បន្ទាយមានជ័យ ៖ យុវជន២ក្រុម ផឹកស៊ីជាមួយគ្នានៅការដ្ឋានសាងសង់មួយកន្លែង ពេលស្រវឹង មានទំនាស់ពាក្យសម្ដីគ្នាតិចតួចសោះ ស្រាប់តែជនសង្ស័យទាំង៣នាក់ខាងលើ បានយកដែកស្បែងវាយមកលើជនរងគ្រោះ ចំស្មាឆ្វេង និងដំបងឈើដើមគរមានបន្លា វាយចំចង្កេះខាងស្តាំ និងជនសង្ស័យម្នាក់ទៀត វាយដោយកណ្តាប់ដៃចំខ្ទង់ច្រមុះ បណ្តាលឲ្យសន្លប់លែងដឹងខ្លួន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកអនុសេនីយ៍ឯក សរ សុភក្ត្រាស មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នាវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សៀម វី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត។ ចំណែកជនសង្ស័យមានគ្នាចំនួន៣នាក់ រួមមាន ១.ឈ្មោះ ថន ថុន ភេទប្រុស អាយុ៣៥ឆ្នាំ , ២.ឈ្មោះ រ័ត្ន ឡាទី ភេទប្រុស អាយុ៣១ឆ្នាំ ,៣.ឈ្មោះ វ៉ែន ពៅ ភេទប្រុស អាយុ៥១ឆ្នាំ ទាំង៣នាក់ រស់នៅបណ្ដោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់បន្ថែមទៀតថា នៅមុនពេលកើតហេតុនោះ យុវជន២ក្រុម បានផឹកស៊ីជាមួយគ្នានៅការដ្ឋានសាងសង់មួយកន្លែង ក្រោយមកស្រវឹងរៀងខ្លួន ក៏មានទំនាស់ពាក្យសម្ដីគ្នាតិចតួច ស្រាប់តែជនសង្ស័យទាំង៣នាក់ បានយកដែកស្បែងវាយមកលើខ្លួនចំស្មាឆ្វេង និងដំបងឈើដើមគរមានបន្លា វាយចំចង្កេះខាងស្តាំ និងជនសង្ស័យម្នាក់ទៀតវាយដោយកណ្តាប់ដៃចំខ្ទង់ច្រមុះ បណ្តាលឲ្យខ្លួនសន្លប់លែងដឹងខ្លួន និងដំបងដែក ប្រវែង១.២០ម៉ែត្រ និងដំបងឈើប្រវែង១.២០ម៉ែត្រ វាយទៅលើជនរងគ្រោះតែម្តង។
លោកបានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ឃើញថា មានតម្រុយពិរុទ្ធភាព នៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments