ប្រដាល់ ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា៣រូប គឺឃុន ឌីម៉ា ឡុង សុភី និងអ៊ុង វិរៈ បានវាយឈ្នះអ្នកប្រដាល់បរទេសដូចគ្នាក្នុងការជួបប្រកួតគ្នា កាលពីថ្ងៃអាទិត្យទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើសង្វៀនBoostrong Fighter On Fireរបស់SEA-TV។
ឃុន ឌីម៉ា អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានផ្ដួលអ្នកប្រដាល់ថៃស្រ៊ី សូរាជ(Sri Sorach ) ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៤។ ស្រ៊ី សូរាជ ត្រូវឌីម៉ា ទាត់ឲ្យខូចជើងនៅក្នុងទឹកទី៤ ហើយគេបានបោះបង់ការប្រកួត បន្ទាប់ពីអាជ្ញាកណ្ដាលរាប់រូបគេដល់ដប់ហើយ តែមិនបន្តការប្រកួតទៀតនោះ។
សូមបញ្ជាក់ថា អ្នកប្រដាល់ថៃស្រ៊ី សូរាជ នេះ គេធ្លាប់មកប្រកួតលើសង្វៀនSEATVនេះម្តងហើយ ដោយបានផ្ដួល សេង ស្រឿន អ្នកប្រដាល់ក្លិបមហិទ្ធរិទ្ធមេសរថ្ងកខេត្តស្វាយរៀង មុនទឹកទី៥។
ចំពោះ ឡុង សុភី អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាវិញ គេបានវាយឈ្នះអ្នកប្រដាល់ថៃ ម៉ាណាវ ថុង(Manav Thong) ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។ ពួកគេប្រកួតគ្នាក្នុងទម្ងន់៦៩គីឡូក្រាម។
ម៉ាណាវ ថុងនេះ គេធ្លាប់ជួប ឡុង សុភី ម្តងហើយដែរ កាលពីពេលកន្លងមក ដោយវាយស្មើពិន្ទុគ្នា តែមកជួបលើកទី២នេះ ម៉ាណាវ ថុង ទៅមិនរួចជាមួយ ឡុង សុភី ឡើយ។
ចំណែក អ៊ុង វិរះ អ្នកប្រដាល់ជើងខ្លាំងនៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានប្រកួតឈ្នះអ្នកប្រដាល់ប្រេស៊ីល ជាន ខាឡូស(Jean Carlos) ដោយពិន្ទុ។ ពួកគេទាំងពីរប្រកួតគ្នាក្នុងទម្ងន់៨៥ គីឡូក្រាម។
អ៊ុង វិរះលើកនេះ វាយអត់ចេញរួចនោះទេ ដោយសារគេខានប្រកួតយូរពេក។ បើកុំដូច្នេះ ម្ល៉េះអ្នកប្រដាល់ប្រេស៊ីល ជាន ខាឡូស មិនបានឈរប្រកួត៥ទឹកពេញយ៉ាងនេះទេ។ ព្រោះសូម្បី អ៊ុង វិរៈ វាយអត់ចេញ និងត្រូវអាជ្ញាកណ្ដាលព្រមានឲ្យវាយប៉ុន្មានដងទៅហើយ តែគេនៅតែឈ្នះពិន្ទុអ្នកប្រដាល់ប្រេស៊ីលនោះទៀត។
•ធឿន ធី ចាញ់ Yorth Katangyou ឯ លន បញ្ញា ឈ្នះ Chhav Vallit ក្នុងជម្រុះខ្សែក្រវាត់Wurkz ជុំទី៣
ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯកWurkz ទម្ងន់៦០គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV កាលពីរសៀលថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាការប្រកួតជុំទី៣ របស់អ្នកប្រដាល់កម្ពុជា ធឿន ធី ក្លិបអង្គរមានជ័យខេត្តសៀមរាប និង អ្នកប្រដាល់ថៃYorth Katangyou ហើយអ្នកប្រដាល់កម្ពុជា លន បញ្ញា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបអ្នកប្រដាល់ថៃChhav Vallit នោះ គឺធឿន ធី ចាញ់ដោយពិន្ទុ ឯ លន បញ្ញាឈ្នះដោយពិន្ទុ។
ធឿន ធី វាយចាញ់ Yorth Katangyou ដោយពិន្ទុដាច់តែម្តង ពោលគឺចៅក្រមទាំង៥រូប បានផ្តល់ពិន្ទុអោយរូបគេចាញ់ថៃទាំងអស់ដូចគ្នា។ ជាមួយនឹងលទ្ធផលនេះ ធឿន ធី អស់ឱកាសទៅផ្ដាច់ព្រ័ត្រហើយ ដោយសារបីជុំវាយចាញ់ទាំង៣ជុំ បានតែ៣ពិន្ទុនោះ។ រីឯ Yorth Katangyou គេបាន៧ពិន្ទុ ក្នុងការប្រកួត៣ជុំ ដោយឈ្នះ ២ ចាញ់១ ប្រកួត។
ចំពោះការជួបគ្នារវាង លន បញ្ញា និង Chhav Vallit វិញ លន បញ្ញា បានវាយឈ្នះChhav Vallit ដោយពិន្ទុដាច់ គឺចៅក្រមទាំង៥រូប បានផ្តល់ពិន្ទុឲ្យរូបគេឈ្នះថៃទាំងអស់ដូចគ្នា។
ជាមួយនឹងលទ្ធផលជ័យជម្នះនេះ លន បញ្ញា គេបាន៧ពិន្ទុ សម្រាប់ការប្រកួតជម្រុះ៣ជុំ គឺឈ្នះ ២ ចាញ់១ ប្រកួត។ ចំណែក Chhav Vallit បាន៥ពិន្ទុ គឺឈ្នះ១ ចាញ់២ប្រកួត។
ចំពោះការការប្រកួតក្រៅពីគូខ្សែក្រវាត់នេះ អេលីត សុវណ្ណម៉ាយ អ្នកប្រដាល់ជើងថ្មី ក្លិបឆ្មាសសែនសុខគុនខ្មែរ ប្រកួតចាញ់ប៉ុក វិបុល អ្នកប្រដាល់ស្រករក្រោយនៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុ។ ឫទ្ធិ សាស្ត្រាវុធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ប្រកួតឈ្នះម៉ន ខួច អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ដោយពិន្ទុ។
•លាភ រដ្ឋា ឈ្នះ Deuk Kenទឹក១ ឯ តាញ មករា ឈ្នះ Yorth Vandy ទឹក៣ក្នុងជម្រុះខ្សែក្រវាត់Carabao ជុំទី៣
ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកCarabao ទម្ងន់៥៧ គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV កាលរសៀលថ្ងៃសៅ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាការប្រកួតជុំទី៣នោះ អ្នកប្រដាល់កម្ពុជា លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធ ខេត្តបន្ទាយមានជ័យ បានវាយឈ្នះអ្នកប្រដាល់ថៃDeuk Ken អោយសន្លប់ក្នុងទឹកទី១ប៉ុណ្ណោះ។
លាភ រដ្ឋា បានប្រើកណ្ដាប់ដៃផ្ដួលDeuk Ken ដោយដាល់ចំមុខ ធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះ ដួលលែងក្រោក ហើយមុនសន្លប់នេះ ក៏ត្រូវ រដ្ឋា ដាល់ឲ្យដួលលើរេញ និងត្រូវអាជ្ញាកណ្ដាលរាប់៨ម្តងដែរ។ ជាមួយនឹងលទ្ធផលជ័យជម្នះនេះ លាភ រដ្ឋា គេទទួលបាន៩ពិន្ទុ ក្នុងការប្រកួត៣ ជុំ។ ចំណែក Deuk Ken គឺបានតែ៣ពិន្ទុគត់ ដោយចាញ់ទាំង៣ជុំ។
ចំណែកអ្នកប្រដាល់កម្ពុជា តាញ់ មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានផ្ដួលអ្នកប្រដាល់ថៃ Yorth Vandy ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៤។ តាញ់ មករា បានទាត់ជើងក្រោមរបស់Yorth Vandy ឲ្យខូចជើងខាងឆ្វេងដួលក្រោកលែងរួច។ ជាមួយនឹងលទ្ធផលជ័យជម្នះនេះ តាញ់ មករា គេបាន៩ពិន្ទុក្នុង៣ប្រកួតដោយវាយឈ្នះទាំង៣ជុំ។ ហើយចំពោះ Yorth Vandy វិញ គេបាន៣ពិន្ទុ ព្រោះចាញ់ទាំង៣ជុំ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ថាន រ៉ាឌី អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ បានវាយចាញ់ លីន វិរៈ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ ក្នុងទឹកទី៤ ហើយ សុខ វិរៈ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង បានផ្ដួល អៀប ឆា អ្នកប្រដាល់ក្លិបតាឯកដំ បងដែកមានរិទ្ធខេត្តព្រៃវែង នៅក្នុងទឹកទី៤ដែរ៕
Source: Kampuchea Thmey Daily
0 Comments