ប្រដាល់ ៖ ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកCarabao ទម្ងន់៥៧គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV នៅរសៀលថ្ងៃសៅរ៍ ទី24 ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជាការប្រកួតជុំចុងក្រោយរបស់អ្នកប្រដាល់កម្ពុជាវ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា និងអ្នកប្រដាល់ថៃ Banda Sak ហើយ អ្នកប្រដាល់កម្ពុជាសេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ ត្រូវជួបអ្នកប្រដាល់ថៃ Dek Doeur។
សម្រាប់ជំនួបជុំចុងក្រោយនេះ សេន កុសល គេមានសំណាងបានឈ្នះដោយមិនចាំបាច់ប្រកួត ពោលគឺឈ្នះដោយស្វ័យប្រវត្តិ ដោយសារតែដៃគូប្រកួតរបស់គេ គឺ Dek Doeur បានបោះបង់ចោលការប្រកួតតាំងពីជុំទី២មកម្ល៉េះ ដែលធ្វើអ្នកប្រដាល់ណាប៉ះជាមួយគេ នឹងត្រូវឈ្នះដោយស្វ័យប្រវត្តិនោះ។
ជាមួយនឹងជ័យជម្នះដោយមិនបាច់បញ្ចេញញើសនេះ នាំឲ្យ សេន កុសល ទទួលបាន១២ពិន្ទុពេញតែម្តង ក្នុងជម្រុះ៤ជុំ គឺឈ្នះទាំង៤ជុំ តែពុំទាន់ប្រាកដថាបានឡើងទៅផ្ដាច់ព្រ័ត្រនោះទេ។
សេន កុសល បើទោះជាបានឈ្នះដោយស្វ័យប្រវត្តិលើគូខ្សែក្រវាត់ក្តី គេក៏នៅតែតម្រូវឲ្យឡើងប្រកួតជាមួយអ្នកប្រដាល់ថៃម្នាក់ផ្សេងទៀត នោះគឺRoung Sayam ជាលក្ខណៈមិត្តភាពអន្តរជាតិ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដដែលនេះ។
Roung Sayamនេះ គេធ្លាប់មកប្រកួតនៅសង្វៀនSEATVនេះម្តងហើយ កាលពីថ្ងៃទី១៦កុម្ភៈកន្លងទៅនេះ ជាមួយវ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ហើយបានត្រូវ វ៉ាន់ វឿន វាយឲ្យសន្លប់ក្នុងទឹកទី៣។
ដូច្នេះ សេន កុសល ប្រហែលជាមិនពិបាកក្នុងការយកឈ្នះ អ្នកប្រដាល់ថៃរូបនេះ (R0ung Sayam)ប៉ុន្មានទេ ព្រោះថាRung Sayam គេអន់ដែរ ។Rung Sayam មានប្រវត្តិប្រកួតចំនួន៥៥លើក ឈ្នះ៤៨លើក និង ចាញ់០៧លើក មិនដែលស្មើ។ ចំណែក សេន កុសល វិញ គេមានប្រវត្តិប្រកួតចំនួន៦៥លើក ឈ្នះ៥១លើក ចាញ់១២លើក និង ស្មើ០២លើក។
ចំពោះ វ៉ាន់ វឿន អ្នកប្រដាល់កម្ពុជាក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ដែលត្រូវប្រកួតជុំចុងក្រោយដែរនោះ គេនឹងត្រូវជួបជាមួយBanda Sak។ ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក។ តែយ៉ាងណា វ៉ាន់ វឿន គេមានតែម និងប្រៀបជាងBanda Sak ត្រង់គេខ្ពស់ជាងបន្តិច គឺ១,៧០ម៉ែត្រ ខណៈដែលBanda Sak គេ១,៦៦ម៉ែត្រនោះ។ ចំពោះសមត្ថភាពវិញ ក៏ វ៉ាន់ វឿនលើថៃ ដែរ ទាំងបទពិសោធន៍ និងកំណត់ត្រាប្រកួត។
Banda Sak គេមានកំនត់ត្រាប្រកួតចំនួនតែ៦០លើក ក្នុងនោះឈ្នះ៥០លើក និង ចាញ់១០លើក មិនដែលស្មើ។ ចំណែក វ៉ាន់ វឿន គេមានកំនត់ត្រាប្រកួត៧២លើក ឈ្នះ៥៨លើក ចាញ់១២លើក និងស្មើ០២លើក។
វ៉ាន់ វឿន គេប្រកួតឈ្នះ៣ជុំហើយ ដោយបាន៩ពិន្ទុ សម្រាប់ការប្រកួតជម្រុះនេះ។ ចំណែក ការប្រកួតរបស់Banda Sak គេចាញ់ទាំង៣ជុំ បាន៣ពិន្ទុ ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នានេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៨ ទម្ងន់៥៧គីឡូក្រាម លើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមានសេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ(ជំនួសម៉នសាម៉េត) , វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា , លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ និងតាញ់ មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ ឯ អ្នកប្រដាល់ថៃ ៤ នាក់វិញ មាន Deuk Ken , Yorth Vandy , Dek Doeur និង Banda Sak។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រវិញ គឺតម្រូវរើសយកតែម្នាក់ប៉ុណ្ណោះក្នុងមួយពូល គឺលេខ១ពូលកម្ពុជា ជួបប្រកួតជាមួយ លេខ១ ពូលថៃ៕
Source: Kampuchea Thmey Daily
0 Comments