រតនគិរី ៖ ដោយសារតែប្រជាពលរដ្ឋមានការព្រួយបារម្ភ ហើយពួកគាត់បានត្អូញត្អែរអំពីសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន និងក្នុងគ្រួសារពាក់ព័ន្ធ ទៅនឹងចោរលួច ឆក់ ប្លន់ ដែលកើតមានជាបន្តបន្ទាប់នោះ, ស្នងការនគរបាលខេត្ត ដែលទើបចូលកាន់តំណែងថ្មី បានដាក់បទបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងស៊ីសងភ្លាមៗតែម្ដង។
ជាក់ស្ដែងគ្រាន់តែនៅក្នុងខែកុម្ភៈនេះ ចោរលួចគាស់ផ្ទះយកសម្ភារៈ ២ករណីមកហើយ លើកទី១ គាស់ផ្ទះទាំងកណ្តាលថ្ងៃ នៅភូមិមួយតាស៊ុយ សង្កាត់កាចាញ ក្រុងបានលុង មិនមានបាត់បង់សម្ភារៈទេ ព្រោះម្ចាស់មិនបានទុកលុយ និងរបស់មានតម្លៃនៅក្នុងផ្ទះ និងយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមចោរលួចបានគាស់ផ្ទះប្រជាពលរដ្ឋមាន ឈ្មោះ រ៉ូត សារុន បើកវីងវេរលុយ និងទិញចន្ទីនៅចំណុចផ្លូវចូលឃុំតឺន ស្ថិតក្នុងឃុំតាអង ស្រុកកូនមុំ ដោយក្រុមចោរយកលុយអស់ចំនួន ២៧.០០០.០០០រៀល(ម្ភៃប្រាំពីរលានរៀល) កាតគ្រីម៉ូតូ ឯកសាររថយន្ត និងទូរស័ព្ទដៃមួយគ្រឿង។
ដោយហេតុនេះហើយ ទើបបានជានៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ ដល់ លោកឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ក្រោយពីទទួលបានព័ត៌មានថា មានកន្លែងលួចលាក់បើកលេងល្បែង ស៊ីសង បៀ អាប៉ោង យូគី និង មាន់ជល់ខុសច្បាប់ លោក ស្នងការបានបញ្ជាឲ្យ លោកផែន ឌីណា ស្នងការរងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមៗ ដោយជោគជ័យ ដោយធ្វើការរុះរើបំផ្លាញទីតាំងលួចលាក់ជល់មាន់នោះចោល និងរឹបអូសសម្ភារៈបម្រើឲ្យការជល់មាន់មួយចំនួនផងដែរ។
គួរបញ្ជាក់ផងដែរថា ល្បែងលួចលាក់ជល់មាន់តាមព្រៃ តាមចម្ការស្វាយចន្ទី ល្បែងចាក់បាល់ និងល្បែងកន្ទុយលេខ។ល។ កំពុងតែពេញនិយមនៅក្រុងបានលុងខេត្តរតនគិរី៕
Source: Kampuchea Thmey Daily
0 Comments