ព្រះសីហនុ ៖ រថយន្តកូរ៉េមួយគ្រឿង ដឹកក្រុមចុងភៅ និងក្រុមដំឡើងរោងការ បានបើកគេចរថយន្តមួយគ្រឿងទៀតនៅពីមុខ ក្នុងទិសដៅស្របគ្នា ហើយក៏រេចង្កូតមកខាងស្តាំដៃធ្លាក់កាវថ្នល់ បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ ដូចជះមនុស្ស និងសម្ភារៈចុងភៅប៉ើងហោះធ្លាក់ចូលព្រៃតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយការបើកបរមានការធ្វេសប្រហែសដោយខ្លួនឯងនេះ បានបណ្តាលឲ្យមនុស្សចំនួន៥នាក់ រងរបួសធ្ងន់ស្រាល ខណៈមនុស្ស៣នាក់ផ្សេងទៀតគ្មានរបួស ដោយសារហោះទៅទើរលើចុងព្រៃ នៅក្បែរផ្លូវ។
ហេតុការណ៍នេះ បានកើតមានឡើងនៅម៉ោងប្រមាណ១២និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាករងគ្រោះ ម៉ាក KIA ពណ៌ស ស្លាកលេខ កោះកុង 2A-0013 មានទិសដៅ ពីខេត្តព្រះសីហនុ សំដៅទៅ ផ្លូវបំបែកស្រែអំបិល បើកបរដោយ ឈ្មោះ នាង ហេង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិវាល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
នៅលើរថយន្តនេះមានអ្នករួមដំណើរចំនួន៨នាក់ មានទីលំនៅដូចអ្នកបើកបរ និងមានមុខរបរ ជាអ្នករៀបរោងការ និង រត់តុការ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុបង្កឲ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវនេះ សង្ស័យថា អ្នកបើកបរបានប្រើល្បឿនលឿន ហើយគាប់ជួបឧបសគ្គ (រថយន្តនៅពីមុខ) ជាន់ហ្វ្រាងមិនស៊ី ភ័យខ្លាចបុករថយន្តនៅពីមុខ ក៏បួងចង្កូតមកខាងស្ដាំដៃទម្លាក់ផ្លូវតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះទាំង៥នាក់នេះមាន ៖
១-ឈ្មោះ នាង ហេង ភេទប្រុស អ្នកបើកបរថយន្ត របួសមធ្យម
២-ឈ្មោះ គូ ចាវ ភេទប្រុស អ្នករួមដំណើរលើរថយន្ត របួសស្រាល
៣-ឈ្មោះ ពិន រឿន ភេទស្រី អ្នករួមដំណើរលើរថយន្ត របួសមធ្យម
៤-ឈ្មោះ ភុន ភារម្យ ភេទប្រុស រួមដំណើរលើរថយន្ត របួសមធ្យម
៥-ឈ្មោះ ហូល សឿ ភេទស្រី រួមដំណើរលើរថយន្ត របួសមធ្យម។ ដោយឡែកមនុស្ស៣នាក់ទៀតដែលមានសំណាងដោយគ្មានរងរបួសនោះ មិនបានស្រង់ឈ្មោះនោះទេ។
ក្រោយកើតហេតុ វត្ថុតាងរថយន្ត សមត្ថកិច្ចបានស្ទូចយកទៅរក្សាទុក នៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ជាបណ្ដោះអាសន្នសិន៕
Source: Kampuchea Thmey Daily
0 Comments