Ad Code

ក្រសួងសុខាភិបាល​នឹង​បង្កើត​មជ្ឈមណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​មួយកន្លែង​ទៀត​នៅ​ខេត្តកំពង់ចាម​



ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​មួយ​កន្លែង​ទៀត​នៅ​ខេត្តកំពង់ចាម​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ភាគ​ឥ​សាន្ត​ទៅ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​បាន​គ្រប់ៗ​គ្នា​។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ការបង្កើត​មជ្ឈមណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ខេត្តកំពង់ចាម​នេះ​គឺ​ក្រសួងសុខាភិបាល​បានធ្វើការ​ពិភាក្សា​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​រួចរាល់​ហើយ​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​មណ្ឌល​គី​រី រតនគីរី ក្រចេះ​និង​ខេត្តស្ទឹងត្រែង​ទៅ​ទទួល​វ៉ាក់សាំង​នេះ​ដោយ​មិនចាំបាច់​ធ្វើដំណើរ​មក​ទីក្រុង​ភ្នំពេញ​ដូច​មុន​ទៀតឡើយ​។

គំរោង​បង្កើត​មជ្ឈមណ្ឌល​ថ្មី​នេះ​ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​បាន​សម្រុក​មកចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​យ៉ាងច្រើន​កកកុញ​បន្ទាប់ពី​មាន​ករណី​ក្មេងស្រី​ម្នាក់​អាយុ​១១​ឆ្នាំ​ធ្លាប់មាន​ប្រវត្តិ​ត្រូវ​សត្វ​ឆ្មា​ខ្វាច​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨​កន្លង​ទៅហើយ​បានទទួល​មរណភាព​កាលពីពេល​ថ្មីៗ​នេះ​។

លោកស្រី​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា​ នៅ​ពេល​ដែល​សត្វ​ឆ្មា​ខ្វាច​ឬ​ឆ្កែ​ខាំ​ទៅលើ​មនុ​ស្សណា​ម្នាក់​មិនមែន​មានន័យថា ​មាន​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​ទាំងអស់​នោះ​ទេ​ លុះត្រាតែ​សត្វ​ឆ្មា ​ឬ ​ឆ្កែ​នោះ​មាន​ជំងឺ​និង​មាន​សភាព​ខុសប្លែក​ពី​ធម្មតា​ដូចជា​ភ្នែក​ឡើង​ក្រហម មាន​ហៀរ​ទឹកមាត់ ទម្លាក់​កន្ទុយ ចេះតែ​ដើរ​ខាំ​គេឯង​ ហើយ​ស្នាម​ដែល​ខាំ​នោះ​មាន​ដំ​ដៅ​ធំ​ជ្រៅ​ជាដើម​។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ​ប៉ុន្តែ​បើ​ឆ្កែ​ឬ​ឆ្មា​នោះ​មិនមាន​ជំងឺ​ពេល​ខាំ​ឬ​ខ្វាច​ក៏​មិន​មាន​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​ដែរ ​តែ​ត្រូវ​មក​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​និង​ជំងឺ​តេតាណូស​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ រីឯ​អ្នករស់នៅ​ខេត្ត​ខេត្ត​ប៉ៃលិន​,​បន្ទាយមានជ័យ​,​សៀម​រាប​និង​ពោធិ៍សាត់​ត្រូវ​ទៅ​ចាក់​ថ្នាំ​បង្ការ​ការពារ​ជំងឺ​នេះ​នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​ដែល​ស្ថិតនៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។



ជា​មួយ​គ្នា​នេះដែរ​ លោកស្រី​រដ្ឋលេខាធិការ​បាន​ស្នើ​សុំ​ដល់​អ្នក​ដែល​មិនទាន់​ឆ្កែ​ខាំ​ឬ​ឆ្មា​ខ្វាច​និង​អ្នក​ដែល​មាន​ឆ្កែ​ឬ​ឆ្មា​ខ្វាច​យូរថ្ងៃ​ហើយ​មិន​មាន​ចេញ​រោគសញ្ញា​ហានិភ័យ​ឬ​គ្រាន់តែ​ឆ្កែ​រត់​បុក​ដែល​មិនមាន​មុត​របួស​អ្វី​នោះ​ត្រូវ​រង់ចាំ​បន្តិច​ដោយ​ទុក​ឱកាស​ឲ្យ​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​ដូចជា​អ្នក​ដែល​ត្រូវ​សត្វ​ឆ្មា​ខ្វាច​ឬ​ឆ្កែ​ខាំ​មាន​ចេញ​រោគសញ្ញា​ហានិភ័យ ស្ត្រី​មាន​ផ្ទៃពោះ​និង​អ្នក​ដែល​ត្រូវ​ចាក់​ទៅតាម​កាលកំណត់​ដូ​ស​នៃ​វ៉ាក់សាំង​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​រង់ចាំ​កកកុញ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

ចំណែក​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ចេញ​សេចក្តី​ជួន​ដំណឹង​មួយ​សូម​អភ័យទោស​ដល់​សាធារណជន​ដែល​រង់ចាំ​យូរ​ក្នុងការ​មក​ទទួល​ការចាក់​វ៉ាក់សាំង​នេះហើយ​វិទ្យាស្ថាន​កំពុងតែ​ព្យាយាម​ឲ្យ​បានល្អ​បំផុត​សម្រាប់​អ្នក​គ្រប់គ្នា​និង​សូម​ផ្តល់​អាទិភាព​ដល់​អ្នក​ដែល​អញ្ជើញ​មក​ចាក់​លើក​ទី​២​និង​ទី​៣​និង​អ្នក​ដែលមាន​របួស​ដោយ​ឆ្កែ​ខាំ​ធ្ងន់ធ្ងរ កុមារ ព្រះ​ស​ង្ឃ មនុស្ស​ចាស់​និង​ស្ត្រី​មាន​ផ្ទៃពោះ​។

លោក​វេជ្ជបណ្ឌិត លី សុវត្ថិ អនុប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ធ្លាប់បាន​ឲ្យ​ដឹងថា​មេរោគ​ជំងឺ​ឆ្កែឆ្កួត ចម្លង​ទៅ​មនុស្ស​តាមរយ​:​ទឹកមាត់​ពេល​សត្វ​ទាំងនោះ​ខាំ​លើ​មនុស្ស​ហើយ​ជំងឺ​នេះ​មិនទាន់មាន​ថ្នាំ​ព្យាបាល​ទេ​ប៉ុន្តែ​មាន​ថ្នាំ​ចាក់​បង្ការ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ក្រោយពី​សត្វ​ខាំ​ភ្លាមៗ។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​ពេល​ឆ្កែ​ខាំ​ត្រូវ​លាង និង ដុស​សម្អាត​របួស​ភ្លាមៗ​ជាមួយ​សាប៊ូ និង ទឹក​រយៈពេល ១៥ នាទី ហាម​ដាក់​ម្ទេស​ឬ​ទឹក​ផ្លែឈើ​នៅលើ​របួស កុំ​បិទ​របួស​ជាមួយ​ក្រណាត់​ឬ​បង់​រុំ​និង​កុំ​ដេរ​របួស​ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​គ្រឹះស្ថាន​សុខាភិបាល​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​សម្រាប់​ការ​ព្យាបាល​និង​ការចាក់​វ៉ាក់សាំង​បន្ថែម​។

តាម​ការបញ្ជាក់​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ឲ្យ​ដឹងថា ​ឆ្នាំ​២០១៨​មាន​ជនរងគ្រោះ​ដោយ​សត្វ​ខាំ​ដែល​ភាគច្រើន​សត្វ​ឆ្កែ​និង​ឆ្មា​ចំនួន​២៦០៦៦​នាក់​ ដែល​ចំនួន​នេះ​មានការ​កើនឡើង​លើសពី​ឆ្នាំ​២០១៧​ដែលមាន​ត្រឹមតែ​២២៤២១​នាក់​ប៉ុណ្ណោះ​។

តាម​ការប៉ាន់ស្មាន​រប​ស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ឆ្នាំ​២០០៧​បាន​បង្ហាញថា​ កម្ពុ​ជាមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ប្រមាណ​៨០០​នាក់​ក្នុង​មួយឆ្នាំៗ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu