កំពង់ស្ពឺ ៖ នេនៗវ័យជាង១០ឆ្នាំចំនួន៤អង្គ បានលបលួចនាំគ្នាឆាន់ស្រាបៀរអស់ជាង១០កំប៉ុង ក្នុងនោះមានស្រាបៀរកម្ពុជានិងស្រាបៀរហ្គេនស្ប៊ើក ដោយបានសម្ងំនាំគ្នាឆាន់អស់រហូតដល់ស្រវឹងច្រងាប់ច្រងិលដួលសន្លប់រៀងៗខ្លួនដោយគិតថាគេមិនដឹងឡើយ តែបន្ទាប់ពីឆាន់ស្រវឹង បានចេញនូវនិស្ស័យចរិតពិតធ្វើឲ្យព្រះសង្ឃដូចគ្នានិងកូនសិស្សមានការសង្ស័យពេលតាមដានសួរនាំទើបដឹងថា ក្រុមនេនៗទាំងនោះ ពិតជានាំគ្នាឆាន់ស្រាបៀរមែន លុះព្រឹកឡើងត្រូវបានមន្ដ្រីសង្ឃចុះទៅផ្សឹកទាំងព្រឹកតែម្ដង។
នេនៗបាននាំគ្នាឆាន់នៅយប់ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំចសំរិទ្ធិស័ក ព.ស ២៥៦២ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្មាំ២០១៩ វេលាម៉ោង ២១ និង ៣០ នាទី យប់នៅវត្តទួលគ្រួស ស្ថិតនៅភូមិដំបូកខ្ពស់ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នេនទាំងនោះមានគ្នាចំនួន ៤ អង្គ រួមមានឈ្មោះដូចខាងក្រោម១-ឈ្មោះ ម៉េង កាណៃ អាយុ១៦ឆ្នាំ នៅភូមិគោកកណ្តាល ឃុំភក្តី។ ២- ឈ្មោះ សាយ ថង អាយុ១៤ឆ្នាំ នៅភូមិដំបូកខ្ពស់ ឃុំផុង។៣ ឈ្មោះ ឡុង ឆវ័ន អាយុ១៦ឆ្នាំ នៅភូមិគោកកណ្ដាល ឃុំភក្តី។ ៤- ឈ្មោះ រុន រ៉ាណា អាយុ១៨ឆ្នាំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលនាំគ្នាឆាន់ លោកបានឲ្យកូនសិស្សទៅទិញស្រាបៀរដែលគេលក់នៅក្បែរនោះ ដាក់ក្នុងសម្បកកេសភេសជ្ជៈខារ៉ាបាវដើម្បីបន្លំភ្នែកចៅអធិការវត្តនិងញាតិញោមចំណុះជើងវត្ត រួចហើយក៏នាំគ្នាឆាន់តែម្ដង បណ្ដាលឲ្យស្រវឹងទាំងអស់គ្នាដេកដួលរណូករណែល។
លុះដល់ព្រឹក ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៨ ការិយាល័យធម្មការ និងសាសនាស្រុកបសេដ្ឋ បានសហការជាមួយចៅអធិការវត្ត និងព្រះអនុគុណស្រុក អនុវត្តតាមវិន័យសាសនា បានផ្សឹកសង្ឃដែលប្រព្រឹត្តខុសធម្មវិន័យទាំងនោះឲ្យលាចាកសិក្ខាបទដោយគ្មានការប្រកែកតវ៉ាអ្វីឡើយ៕
Source: Kampuchea Thmey Daily
0 Comments