Ad Code

ស៊ីម៉ាក់​ និង​សមត្ថកិច្ច​ បន្ត​សហការ​គ្នា​ប្រមូល​គ្រាប់​យុត្តិធម៌​ មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​នៅ​ស្រុក​វាលវែង



ពោធិ៍សាត់ ​៖​ គ្រាប់​អាវុធ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ដែល​រាយប៉ាយ​តាម​ព្រៃ​ នៅ​សេសសល់​​ពី​អតីត​នា​សម័យ​សង្គ្រាម ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ សហការ​​ជាមួយ​អង្គការ​ដោះ​មីន​កម្ពុជា បន្ត​ប្រមូល​ដុត​កម្ទេច​ចោល ​បន្ទាប់ពី​ពលរដ្ឋ​ប្រទះឃើញ​ រាយ​ការណ៍​សមត្ថកិច្ច​ឲ្យ​ចុះ​ប្រមូល​យក​ទុក​បណ្ដោះអាសន្ន​រួច​មក។

ការ​ដុត​គ្រាប់​អាវុធ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែ​​កុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ព្រៃ​សហគមន៍​ភ្នំ​ទំព័រ ក្នុង​ភូមិ​ទំព័រ ឃុំ​ប្រម៉ោយ ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់។

តាម​លោក​ឈាន ឆោម អធិការ​រង​នគរបាល​ស្រុក​វាលវែង បាន​ឲ្យ​ដឹង​ថា គ្រាប់​សល់​ពី​សង្គ្រាម​ ដែល​ពលរដ្ឋ​ប្រទះឃើញ​តាម​ព្រៃ​នេះ ​គឺជា​ប្រភេទ​គ្រាប់​ប្រភេទ (M47 ចំនួន​54​គ្រាប់)​ ត្រូវ​បាន​​​សមត្ថកិច្ច​យើង​សហការ​ជាមួយ​មន្ត្រី អង្គការ​ដោះ​មីន​កម្ពុជា ធ្វើ​ការ​ដុត​កម្ទេច​ចោល​ ដោយ​ជោគជ័យ។ លោក​អធិការរង​បន្តថា អាវុធ​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​មិនទាន់​ផ្ទុះ​ ដែល​នៅ​សេសសល់​នា​សម័យ​សង្គ្រាម​ក្នុង​ទឹកដី​ស្រុក​វាលវែង​នេះ​ គឺ​មាន​ច្រើន​ណាស់ ហើយ​នេះ​ក៏​មិន​ដុត​លើកទីមួយ​ដែរ ខាង​អង្គការ​ដោះ​មីន​កម្ពុជា បាន​ដុត​បំផ្លាញ​ចោល​ដោយ​ជោគជ័យ​ច្រើន​លើក​មក​ហើយ ហើយ​រាប់​សិប​តោន​គ្រាប់​ឯណោះ។

លោក​ឈាន ឆោម បាន​បញ្ជាក់​ថា បច្ចុប្បន្ន​គ្រាប់​អាវុធ​យុទ្ធភណ្ឌ​មិន​ផ្ទុះ​សល់​ពី​អតីត​សង្គ្រាម​ពេលនេះ គឺ​មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន ហើយ​កាត់បន្ថយ​ហានិភ័យ​ដល់​ពលរដ្ឋ​នៅ​តំបន់​នេះ​ធូរ​ស្រាល​ជាង​មុន ដោយសារ​តែ ខាង​អង្គការ​ដោះ​មីន​ផង សមត្ថកិច្ច​យើង និង​ប្រជាពលរដ្ឋ បាន​ជួយ​សហការ ពេល​ប្រទះឃើញ នៅ​ក្នុង​ព្រៃ​និង​តាម​ព្រៃ​បោះ រាយ​ការណ៍​ជូន​សមត្ថកិច្ច​យើង​ឲ្យ​ចុះទៅ​ប្រមូល​ទុក​ដើម្បី​រាយ​ការណ៍​ទៅ​មន្ត្រ​អង្គការ​ដោះ​​មីន​សហការ​គ្នា​ដុត​កម្ទេច​ចោល ហើយ​ក៏​សូម​អរគុណ​ដល់​ពលរដ្ឋ​ និង​សូម​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​យើង ​និង​អង្គការ​ដោះ​មីន​កម្ពុជា​ទៀត ដើម្បី​សុវត្ថិភាព​ដល់​អ្នកស្រុក​វាលវែង​យើង​ ឬ​​សត្វ​គោក្របី​ជួប​គ្រោះថ្នាក់​នូវ​អាវុធ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​តទៅទៀត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu