ប្រដាល់ ៖ ចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យ និង មាជ សុខរ៉ា អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ពួកគេទាំងពីរនាក់នេះ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ នៅលើសង្វៀនគូបូតាស្ទឹងមានជ័យ នាយប់ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩នេះ។
ចាន់ ប៊ុនហឿន អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ត្រូវគេផ្គូឲ្យជួបជាមួយអ្នកប្រដាល់ជើងខ្លាំងមកពីប្រទេសថៃឈ្មោះ ផេត ផូស្រ៊ី (Petchphosri Site Chharngnunuthumporn)។ ចាន់ ប៊ុនហឿន ជើងខ្លាំងរបស់កម្ពុជានេះ គេទើបតែផ្ដួលយកឈ្នះអ្នកប្រដាល់ថៃឈ្មោះហ្វានិមិត្ត ក្នុងទឹកទី៣ កាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០១៩កន្លងមកនេះ។
ចាន់ ប៊ុនហឿន ជាលើកទី៣៩ របស់គេហើយ ដែលជួបប្រកួតជាមួយថៃនេះ។ ប៊ុនហឿន ប្រកួតជាមួយថៃ៣៨លើកកន្លងមកនេះ គឺឈ្នះ២៨លើក ចាញ់០៨លើក និងស្មើ០២លើក។
ផេត ផូស្រ៊ី គេជាអ្នកប្រដាល់មិនដែលធ្លាប់មកប្រកួតនៅកម្ពុជាយើងនោះទេ កន្លងមក ។ នេះបើតាមអ្នកដឹកនាំប្រតិភូកីឡាករថៃមកប្រកួតឲ្យដឹង ។ ដូចនេះ ជាលើកទី១របស់ផេត ផូស្រ៊ី ដែលមកប្រកួតនៅកម្ពុជានេះ ។
យ៉ាងណា អ្នកប្រដាល់ថៃរូបនេះ គេខ្លាំងគួរសមដែរ។ ព្រោះបើតាមអ្នកដឹកនាំកីឡាករថៃមកប្រកួតអោយដឹងនោះថា ផេត ផូស្រ៊ី គេល្អនិងខ្លាំង ដែលមិនអាចមើលស្រាលបានឡើយ។ ផេត ផូស្រ៊ី មានកំនត់ត្រាប្រកួតចំនួន ៧៧ លើក ឈ្នះ៥៥លើក ចាញ់២០លើក និងស្មើ០២លើក ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់ជាច្រើនលើក។
ចាន់ ប៊ុនហឿន គេមានប្រវត្តិប្រកួតចំនួន៨៨លើក ឈ្នះ៧០លើក និងចាញ់១៤លើក និងស្មើ០៤លើក។ ប៊ុនហឿន គេមានថ្វីកែង និងជង្គង់ល្អណាស់ តែយ៉ាងណាការឈ្នះចាញ់រវាងចាន់ ប៊ុនហឿន និង ផេត ផូស្រ៊ីនេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ?។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចាន់ ប៊ុនហឿន បានផ្ដួលអ្នកប្រដាល់ថៃ កាន តាប(Karn Tarb) ឲ្យសន្លប់ក្នុងទឹកទី១ប៉ុណ្ណោះ។
មាជ សុខរ៉ា អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវអ្នករៀបចំកម្មវិធីប្រដាល់នៅប៉ុស្តិ៍បាយ័ន ផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ ឈោគ ឆ័យ ផាកទុងចៃ( Chhor kchai Phak thungchai) ដោយប្រកួតក្នុងប្រភេទទម្ងន់៦៧គ.ក្រ។ អ្នកប្រដាល់ថៃ ដែលមាជ សុខរ៉ា ត្រូវតស៊ូជាមួយនោះ ជាជើងខ្លាំងនៅស្រុកថៃ និង ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយ។
បើតាមប្រវត្តិរបស់ឈោគ ឆ័យ នេះ គេជាជើងខ្លាំង ដែលមានស្នៀតប្រដាល់ល្អ និង ខ្លាំង ហើយបទពិសោធន៍លើរេញរបស់គេក៏មិនធម្មតាដែរ ព្រោះគេមានប្រវត្តិប្រកួតចំនួន៨៦ លើក ឈ្នះ៦៤លើក ចាញ់១៩លើក និងស្មើ៣លើក។
គេនៅចាំបានថា ឈោគ ឆ័យ គេធ្លាប់វាយឈ្នះ ឃីម ឌីម៉ា ជើងខ្លាំងរបស់កម្ពុជាយើងដោយពិន្ទុម្តងកន្លងមក, ឈ្នះ ឡៅ ចន្ទ្រា ដោយពិន្ទុ, វាយស្មើជាមួយឡុង សុភី , ឈ្នះធី តុងហ៊ី ក្លិបសាលវ័ន្តកីឡា ,ឈ្នះផង់ សុភាពដោយពិន្ទុ និងធ្លាប់ឈ្នះផល សោភ័ណ្ឌ ពីរលើកថែមទៀត តែក្រោយមកគេបានវាយចាញ់អ្នកប្រដាល់ខ្មែរយើងវិញ ហើយចុងក្រោយនេះ ឈោគ ឆ័យ បានចាញ់ មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សកីឡា។
ទោះជាយ៉ាងណា ការដែល ឈោគ ឆ័យ អាចយកឈ្នះលើ ឃីម ឌីម៉ា ឡៅ ចន្ទ្រា ផល សោភ័ណ្ឌ បានដូច្នេះ គឺបញ្ជាក់ថា ឈោគ ឆ័យ គេមិនធម្មតានោះឡើយ។
អ្នកប្រដាល់ថៃរូបនេះ គេជាជើងខ្លាំងម្នាក់នៅប្រទេសថៃ ហើយគេក៏ជាម្ចាស់ខ្សែក្រវាត់គោជល់នៅស្រុកខ្មែរផងដែរ។ យ៉ាងណា ឈោគ ឆ័យ មិនធ្លាប់ប៉ះជាមួយ មាជ សុខរ៉ា នោះឡើយ។ មាជ សុខរ៉ា គេមានប្រវត្តិប្រកួតចំនួន៦៦លើក ឈ្នះ៥៥លើក ចាញ់១០លើក និង ស្មើ០១លើក។
មាជ សុខរ៉ា ឥឡូវគេល្អ និងខ្លាំង ការប្រកួតជាមួយថៃប៉ុន្មានលើកនៅក្នុងស្រុក គេវាយឈ្នះច្រើននាក់ តែប្រកួតចុងក្រោយនេះគឺចាញ់ថៃ កេង កាត ក្នុងទឹកទី៥។
ទោះជាយ៉ាងណា ការឈ្នះចាញ់រវាងមាជ សុខរ៉ា និង ឈោគ ឆ័យ នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ ព្រោះថាអ្នកទាំងពីរនាក់នេះ មានផ្លែសម្លាប់រៀងៗខ្លួន។
ដោយឡែក ការប្រកួតរវាងខ្មែរ និងខ្មែរវិញ វង្ស វិឆ័យ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងត្រូវជួបប្រកួតជាមួយជើងចាស់ ធី តុងហ៊ី អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៦៩គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments