Ad Code

មន្ត្រី​ស៊ី​ម៉ាក់​ម្នាក់ ដែល​​ផ្ទុះ​ឆ្នាំង​សាក​ទូរស័ព្ទ​ដាច់​ប្រអប់ដៃ​ម្ខាង ​​ទទួល​បាន​អំណោយ



បាត់ដំបង​ ៖ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​បាន​ផ្តល់​ថវិកា ​រួម​នឹង​គ្រឿង​ឧបភោគ​មួយ​ចំនួន​ ដល់​ លោក​ សោម​ សុជាតិ ​ជា​ប្រធាន​គម្រោង​បោសសំអាត​មីន ​និង​ជួយសង្គ្រោះ​ជន​ពិការ ​ដោយសារ​មីន​នៅ​ខេត្ត​បាត់ដំបង​ ដែល​បាន​រងគ្រោះ​ដោយសារ​ការ​ផ្ទុះ​ឌុយ​សាក​ទូរស័ព្ទ​(​ឆ្នាំង​សាក​ទូរស័ព្ទ​)​ ជា​ទូរស័ព្ទ​ប្រភេទ​IPhone​ កាលពីពេល​ថ្មីៗ​កន្លងទៅ។

កាលពី​ថ្ងៃទី​២៥ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ កន្លង​ថ្មីៗ​នេះ​ ​ លោក​បណ្ឌិត ​ប៊ុត​ គឹមស៊ាន ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បាត់ដំបង ​និង​សហការី ​បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​ពាំ​នាំ​យក​អំណោយ​មនុស្សធម៌​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​ផ្តល់​ជូន ​លោក​ សោម​ សុជាតិ​ ប្រធាន​គម្រោង​បោសសំអាត​មីន​ និង​ជួយ​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ខេត្ត​បាត់ដំបង ​ដែល​បាន​រងគ្រោះ​ដោយសារ​ការ​ផ្ទុះ​ឌុយ​សាក​ទូរស័ព្ទ​(​ឆ្នាំង​សាក​ទូរស័ព្ទ​)​ជា​ទូរស័ព្ទ​ប្រភេទ​IPhone​ បណ្តាលឲ្យ​ពិកា​ដៃ​ម្ខាង ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពោធិ៍​ពីរ​ ក្រុង​បាត់ដំបង​។​

ក្នុងឱកាស​នោះដែរ ​លោក​បណ្ឌិត​ ប៊ុត​ គឹមស៊ាន ​តំណាងឲ្យ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ ​​ដោយ​ក្តី​អាណិតអាសូរ ​និង​សោកស្ដាយ​ពី​សំណាក់ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចំពោះ​ឧបទ្ទវហេតុ ​ដែល​កើតមានឡើង​ចំពោះ​ លោក​ សោម​ សុជាតិ​ ក្នុង​ការ​បូជា​កម្លាំង​កាយ​ចិត្ត​អង់អាច​ក្លាហាន​តស៊ូ​ក្នុង​ការ​ដោះមីន​ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​កន្លងមក ​និង​បាន​អំពាវនាវ​ឲ្យ​​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ទូរស័ព្ទ​កុំឲ្យ​កើតមាន​ហេតុការណ៍​អាក្រក់​បែបនេះ​ទៀត។

នៅ​ក្នុង​ដំណើរ​សួរសុខទុក្ខ​ដល់​មន្ត្រី​ស៊ី​ម៉ាក់​នេះ ​តាមរយៈ​លោក​បណ្ឌិត ​ប៊ុត គឹមស៊ាន ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​លើកទឹកចិត្ត​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​១០​លាន​រៀល ​រួម​នឹង​មាន​គ្រឿង​ឧបភោគ​មួយ​ចំនួន​ទៀត​មានដូចជា​ ទឹក​សុទ្ធ​២​កេស​,​ទឹកដោះគោឆៅ​២​ឡូត៍​ផង​ដែរ។ តប​ចំពោះ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​ លោក​ សោម សុជាតិ​ ជា​ជនរងគ្រោះ​ រួម​នឹង​ភរិយា​ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ ដែល​ជានិច្ចកាល​ តែងតែ​គិតគូរ​ពី​សុខទុក្ខ​ និង​ផល​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ប្រកបដោយ​ទឹកចិត្ត​មនុស្សធម៌​ ជាពិសេស​មន្ត្រី​ស៊ីម៉ាក់ ​ដូច​រូប​លោក​ផ្ទាល់​តែម្តង។

ក្រៅពី​ផ្តល់​អំណោយ​ជូន​ដល់​មន្ត្រី​ស៊ីម៉ាក់​ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ពោធិ៍​ពីរ​ លោក​គ្រូ​ពេទ្យ​ដែល​បាន​ប្រចាំការ​នៅ​ទីនោះ​ចំនួន​៨​នាក់​ ក៏​ទទួល​បាន​សារុង​១​ និង​ថវិកា​២​ម៉ឺន​រៀល ​ក្នុង​ម្នាក់ៗ​ផងដែរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu