រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយថា មនុស្សយ៉ាងតិច១៣នាក់បានស្លាប់និងជាង៣០នាក់ផ្សេងទៀតរងរបួសនៅពេលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់លើផ្លូវជាតិមួយនៅភាគខាងជើងប្រទេសម៉ាសេដូនីកាលពីថ្ងៃពុធ។
ថ្លែងទៅកាន់ទីភ្នាក់ងារ AFP លោក Venko Filipce បានបន្ថែមថា ចំនួនអ្នកស្លាប់អាចកើនឡើងដោយសារតែមានមនុស្សកំពុងទទួលការវះកាត់និងមនុស្សស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងប្រហែល២០គីឡូម៉ែត្រពីរដ្ឋធានី Skopje ។ មនុស្សប្រហែល៥០នាក់បានជិះក្នុងរថយន្តក្រុងនេះ។
លោក Ilir Asani ប្រធានមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំរបស់ទីក្រុង Skopje បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សយ៉ាងតិច៥នាក់បានរងរបួសធ្ងន់រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ផងដែរ។
ទន្ទឹមនោះ រដ្ឋអាជ្ញាសាធារណៈបាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតទៅលើគ្រោះថ្នាក់ចរាចរណ៍នេះដែលបានកើតឡើងនៅពេលរថយន្ដក្រុងរបស់ក្រុមហ៊ុន Durmo Tours បានបុករបាំងនៅទិសដៅផ្ទុយគ្នាហើយបន្ទាប់មករេចង្កូតធ្លាក់ផ្លូវនិងក្រឡាប់នៅក្បែរភូមិ Laskarci ។
លោក Festim Rusani អាយុ៤២ឆ្នាំគឺកំពុងធ្វើដំណើរទៅផ្ទះរបស់គាត់ក្នុងទីក្រុង Tetovo នៅពេលដែលគាត់បានឃើញរថយន្តក្រុងនេះក្រឡាប់។
លោកបានប្រាប់ AFP ថា “ខ្ញុំបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់និងប៉ូលិសភ្លាមៗ។ ខ្ញុំនិងអ្នកជិតខាងបានជួយយកមនុស្សបីនាក់ចេញពីរថយន្តក្រុង។ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត វាគឺពិបាកណាស់ព្រោះពួកគេទាំងអស់ត្រូវជាប់នៅក្រោមរថយន្តក្រុង”៕ AFP
Source: Kampuchea Thmey Daily
0 Comments