Ad Code

លឹម សំអឿន ហៅ​ចាន់ ​នៅតែ​ព្យាយាម​សង់ផ្ទះ​រំលោភ​ដី​អូរ បិទ​ស្ពាន​ឆ្លង​ផ្លូវ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ



ព្រះសីហនុ ៖ ​លោក លឹម សមអឿន ជា​មន្ត្រី​យោធា ​និង​ជា​អ​តី​ត​អនុប្រធាន​ភូមិ លេខ ១ សង្កាត់​លេខ ១ ក្រុងព្រះសីហនុ ដែល​ប្រជាពលរដ្ឋ​ប្ដឹង​ទម្លាក់​ចេញពី​តំណែង​កន្លងមក​នោះ នៅតែ​ព្យាយាម សង់ផ្ទះ​រំលោភ​ដី​អូរ បិទ​ពី​មុខ​ស្ពាន​ឆ្លង​អូរ ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​១៣០ គ្រួសារ​ រស់នៅ​ក្នុង​ភូមិ​នៃ​សង្កាត់​លេខ១ ក្រុងព្រះសីហនុ ក្នុង​គោលបំណង​យក​ដី​ចំណី​អូរ​នោះ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន បង្ក​ភាព​ស្មុគស្មាញ រាំង​ស្ទះ ដល់​ដំណើរការ​សាងសង់​ស្ពាន របស់​ប្រជាពលរដ្ឋ គ្រប់​ពេល​វេលា រក​ទី​បញ្ចប់​គ្មាន។

ជុំវិញ​បញ្ហា​ខាងលើនេះ កន្លងមក លោក លី ចិត្ត​យម មន្ត្រី​អន្តរៈ​វិស័យ​សាលា​ខេត្ត​ព្រះសីហនុ​ ធ្លាប់​ដឹកនាំ​ក្រុមការងារ​ចុះមក​ពិនិត្យ​ទីតាំង​ជាក់ស្តែង ដែល​ត្រូវ​សាងសង់​ស្ពាន ឆ្លង​អូរ ខាងលើ​ បាន​ធ្វើការ​បញ្ជាក់​ថា ​រឿង​សាងសង់​ផ្លូវ ស្ពាន​ជា​រឿង​សំខាន់​ណាស់​ដែល​រាជ​រដ្ឋាភិបាល​កំពុង​យកចិត្ត​ទុក​ដាក់ ហើយ​ចំពោះ ដីអូរ​ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ មិន​អាច​ឲ្យ​បុគ្គល​ណា​ម្នាក់​វាតទី​យក​ធ្វើជា​កម្មសិទ្ធិ បានទេ បូករួម​នឹង​ផ្លូវ​ដែល​មាន​ស្រាប់​ផងដែរ​។



កាលនោះ ក្រុមការងារ​ចម្រុះ ដែល​ដឹកនាំ ដោយ លោក ចិត្ត និយម ​ក៏បាន​ធ្វើ​របាយការណ៍ លំអិត​ដាក់​ចូលទៅ​ថ្នាក់ដឹកនាំ​ខេត្ត ​ដើម្បី​ពិនិត្យ និង​សម្រេច​តាមផ្លូវ​ច្បាប់​ផងដែរ ជា​លទ្ធផល ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏បាន​សម្រេច ចេញ​(​សជណ​) ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ ដើម្បី​ផ្តល់​ការ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​សាងសង់​ស្ពាន ឆ្លង​អូរ ប៉ុន្តែ​រហូតមកដល់​ពេលនេះ មាន​រយៈពេល ជិត​៦​ខែ​កន្លង​មក​ហើយ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដែល ជា​អ្នកធ្វើ​កិច្ចការ​នេះ ហាក់​មិនបាន​យកចិត្តទុកដាក់​អ្វី​បន្តិច​សោះ។​ ចំណុច​នេះ ស.បញ្ជាក់​ឲ្យ​ឃើញ​ថា (​សជណ​)​របស់ លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ ដូច​មិន​មាន​តម្លៃ​អ្វី​បន្តិច​សោះ ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រី​យោធា ឈ្មោះ លឹម សមអឿន ចេះ​តែ​មាន​ឧកាស​បន្ត​សកម្មភាព​សាង​សង់​ផ្ទះ​លើដី​អូរ​ល្មើសច្បាប់ បាំង​ចំ​ពី​មុខ​ចំណុច​ដែល​ប្រជាពលរដ្ឋ​កំពុង​ដំណើរការ​សាងសង់​ស្ពាន​។​

ប្រជាពលរដ្ឋ ចំនួន​ប្រមាណ​១៣០​គ្រួសារ រងគ្រោះ​ដោយសារ លោក លឹម សំអឿន សង់ផ្ទះ លើ​អូរ បិត​ផ្លូវ​បាន​ធ្វើការ​បញ្ជាក់​ថា (​សជណ​)​របស់ ថ្នាក់ដឹកនាំ ខេត្ត​ព្រះសីហនុ នោះ គឺ​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ រដ្ឋបាល​ក្រុងព្រះសីហនុ ជា​អ្នកធ្វើ​កិច្ចការ​នេះ ហើយ លោក អ៊ី សុខ ឡេង អភិបាល ក្រុង​ព្រះសី​ហនុ ក៏បាន ប្រ​គល់​កិច្ច​បន្តឲ្យទៅ​ លោក អៀម សារិន អភិបាលរង ក្រុង​ព្រះសីហនុ ដឹកនាំ​ក្រុង​ការងារ ចុះ​អនុវត្តន៍ ហើយ​កន្លងមក លោក អៀម សារិន ក៏​ធ្លាប់​ដឹកនាំ​ក្រុមការងារ ចុះទៅពិនិត្យ លើ​កិច្ចការ​នេះ ចំនួន​ប្រមាណ​៣​លើក រួច​មក​ហើយ តែ​មិន​ទទួល​បាន​ល្អ​អ្វី​សោះ គឺ​បានត្រឹមតែ​សន្យា ថា ថ្ងៃនេះ ថ្ងៃនោះ តែប៉ុណ្ណោះ ហើយ​រហូតមកដល់​ថ្ងៃនេះ ការសន្យា​របស់​គាត់ មាន​រយៈពេល​ជិត ៦​ខែ​មក​ហើយ លទ្ធផល​គឺ សូន្យ​។​



ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ លោក អៀម សារិន អភិបាលរងក្រុង បាន​បញ្ជាក់​ដោយ​បដិសេធ ថា រូប​គាត់ មិនបាន​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​ក្រុង​ព្រះសីហនុ ទទួល​ធ្វើ​កិច្ចការ​នេះ​ទេ ពីព្រោះ​តំបន់​នោះ ខុស (​ស៊ូ​ន​) របស់​គាត់ ប៉ុន្តែ​ចំណុច​សង្កាត់​លេខ​០១ តំបន់​ខាងលើ ​បើតាម​លោក​ដឹង គឺ ​លោក សន កុស​ល្យ អភិបាល​រងក្រុង​ម្នាក់ទៀត ជា​អ្នក​ទទួល​ខុសត្រូវ​។​

ដោយឡែក លោក លឹម សំអឿន ជា​មន្ត្រី​យោធា ​និង​ជា​អ​តី​ត​អនុប្រធាន​ភូមិ លេខ ១ សង្កាត់​លេខ ១ ក្រុងព្រះសីហនុ ដែល​ប្រជាពលរដ្ឋ ប្តឹង​ទម្លាក់​ចេញ ពី​តំណែង នោះ បាន​បញ្ជាក់​ថា ស្ពាន​ឆ្លង​អូរ​មួយ​នេះ​ មិនអាច​ធ្វើការ​សាងសង់​បានទេ ពី​ព្រោះ ស្ពាន​នេះ ធ្វើ​ឆ្លង កាត់​ដី​កម្មសិទ្ធិ​របស់​គាត់ ដូច​នេះ បើ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​លុះត្រាតែ ទិញ​ដី​របស់​គាត់​ទើបបាន បើ​មិន​អញ្ចឹង​ទេ មិនបាន​ដាច់ខាត។

គួរបញ្ជាក់​ផងដែរ​ថា ស្ពានថ្ម​ចាក់​បេតុង ទំហំ​បណ្ដោយ​ប្រវែង​១៩​ម៉ែត្រ និង ទទឹង ប្រវែង​៤​ម៉ែត្រ ខាង​លើ​នេះ គឺជា​ស្ពាន ឆ្លង​អូរ មួយ​សំខាន់​ណាស់ ត​ភ្ជាប់​ត្រង់ ពី​ផ្លូវ​ក្នុង​ភូមិ ទៅ​ផ្លូវជាតិ លេខ​០៤ ហើយ ថវិកា​សាងសង់​ស្ពាន​ គឺជា​ថវិកា​រួម​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​តែម្តង ដោយ​ស្ពាន​នេះ​ជា​ស្ពាន ប្រើ​ប្រាស់​ជា​សាធារណៈ មិនមែន​សម្រាប់​បម្រើ​ផល​ប្រយោជន៍​បុគ្គល​ណា​ម្នាក់​នោះឡើយ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ សូម​ធ្វើការ​អំពាវនាវ​ទៅដល់ សម្ដេច​តេ​ជោ សូមជួយ​ដល់​ប្រជាពលរដ្ឋ បាន​សាងសង់​ស្ពាន ឆ្លង​អូរ នេះ​ផង ពីព្រោះ បើ​រង់ចាំ​ទៅលើ​ចំណាត់​ការ ថ្នាក់ដឹកនាំ ខេត្ត ឬ​ក្រុង ព្រះសីហនុ ប្រជាពលរដ្ឋ ដូច​គ្មាន​សង្ឃឹម​នោះឡើយ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu