Ad Code

ធុញទ្រាន់​នឹង​ជីវិត ​​មក​លោត​ទឹក​សម្លាប់​ខ្លួន ​តែ​មិន​ស្លាប់ ​ត្រូវ​គេ​ជួយ​ទាន់



ភ្នំពេញ ​៖​ ស្ត្រី​ម្នាក់ ​បាន​មក​លោតទឹក​សម្លាប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វា​ថ្មី​ ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកបាន​សម្រេច​ តែ​ត្រូវ​អ្នកនេសាទ​ជួយ​ស្រង់​សង្គ្រោះ​ទាន់ ​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ ថ្ងៃ​ទី​១២​ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​គល់​ស្ពាន​ជ្រោយចង្វា​ខាងកើត ក្នុង​ភូមិ​ដើម​គរ​ សង្កាត់​ជ្រោយចង្វា ​ខណ្ឌ​ជ្រោយចង្វា។

ស្ត្រី​មាន​វិបត្តិ​រូប​នោះ ត្រូវ​បាន​នាង​ប្រាប់​ឲ្យ​ដឹង​ថា ឈ្មោះ ​ស្រី មុំ​ អាយុ​៣០​ឆ្នាំ មុខរបរ​ ​កម្មករ សំណង់ មាន​លំនៅ​ស្នាក់​ម្តុំ​ផ្សារ​ដើមគរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រូប​នោះ ​ធ្វើដំណើរ​ឡើង​ស្ពាន​ពី​ទិស​ខាង​លិច​ទៅ​កើត។ នៅ​ពេល​មកដល់​ កណ្ដាល​ស្ពាន​ ក៏បាន​លោត​ចុះទៅ​ក្នុង​ទន្លេ​តែ​ម្តង។

ភ្លាមៗ ពុំមាន​អ្នកដំណើរ​ណា​ចាប់អារម្មណ៍​ឡើយ។​ បន្ទាប់ពី​លោត​សម្លាប់ខ្លួន គេ​ឃើញ​ស្ត្រី​រូបនោះ អណ្តែត​ឡើង​ហែល​ទឹក ហើយ​ត្រូវ​បាន​អ្នក​ស្ទូច​ត្រី ហៅ​ទូក​នេសាទ​ចេញទៅ​ជួយ​ស្រង់​សង្គ្រោះ​នាំ​យក​មក​គល់ស្ពាន​ខាង​កើត។ នៅ​ចំពោះ​មុខ​នគរបាល​ស្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ថា នាង​ពុំ​ចង់​រស់​នៅឡើយ ដោយ​ធុញទ្រាន់​នឹង​ជីវិត​។​

ទោះបីជា​យ៉ាងណា នាង​ពុំបាន​ឲ្យ​ដឹងពី​មូលហេតុ​អ្វី​ច្បាស់​នោះ​ទេ បានជា​ធ្វើឲ្យ​នាង​គិត​ខ្លី​បែបនេះ​។​នៅពេល​សួរនាំ​ នគរបាល​មានការ​សង្ស័យ នារី​រូប​នោះ​មាន​សតិ​មិន​ស្រូវ​ប្រក្រតី។

​គួរ​រំលឹក​ថា ​នេះ​ជា​ថ្ងៃ​ទី​៣​ បន្ទាប់ពី​មាន​ស្ត្រី​មាន​វិបត្តិ​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន កាលពី​ថ្ងៃទី​១០ និង​ថ្ងៃទី​១១​កុម្ភៈ​ នារី​ម្នាក់​ បាន​ធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លាប់​ខ្លួន​២​ថ្ងៃ​ជាប់​គ្នា​នោះ ​ពុំបាន​សម្រេច​ឡើយ​ ហើយ​ស្ត្រី​ខាង​លើ​នេះ​ លោត​បានសម្រេច ​តែ​មិន​ស្លាប់​ឡើយ៕

 

​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu