អ្នក​ប្រដាល់​របស់​កម្ពុជា ខេ​ម ចាន់ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀន​TV5 ព្រែកកំពឹស នា​យប់​ថ្ងៃ​សៅ​រិ៍​ទី​១៦​កុ​ម្ភៈ ២០១៩​នេះ ។​

ខេ​ម ចាន់ ដែលជា​លើក​៦ ក្នុង​ការជួប​ប្រកួត​ជាមួយ​ថៃ​នេះ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ EATT TA ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ខេ​ម ចាន់ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ប៉ុណ្ណោះ។​

EATT TA នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។ តាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ការ​វាយ​ចេញចូល​រហ័ស​លឿន។​

អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត​ដល់​ទៅ​៥៣​លើក ក្នុងនោះ​វាយ​ឈ្នះ​៤២​លើក ចាញ់​១១​លើក និង​មិនដែល​ស្មើ។ ចំណែក ខេ​ម ចាន់ គេ​មាន​កំនត់ត្រា​ប្រកួត​៦៦​លើក គឺ​ឈ្នះ​៥១​លើក ចាញ់​១២​លើក និង​ស្មើ​០៣​លើក តែ​គេ​ធ្លាប់​វាយ​ដៃគូ​ប្រកួត ឲ្យសន្លប់​បាន០៩​លើក។​

EATT TA មិនដឹងថា អាច​យកឈ្នះ​ខេ​ម ចាន់ បាន​ឬ​អត់​នោះទេ ព្រោះថា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​របស់​កម្ពុជា​ខេ​ម ចាន់ នេះ គេ​មាន​ផ្លែ​ជង្គង់​ល្អ​ណាស់ ព្រមទាំង​វាយ​ស៊ូ​ថែមទៀត ដូច្នេះហើយ​មិន​មាន​នរណា​ហ៊ាន​វាយតម្លៃ ​ឬ​សន្និដ្ឋាន​មុន​ថា ខេ​ម ចាន់ ចាញ់ EATT TA នេះឡើយ។ ខេ​ម ចាន់ ប្រកួត​ចុងក្រោយ​នេះ គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ លីន វិ​រៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ។

ទោះជា​យ៉ាងណា ខេ​ម ចាន់ មិនអាច​មើលស្រាល EATT TA បានទេ។ តែ​យ៉ាងណា EATT TA ក៏​មិន​ជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​ខេ​ម ចាន់ ថ្វីត្បិតតែ​គេ​ឡើង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ទើបបាន​៦​លើក​ក្តី ក៏​វាយ​ខ្លាំង និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ ហើយ​មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​ថែមទៀត​។ ចាំមើល រវាង​ខេ​ម ចាន់ និង EATT TA តើ​អ្នកណា​ជា​អ្នកឈ្នះ សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ?។​

ចំពោះ​អ្នក​ប្រដាល់​វ័យក្មេង​កម្ពុជា ថូ សុ​ធៀប ក្លិប​ខេត្តបន្ទាយមានជ័យ នឹងត្រូវ​ជួប​ប្រកួត​លក្ខណៈ
​មិត្តភាព​ដកស្រង់​បច្ចេកទេស ជាមួយ​អ្នក​ប្រដាល់​វ័យក្មេង​ថៃ Keang Kai ក្នុង​ទម្ងន់​៤៨​គីឡូក្រាម។​

ឯ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ វង្ស វិឆ័យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ យ៉ា​ម ខេមរា អ្នក​ប្រដាល់​ក្លិប​រស្មី កុមារកំព្រា។ ពីរ​នាក់​នេះ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម។

វង្ស វិឆ័យ បាន​វាយ​ឈ្នះ ខាំ ផានី ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ពិន្ទុ កាលពី ថ្ងៃទី​០៩​កុម្ភៈ​កន្លង​មក​នេះ។ វង្ស វិឆ័យ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ដែល​សព្វថ្ងៃ​កេរ្តិ៍ឈ្មោះ​របស់គេ​កំពុង​ត្រូវបាន​គេ​ចាប់​អារម្មណ៍​គួរសម​ដែរ។ វិឆ័យ មាន​កាយសម្បទា​រឹងមាំ វាយ​ខ្លាំង ហើយ​វាយ​មិន​ចេះ​ខ្លាច​គូប្រកួត​នោះ​ទេ។ ពោលគឺ វិឆ័យ​វាយ​សម្រុកចូល​ដោយ​មិន​ញញើត ជាមួយនឹង​កណ្ដាប់ដៃ​ខ្លាំង សន្ទុះ​ទាត់​ក៏​ខ្លាំង ជង្គង់​កែង​ក៏​ល្អ​ថែមទៀត។ ដូច្នេះហើយ ទើប​គេ ផ្គូ​ឲ្យ​ជួប​ជាមួយ យ៉ា​ម ខេមរា ដែលជា​ជើង​ខ្លាំង​ម្នាក់​ដែរនោះ។

យ៉ា​ម ខេមរា គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដែរ ហើយ​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​ខ្លាំង​មិន​ចាញ់​វង្ស វិឆ័យ ប៉ុន្មាន​ដែរ។ អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​សម្រុក​មិនចេះ​ខ្លាច​គូប្រកួត​ដែរ។

យ៉ាងណា សម្រាប់​ការប្រកួត​នេះ គេ​មិនអាច​ទាយ​មុន​ថា វង្ស វិឆ័យ ឈ្នះ ឬ យ៉ា​ម ខេមរា​ឈ្នះ​នោះ​ឡើយ។ ការប្រកួត​ចុងក្រោយ​របស់​យ៉ា​ម ខេមរា គឺ​ចាញ់​អ្នក​ប្រដាល់​អ៊ីរ៉ង់ ក្នុង​ទឹក​ទី​៤ ឯ​ការប្រកួត​ចុង​ក្រោយ​របស់​វង្ស វិឆ័យ គឺ​វាយ​ឈ្នះ ខាំ ផានី ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ។​

សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប នឹង​ជួប​ប្រកួត​ជាមួយ​ខាំ សុរិយា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។​

ពីរ​នាក់​មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក​។ ចាំមើល ការជួបគ្នា​ជា​លើកដំបូង​នេះ តើ​សេក គឹម​សាន្ត ឬមួយ​ក៏​ខាំ សុរិយា ឈ្នះ​នោះ?៕

 



Source: Kampuchea Thmey Daily