សៀមរាប ៖ ក្រោមគោលការណ៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងចលនាបំផុសមហាជន ជួយដល់ជនរងគ្រោះ និង ងាយរងគ្រោះ ផ្ទះមនុស្សធម៌ទី៦៩ និង ទី៧០ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងជីវភាពខ្វះខាតចំនួន២គ្រួសារ នៅឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
លំនៅដ្ឋាន ទាំង២ខ្នងនេះ មានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសីភ្លីធំ ក្រាលក្ដារ ជញ្ជាំងក្ដារ កម្ពស់១,៨ម៉ែត្រ ដែលឧបត្ថម្ភដោយក្រុមការងារលោកជំទាវបណ្ឌិតអនុប្រធានគណៈកម្មាធិការសាខា។
ផ្ទះមនុស្សធម៌ចំនួន២ខ្នង ( ផ្ទះមនុស្សធម៌ ទី៦៩ និង ទី៧០ ) ត្រូវបានលោកជំទាវបណ្ឌិត គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង សហការី ប្រគល់ជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពខ្វះខាត ចំនួនពីរគ្រួសារ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងផ្ទះមនុស្សធម៌ទី ៦៩ ប្រគល់ជូន គ្រួសារលោក សាន់ ឆើត អាយុ៤២ឆ្នាំ និងប្រពន្ធ ឈ្មោះ ហេង មុំ មានកូន២នាក់ នៅភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក មុខរបរបច្ចុប្បន្ន ធ្វើជាកម្មករ (ទីទ័លក្រ និងមានជំងឺប្រចាំកាយ) និង ផ្ទះមនុស្សធម៌ទី៧០ ប្រគល់ជូនគ្រួសារបងស្រី ស៊ុយ សួរ អាយុ៤៨ឆ្នាំ ជាស្ត្រី មេម៉ាយ មានកូន៤នាក់ នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មុខរបរបច្ចុប្បន្ន ធ្វើស្រែ និងដើរស៊ី ឈ្នួលគេ។
ជាមួយនឹងការប្រគល់ជូនផ្ទះមនុស្សធម៌នោះ លោកជំទាវបណ្ឌិត គួយ ណាលីន ឃឹម ប៊ុនសុង បាននាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយនោះឡើយ។
លោកជំទាវបណ្ឌិត បញ្ជាក់ឲ្យដឹងថា ផ្ទះមនុស្សធម៌ទី៦៩ និង ទី៧០ គឺជាអំណោយសប្បុរសធម៌របស់ ក្រុមការងារលោកជំទាវបណ្ឌិតអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
លោកជំទាវបណ្ឌិត គូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា គោលដៅ នៃបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គឺមិនអាចទុកឲ្យប្រជាពលរដ្ឋណាម្នាក់ រស់នៅក្នុងសភាពឯកោបាននោះទេ ដោយការធ្វើមិនដឹង មិនឮ នោះឡើយ ពិសេស គឺប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ដូចដែលប្រធានបទបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល”។ ក្នុងនោះ លោកជំទាវបណ្ឌិត ក៏បានធ្វើការសំណូមពរដល់គ្រួសារទាំងពីរ ឲ្យត្រូវចេះថែរក្សាលំនៅដ្ឋានថ្មី និង សុខភាពរបស់ខ្លួន ព្រមទាំងធ្វើ ការដាំដុះដំណាំរួមផ្សំ ក្នុងការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារផងដែរ។
លោកជំទាវបណ្ឌិត គួយ ណាលីន ឃឹម ប៊ុនសុង ក៏បាន ធ្វើការក្រើនរំលឹកផងដែរថា ក្នុងរដូវក្តៅនេះ ត្រូវមានការថែរក្សានូវសុខភាព សំខាន់ចំពោះបញ្ហាភ្លើងផ្សែង ដោយរដូវប្រាំងបានចូល មកដល់ហើយ ដែលធ្វើឲ្យមានការហួតហែង និង ងាយរងនូវគ្រោះមហន្តរាយផ្សេងៗកើតឡើង។
លោកជំទាវបណ្ឌិត ក៏បានសង្កត់ធ្ងន់ចំពោះបញ្ហាការបរិភោគទឹកឲ្យមានអនាម័យ ព្រមទាំងសុខភាពមាតា ទារក និង ស្ត្រីមានផ្ទៃពោះ ក៏ដូចប្រជាពលរដ្ឋទូទៅ ត្រូវបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ អំពីសុខភាព ដោយងាយទទួលរងឆ្លងជំងឺផ្សេងៗ តែបើមានជំងឺត្រូវប្រញាប់នាំកូនចៅ ទៅកាន់មណ្ឌលសុខភាពដែលនៅជិតបងប្អូន ក្នុងការសង្គ្រោះអាយុជីវិត និង ត្រូវហូបស្អាត ផឹកស្អាត មានអនាម័យល្អ ក្នុងការកាត់បន្ថយ ការចំណាយថវិកាក្នុងក្រុមគ្រួសារទៀតផង។
ការប្រគល់លំនៅដ្ឋានដល់គ្រួសារទាំងពីរនាពេលនេះ ក្នុងការជួយសម្រួលដល់ការរស់នៅរបស់ក្រុមគ្រួសារទាំងពីរ ឲ្យមានជម្រករស់នៅប្រកបដោយភាពកក់ក្តៅ ហើយក៏ជាការលើកកម្ពស់សុវត្ថិភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ សំខាន់កុមារដែលជាទំពាំងស្នងឫស្សី នៃសង្គមជាតិ។
សម្ភារៈសង្កត់ផ្ទះនាពេលនោះ ក្នុងមួយផ្ទះទទួលបាន ១គ្រួសារ មុង១ -ភួយ១ -សារុង១ -ក្រមា១ -កន្ទេល១ -អង្ករ៦០គីឡូក្រាម -មី១កេស -ត្រីខ១យួរ ទឹកត្រី១យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២សែនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានសារុង១ និងថវិកា១ម៉ឺនរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments