Ad Code

ក្រុម​សមត្ថកិច្ច​ចម្រុះ ចាប់​ឃាត់​រថយន្ត​ត​កន្ទុយ និង​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​៥​គ្រឿង​ នៅក្នុង​ក្រុង​កំពង់ឆ្នាំង​​



​កំពង់ឆ្នាំង ៖ រថយន្ត​ត​កន្ទុយ និង​ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​៥​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត ចាប់​ឃាត់ទុក ព្រោះតែ​រថយន្ត​ទាំងនេះ​ដឹកទំនិញ​សំពីងសំពោង​ខុស​លក្ខណៈ​បច្ចេកទេស ។​

កិច្ចប្រតិបត្តិការ ចាប់​ឃាត់​រថយន្ត​ដឹក​សំ​ពីង​សំពោង​ខាង​លើ​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១​យប់ ឈានចូល​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង។​

លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឃាត់ទុក​នេះ គឺជា​រឿង​តម្រូវ និង​ជាការ​អនុវត្តន៍​តាមច្បាប់ ដោយ​តម្រូវឲ្យ​ម្ចាស់​រថយន្ត​ធ្វើការ​កែតម្រូវ លុបបំបាត់​ការកែច្នៃ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​។

ជាក់ស្ដែង​ដូចជា ​៖ រថយន្ត​សាំ​យ៉ុង​ ត្រូវតែ​ដោះ​កង់​រថយន្ត​ចំនួន​២​ផ្នែក​ខាងក្រោយ កាត់​ទ្រុង​ខាង​ក្រោយ​ចេញ និង រើ​ទំនិញ ដែល​ដាក់​លើដំបូល​សំពីងសំពោង​ចេញ ចំណែក​រថយន្ត​ដែល​ដឹក​លើស​កម្ពស់ ​ក៏ត្រូវ​ឲ្យ​រើ​ទំនិញ​ចេញ​ផងដែរ។ ចំណែក​ម្ចាស់​រថយន្ត ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដឹកទំនិញ​ល្មើសច្បាប់​បន្តទៀត បើសិន​ប្រព្រឹត្ត​ល្មើស​ពេល​ក្រោយ​ទៀត​ គឺ​ត្រូវ​អនុវត្តន៍​ការ​ផាកពិន័យ​ឲ្យ​បាន​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់ មិន​លើកលែង​នោះឡើយ​។



លោក កែវ ពៅ បានឲ្យ​បញ្ជាក់ទៀតថា ក្រុម​ការងារ​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កំពង់ឆ្នាំង កន្លងមក​ បាន​អនុវត្ត​តាម​តួនាទី ​និង​ភារកិច្ច​របស់ខ្លួន​ជាប្រចាំ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​ការ​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់ ការ​ដឹក​សំពីងសំពោង និង​ទប់ស្កាត់​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដើម្បី​រួម​គ្នា​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅក្នុង​សង្គម​ជាតិ ដែល​កំពុងមាន​ការព្រួយបារម្ភ ឲ្យ​ចុះ មក​នៅ​កម្រិត​ទាប។ ហេតុ​នេះ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​រថយន្ត​ទាំងអស់ ចូលរួម​អនុវត្តន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu