្បធម៌ នៃការអនុលោមតាមច្បាប់ និងភាពឧស្សាហ៍នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង។ ភាពជាដៃគូពាណិជ្ជកម្មរយៈពេលវែងជាមួយសហភាពអឺរ៉ុបនេះ ត្រូវបានកសាងឡើងដោយផ្អែកលើគំនិតចែករំលែក។
ការផ្អាក EBA នឹងបង្កើនពន្ធចំនួន១២ភាគរយ នៅក្នុងវិស័យកាត់ដេរ និងពី៨ ទៅ១៧ ភាគរយសម្រាប់ផលិតផលស្បែកជើង។ ភាពប្រកួតប្រជែងនៃវិស័យរបស់យើង នឹងត្រូវប្រឈមនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ កេរ្តិ៍ឈ្មោះនៃឧស្សាហកម្មរបស់យើង នឹងរងការប៉ះពាល់ហើយការអភិវឌ្ឍន៍របស់កម្ពុជា នឹងត្រូវផ្អាក។ កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលបានបង្កើតឡើង ដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់កាត់ដេរ ដែលមានការទទួលខុសត្រូវនឹងត្រូវប្រឈមនឹងគ្រោះថ្នាក់ហើយវានឹងជាការថយចុះយ៉ាងខ្លាំងសម្រាប់កម្មករ ជាពិសេសអ្នកដែលមកពីសហគមន៍ជនបទ៕
Source: Kampuchea Thmey Daily
0 Comments