Ad Code

អតីត​រថយន្ត​បងធំ​ទី​២​នួន ជា ឥឡូវ​មកដល់​ទឹកដី​អង្គ​រហើយ​អាច​នឹង​ក្លាយជា​របស់​បេតិកភណ្ឌ​



សៀមរាប ​៖ ​រថយន្ត​របស់​អត​តី​របស់​បងធំ​ទី​២​គឺ​លោក​នួន​ជា ក្នុង​អំឡុង​ឆ្នាំ​១៩៧៥​ដែល​ពេលនេះ​បាន​បាត់បង់​រូបឆោម​ស្ទើ​តែ​មើល​លែង​ស្គាល់​ទៅហើយនោះ​គឺ​ឥឡូវ​រថយន្ត​នេះ​បានមក​ដល់ដៃ​អ្នក​អភិរក្ស​បឹង​ពារាំង​នៅ​ទឹកដី​អង្គរ​ទៅហើយនោះ​។​តើ​អាច​នឹង​ក្លាយជា​របស់​បេតិកភណ្ឌ បានទេ​?

រថយន្ត​នេះ​ថ្វី​ត្បិត មាន​អាយុកាល​៤៤​ឆ្នាំ ហើយ​បាន​បាត់បង់​រូបឆោម និង​មិនអាច​ដំណើរការ​បាន​ស្រួល​ដូចដើម ពិសេស​ទៅទៀត វា​ក៏​នៅ​មិនទាន់​ក្លាយទៅជា​របស់​បេតិកភណ្ឌ​ក៏​ពិតមែន ប៉ុន្តែ​វា​នៅតែ​ដិតដាម​ក្នុង​អារ​ម្ម​ណ៍​កែវភ្នែក របស់​ថៅកែ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ នៅ​ខេត្តសៀមរាប និង​បុរស​ក្រៅប្រទេស​ម្នាក់ទៀត​នៅឡើយ​។



រថយន្ត​នេះ​ម៉ាក​FORD GRANADA ផលិត​នៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​១៩៧០​។​ រថយន្ត​នេះ​ត្រូវបាន​អះអាង​ថា ពី​ដើមឡើយ​មាន​ពណ៌​ក្រហម​ក្រ​ម៉ៅ​(​ឈាមជ្រូក​)​បច្ចុប្បន្ន​ពណ៌​ខ្មៅ​។ មុន​ពេល​មក​លាក់ខ្លួន​នៅ​ទឹកដី​ខេត្តសៀមរាប ក៏បាន​ឆ្លងកាត់​ការគ្រប់គ្រង​ថែរក្សា ម្ចាស់​ពី​២​ទៅ​៣​នាក់​រួចមកហើយ​ដែរ​។

សូម​ស្តាប់​ការ​បរិយាយ ពី​ការ​វិវឌ្ឍន៍​របស់​រថ​យន្ត​ខាងលើ អំពី​ព្រះ​តេជគុណ ព្រះនាម​តាត មហា​ទី ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសារ​។​ ព្រះអង្គ​បាន​ឲ្យ​ដឹងថា រថយន្ត​ខាងលើ​នេះ​ពី​ដើមឡើយ​ជា​កម្ម​សិទ្ធ​របស់លោក នួន ជា​។ នៅពេល​បន្ទាប់​រថយន្ត​នេះ ក៏​ក្លាយទៅជា​របស់​សម្តេច​ជា ស៊ីម ប្រើប្រាស់​រហូត​។ លុះ​អំឡុង​ពេល​ជាង​១០​ឆ្នាំមុន កូនសិស្ស​របស់​ព្រះអង្គ បាន​យក​មក​ប្រគល់​ឲ្យ​ព្រះអង្គ​ថែរក្សា និង​សម្រាប់​បើក​ជូន​រាល់ពេល​សម្តេច​សង្ឃ​ទេព វង្ស និមន្ត​មក​សៀមរាប​ម្តងម្កាល​។ លុះ​ក្រោយមក​ដោយ​រថយន្ត​មាន​សភាព​ទ្រុឌទ្រោម ព្រះអង្គ​ក៏បាន​គ្រប​ទុក​នៅក្នុង​វត្ត​ខាងលើ​។ ជាមួយគ្នា​នោះ​ក៏​មាន​ថៅកែ​សណ្ឋាគារ​ធំៗ​នៅ​សៀមរាប មកសុំ​ប្តូរ យក​រថយន្ត​នេះ​ទៅ​ជួសជុល​សម្រាប់​ដឹក​ភ្ញៀវ​ប្រចាំ​សណ្ឋាគារ ដោយ​ទិញ​រថយន្ត​ថ្មី​ផ្សេង ថ្វាយ​ព្រះអង្គ​វិញ ត្បិត​រថយន្ត​នេះ ជា​របស់​ដែល​កម្រ​។ ប៉ុន្តែ​ព្រះអង្គ​មិន​ព្រម​ដូរ​ទេ​គឺ​រក្សាទុក​រហូតមក​។​

ព្រះចៅ​អធិការ​បន្ត​ថា ក្នុង​ថ្ងៃមួយ​ក៏បាន​ជួប​លោក​គង់ មង្គល ប្រធាន​សហគមន៍​បឹង​ពារាំង ហើយ​ដឹងថា​ ជា​ក្មួយ​សម្តេច​សង្ឃ​ទេព វង្ស ព្រះអង្គ​ក៏បាន​ប្រគល់​រថយន្ត​នេះ ដើម្បី​យក​ទៅ​ជួសជុល​ថែរក្សា​និង​សម្រាប់​ជូន​ដំណើរ​ពេល​សម្តេច​សង្ឃ និមន្ត​មក​សៀមរាប​ម្តងម្កាល​។



លោក​គង់ មង្គល ប្រធាន​សហគមន៍​បឹង​ពារាំង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយពេល​ទទួល​រថយន្ត​នេះ លោក​ក៏បាន​យក​ទៅ​កាន់​យានដ្ឋាន​មួយ ដើម្បី​រៀបចំ​ជួសជុល​ឲ្យ​ក្លាយទៅជា​រថយន្ត​ថ្មី​និង​ដូចដើម​វិញ​។ រថយន្ត​នេះ​ត្រូវ​ប្តូរ​ម៉ាស៊ីន​ថ្មី និង​បាញ់ថ្នាំ​ថ្មី ឲ្យ​ត្រូវ​ពណ៌​ដូចដើម​វិញ​(​ក្រហម​ក្រ​ម៉ៅ​)។​ លោក​ថា អាច​ចំណាយ​ទឹកប្រាក់​ពី​៥​ទៅ​៦​ពាន់​ដុល្លារ​។



លោក​គង់ មង្គល បញ្ជាក់​ថា មុនពេល​រូបលោក​យក​រថយន្ត​នេះ​ចូលក្នុង​យានដ្ឋាន ក៏​ស្រាប់​តែមាន​ជនបរទេស​ម្នាក់ តាមរយៈ​ម​គ្គុ​ទេសន៍ មកសុំ​ទិញ​ដោយ​ឲ្យ​តម្លៃ​៤​ម៉ឺន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​លោក​សម្រេច​ថា មិនអាច​លក់បាន​ឡើយ គឺ​រក្សាទុក​ឲ្យ​ក្លាយជា​របស់​បេតិកភណ្ឌ​។ លោក​បញ្ជាក់ថា បើ​គិត​អំពី​តម្លៃ​ដែល​គេ​សុំ​ទិញ វា​ពិតជា​ថ្លៃ​ណាស់ ពីព្រោះ​រថយន្ត​ចាស់​អស់​ទៅហើយ ម្យ៉ាងវិញទៀត បើ​យើង​ចង់​លក់​ឲ្យ​អ្នកទិញ​ជិះ គឺ​គ្មាន​នរណា​ទិញ​នោះទេ​។ ប៉ុន្តែ​វា​ជា​របស់​ដែល​ស្ទើរតែ​គ្មាន នៅក្នុង​ប្រទេស​កម្ពុជា ចឹ​ង​ទេ​សុំ​រក្សាទុក​ឲ្យ​ក្លាយជា​របស់​បេតិកភណ្ឌ​ចុះ​។



ចំណែក​ម្ចាស់​យានដ្ឋាន ដែល​សុំ​មិន​បង្ហាញ​ទីតាំង​និង​ឈ្មោះ ក៏បាន​បញ្ជាក់ថា លោក​នឹង​រៀបចំ​ឲ្យ​រួចរាល់​ជា​ស្ថាពរ ក្នុង​រយៈពេល​ជាង​១​ខែ​។ រថយន្ត​នេះ​នឹងត្រូវ​ប្តូរ​ដាក់​ម៉ាស៊ីន​ចាស់​ចេញ មក​ដាក់​ម៉ាស៊ីន ថ្មី​វិញ ហើយ​រៀប​ប្រព័ន្ធ​ភ្លើង​ជាថ្មី​ទាំងអស់​។ ចំណែក​ថ្នាំ ក៏ត្រូវ​បាញ់​ពណ៌​ដើម​វិញ​ផងដែរ​។ ធ្វើយ៉ាងណា​ឲ្យ​មើល​ពី​ខាងក្រៅ ដូចដើម​វិញ​ទាំងអស់​។

តាម​សម្តី ក្រុម​មិត្តភក្តិ និង​មន្ត្រី​សមាជិក​សហគមន៍​បឹង​ពារាំង បានបង្ហាញ​ពី​ភាព​កោតសរសើរ អំពី​ជំហរ​ដែល​ប្រធាន​សហមគន៍​រូប​នេះ មិនត្រូវ​ការ​លុយ ហើយ​ព្យាយាម​រក្សា​របស់​ដែល​កម្រ​ឲ្យ​នៅ​គង់វង្ស ដោយ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​អ្នកដទៃ​នោះឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu