បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយបុរសម្នាក់ បើកទាំងស្រវឹងបណ្ដាលឲ្យទប់អារម្មណ៍មិនបាន ក៏រេចង្កូតធ្លាក់ប្រឡាយ ក្រឡាប់របួសធ្ងន់២នាក់ នៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ត្រង់ចំណុចព្រៃទាល់ ស្ថិតនៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ខាងជើងភូមិចម្ងាយប្រមាណជា៥០០ម៉ែត្រ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំបន្ទាយឆ្មារ បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានរថយន្តម៉ាកកាមរីស៊េរី១៩៩៣ ចង្កូតស្ដាំ ពាក់ស្លាកលេខភ្នំពេញ២D ៥៧១៥ បើកបរក្នុងទិសដៅ ពីត្បូងទៅជើង បើកដោយ ឈ្មោះ អៀសំអឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិរុងរឿង ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងអ្នករួមដំណើរម្នាក់ ឈ្មោះ ឈៀង ម៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅជាមួយគ្នា ដោយអ្នកបើកក្នុងស្ថានភាពស្រវឹងខ្លាំង លុះពេលមកដល់ចំណុចកើតហេតុខាងលើ ទប់អារម្មណ៍មិនបាន ដោយជាតិសុរាចូលពោះខ្លាំងពេក ក៏រេចង្កូតក្រឡាប់ចូលក្នុងប្រឡាយខាងលិចផ្លូវ បណ្ដាលឲ្យអ្នកបើក និងអ្នករួមដំណើរខាងលើរងរបួសធ្ងន់។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចដឹកទៅរក្សាទុកនៅអធិការដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments