ព្រៃវែង ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០១៩ និងផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងមានព្រះសង្ឃអាចារ្យគណៈកម្មការចូលរួមយ៉ាងច្រើនកុះករនោះផងដែរ។
នៅក្នុងឱកាសនោះដែរ លោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានរាយការណ៍អំពីលទ្ធផលការងារដែលបានអនុវត្តកន្លងមកមាន ជំរុញឲ្យប្រធានការិយាល័យធម្មការ និងសាសនាស្រុកក្រុង រៀបចំអាចារ្យគណៈកម្មការវត្តឲ្យបានគ្រប់វត្តដែលបានផុតអាណត្តិ និងមិនទាន់មានសេចក្តីសម្រេច ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងតាមឋានានុក្រម បានសហការជាមួយព្រះមេគណខេត្ត មន្ត្រីសង្ឃគ្រប់ឋានានុក្រមរៀបចំតែងតាំងមន្ត្រីសង្ឃដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍក្នុងវត្ត ក៏ដូចជាជួយពង្រឹងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានភាពថ្កុំថ្កើងរុងរឿងជាដរាប បានសហការជាមួយមន្ត្រីសង្ឃគ្រប់ឋានានុក្រមអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ មិនឲ្យមានភាពអនាធិបតេយ្យ ការប្រើប្រាស់គ្រឿងញៀនដែលធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា ធ្វើឲ្យប៉ះពាល់ដល់សង្គម និងខ្លួនឯង។ និងបានដោះស្រាយអធិករណ៍បញ្ហាជាច្រើននៅតាមវត្តអារាមដែលធ្លាប់មានកន្លងមក។
ហើយ លោកប្រធានធម្មការ និងសាសនា បានដាក់ចេញនូវ ការងារដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ ២០១៩ បន្តចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែនៅក្រសួងធម្មការ និងសាសនា បន្តចុះត្រួតពិនិត្យ និងពង្រឹងនៅតាមបណ្តាសាលាពុទ្ធិកទូទាំងខេត្ត បន្តរៀបចំការប្រឡងធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំបន្ទាប់ បន្តរៀបចំការប្រឡងយកសញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាសម្រាប់ឆ្នាំ ២០១៩-២០២០ បន្តជំរុញការរៀបចំសមាសភាពអាចារ្យគណៈកម្មការវត្តឲ្យបានស្របច្បាប់សារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា បន្តចុះពិនិត្យ និងដោះស្រាយអធិករណ៍ នៅតាមបណ្ដាវត្តទូទាំងខេត្ត ជំរុញឲ្យវត្តទូទាំងខេត្តព្រៃវែង រៀបចំប្លង់ដីវត្តឲ្យបានស្របច្បាប់ត្រឹមត្រូវ ត្រៀមចូលរួមសកម្មភាពផ្សេងៗជាមួយគណៈអភិបាលខេត្ត ត្រៀមអនុវត្តផែនការផ្សព្វផ្សាយផ្សេងៗដែលក្រសួងប្រគល់ជូន។ ក្នុងនោះក៏មានការផ្សព្វផ្សាយអនុសំវច្ចៈរួមគ្នាពីមន្ត្រីសង្ឃទាំងពីរគណៈផងដែរ។
ឯកឧត្ដម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានកោតសរសើរចំពោះការងាររបស់មន្ទីរធម្មការ ខេត្ត ក្រុង ស្រុក ដែលបានអនុវត្តការងារកន្លងមកទទួលបានជោគជ័យគួរជាទីមោទនៈ។
ឯកឧត្តម បានណែនាំដល់មន្ទីរធម្មការខេត្ត ក្រុង ស្រុក ទាំងអស់ ត្រូវខិតខំអនុវត្តបន្ត ដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅតាមបណ្ដាវត្តអារាមទូទាំងខេត្តព្រៃវែង ដើម្បីឲ្យមានភាពល្អប្រសើរនិងជួយពង្រឹងនូវវិស័យព្រះពុទ្ធសាសនាឲ្យមានភាពរីកចម្រើន គ្រប់៥,០០០ព្រះវស្សា ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើងទ្រង់ត្រាស់បញ្ញត្តិទុកមកនោះ។
ឯកឧត្ដម ក៏បានផ្ដាំផ្ញើ និងប្រគេនដល់មន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យគណៈកម្មការទាំងអស់ដែលបានអញ្ជើញមកប្រជុំគ្នានៅថ្ងៃនេះ ត្រូវចេះរួបរួមគ្នាសាមគ្គីគ្នាក្នុងការជួយពង្រឹង និងពង្រីក នូវវិស័យព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាយើង ឲ្យមានភាពល្អប្រសើរ និងរីកចម្រើន៕
Source: Kampuchea Thmey Daily
0 Comments