ភ្នំពេញ ៖ លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈនេះរួមនឹងមន្ត្រីសាលាខណ្ឌបានអញ្ជើញសាកសួរសុខទុក្ខដល់លោកមេភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ដែលកំពុងមានជំងឺប្រចាំកាយ គឺស្ពឹកដៃមួយចំហៀង។
លោកពេជ្រ កែវមុនី បានមានប្រសាសន៍ថា កាលពីព្រឹកមិញនេះ លោកបានទទួលព័ត៌មានពីលោកចៅសង្កាត់ស្ទឹងមានជ័យទី២ថា លោកមេភូមិឫស្សីមានជំងឺស្ពឹកមួយចំហៀងខ្លួនហើយកំពុងព្យាបាលនៅផ្ទះ។ ទទួលបានព័ត៌មានភ្លាមលោកអភិបាលខណ្ឌក៏បានរៀបជាអំណោយរួមមានគ្រឿងឧបភោគបរិភោគនិងថវិកាផ្ទាល់ខ្លួនមកផ្តល់ជូនលោកមេភូមិដល់ផ្ទះនារសៀលនេះតែម្តង។ នៅចំពោះមុខលោកមេភូមិឫស្សី លោកពេជ្រ កែវមុនី បានសំដែងនូវការអាណិតអាសូ លោកមេភូមិដែលកាលពីមិនទាន់មានជំងឺគឺលោកមេភូមិបានខិតខំបម្រើការងារជូនប្រជាពលរដ្ឋក្នុងភូមិមិនថាថ្ងៃ ឬ យប់និងមានការអាណិតស្រឡាញ់ពីប្រជាពលរដ្ឋទៀតផង។
ទន្ទឹមនិងនេះ លោកអភិបាលខណ្ឌបានរំលឹកដល់គ្រួសារលោកមេភូមិឲ្យជួយមើលថែជាប្រចាំ ព្រោះអ្នកជំងឺទាមទារឲ្យមានការលើកទឹកចិត្ត ហើយចំពោះការចំណាយលើថ្នាំព្យាបាលគឺលោកអភិបាលខណ្ឌនិងជួយជាបន្តបន្ទាប់ធ្វើយ៉ាងឲ្យលោកមេភូមិឆាប់ជាសះស្បើយពីជំងឺនិងបានទៅបំពេញការងារជូនប្រជាពលរដ្ឋក្នុងភូមិ។
គួរបញ្ជាក់ថា រាល់ពេលដែលមន្ត្រីរាជការដែលបម្រើការនៅសាលាខណ្ឌមានជ័យក៏ដូចជានៅតាមបណ្តាសង្កាត់ពិសេសប្រជាពលរដ្ឋបើមានជួបបញ្ហាខ្វះខាតជីវភាព ឬ មានជំងឺគឺលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានចុះទៅជួយភ្លាមៗដោយមិនពន្យារពេលឡើយ។ សកម្មភាពមនុស្សធម៌របស់លោកអភិបាលខណ្ឌមានជ័យដែលអនុវត្តន៍សព្វថ្ងៃនេះ គឺធ្វើឲ្យមន្ត្រីថ្នាក់ក្រោមក៏ដូចជាប្រជាពលរដ្ឋមានការពេញចិត្តគ្រប់ៗគ្នា៕
Source: Kampuchea Thmey Daily
0 Comments