កំពង់ចាម ៖ បុរសចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈបើកម៉ូតូឆ្លងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទី នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៩០-៩១ នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់នេះកើតឡើង គេឃើញមានរថយន្តម៉ាកហិនដាយ ពាក់ស្លាកលេខតាកែវ3A-0653 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកពី ទិសដៅពីត្បូង ទៅជើង។
ប្រភពដដែលបានបន្តថា ពេលមកដល់កន្លែងកើតហេតុ រថយន្ត ក៏បុកម៉ូតូម៉ាកសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1Q-9942 បើកបរដោយ ឈ្មោះ ឌឹម វុឌ្ឍី ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបើកឆ្លងផ្លូវពីលិចទៅកើត បណ្ដាលឲ្យស្លាប់ដោយសពកៀបជាប់ក្រោមកង់រថយន្ត។
ប៉ូលិសបានឲ្យដឹងថា ក្រោយកើតហេតុ អ្នកបើករថយន្តបានរត់គេចបាត់ មុនពេលសមត្ថកិច្ចទៅដល់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ប៉ូលិសបានបញ្ជាក់ថា ករណីនេះ បណ្តាលមកពីរថយន្តប្រើប្រាស់ល្បឿនលឿនទៅបុកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
ប៉ូលិសបញ្ជាក់ថា វត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីបំពេញសំណុំបែបបទតាមនីតិវិធី រីឯសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments