ប៉ៃលិន ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានបើកកិច្ចប្រជុំត្រៀម រៀបចំសន្និបាត សាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី៥ ស្ថិតក្រោមអធិបតីភាព លោក សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដោយមានការចូលរួមពី លោក លោកស្រីសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារអភិវឌ្ឍន៍ស្ថាប័ន សរុបប្រមាណជាង២០នាក់។
លោក សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានមានប្រសាសន៍ ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរ សួរសុខទុក្ខបងប្អូនសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ ជាពិសេសជួយជនរងគ្រោះដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកបានបន្តទៀតថា ចំពោះបញ្ហានៅថ្ងៃនេះ គឺយើង បើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ហើយក្នុងកិច្ចប្រជុំនេះ គឺយើងធ្វើការពិភាក្សា អំពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងបទពិសោធន៍នានា ដែលយើងបានរៀបចំសន្និបាតសាខា កាលពីអាណត្តិទី៤ឆ្នាំ (២០១៣-២០១៩) ឃើញថា មានភាពល្អប្រសើរ ព្រមទាំងទទួលបានជោគជ័យខ្ពស់ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ជាពិសេស ក្រោមការដឹកនាំដ៏ឧត្តុង្គឧត្ដម របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។
លោកបានបញ្ជាក់ថា សន្និបាតសាខាអាណត្តិទី៥ គឺជាការងារអាទិភាពមួយ ក្នុងឆ្នាំ២០១៩ ហេតុនេះដើម្បីត្រៀមលក្ខណៈ ក្នុងការជួយរៀបចំសន្និបាតសាខា ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជា ដូច្នោះទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នឹងបង្កើតក្រុមការងារ សម្រាប់ជួយរៀបចំសន្និបាតសាខា ដោយមានការចូលរួមពីគ្រប់ សមាជិក សមាជិកា ទាំងអស់ ក្នុងនោះយើងក៏នឹងបង្កើតឯកសារគោលមួយចំនួនទៀត សម្រាប់សាខាធ្វើជាមូលដ្ឋាន ក្នុងការគិតគូររៀបចំសន្និបាតសាខាផងដែរ។
លោកបានសង្កត់ធ្ងន់ថា ការរៀបចំសន្និបាត ក៏យើងត្រូវក្រុមការងារយុវជន ព្រោះយុវជនកាកបាទក្រហមកម្ពុជា គឺជាឆ្អឹងខ្នង របស់ចលនា ជាកម្លាំងធ្វើឲ្យប្រតិបត្តិការមនុស្សធម៌ មានប្រសិទ្ធភាព និងទាន់ពេលវេលា ជាមួយគ្នានេះដែរ យុវជនស្ម័គ្រចិត្ត ក៏ជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម ផ្តល់ភាពកក់ក្តៅ ដល់អ្នកងាយរងគ្រោះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments