ស្តេចគ្រឿងញៀនម៉ិកស៊ិកលោក Joaquin “El Chapo” Guzman ត្រូវបានកាត់ទោសកាលពីថ្ងៃអង្គារពីបទឧក្រិដ្ឋកម្មរយៈពេលពាក់កណ្តាលសតវត្សរ៍ក្នុងការជំនុំជម្រះក្តីមួយដែលលាតត្រដាងពីរបៀបរស់នៅដ៏ខ្ជះខ្ជាយរបស់គាត់ និងចំណង់ចំណូលចិត្តរបស់គាត់ចំពោះអំពើហិង្សាខ្លាំងក្លាក្នុងនាមជាប្រមុខនៃក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពលបំផុតមួយលើពិភពលោក។
អតីតមេក្រុមជួញដូរគ្រឿនញៀន Sinaloa ដ៏មានឥទ្ធិពលដែលល្បីល្បាញដោយសារការរត់គេចរបស់គាត់ចេញពីពន្ធនាគារម៉ិកស៊ិកវ័យ៦១ឆ្នាំរូបនេះត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារមួយជីវិតពីបទរត់ពន្ធកូកាអ៊ីន ហេរ៉ូអ៊ីន មេតំហ្វេតាមីននិងកញ្ឆារាប់តោនចូលសហរដ្ឋអាមេរិក។
គាត់ក៏ត្រូវបានគេរកឃើញថាមានកំហុសពីបទលាងលុយកខ្វក់និងការកាន់កាប់អាវុធផងដែរក្នុងអំឡុងសវនាការរយៈពេលបីខែ។
លោក Mike Vigil អតីតប្រធានប្រតិបត្តិការអន្តរជាតិសម្រាប់រដ្ឋបាលគ្រឿងញៀនអាមេរិកបានប្រាប់ AFP ថា “សាលក្រមនេះគឺជាជ័យជម្នះយ៉ាងធំធេងសម្រាប់នីតិរដ្ឋ សម្រាប់ប្រទេសម៉ិកស៊ិក អាមេរិកនិងបណ្តាប្រទេសដទៃទៀតដែលជាជនរងគ្រោះនៃក្រុមគ្រឿងញៀន Sinaloa”។
លោក Vigil បន្ថែមថា “លោក Chapo Guzman គឺជាម្ចាស់គ្រឿងញៀនដ៏ធំបំផុតរបស់ពិភពលោក។ គាត់បានយកឈ្នះស្តេចគ្រឿងញៀនផ្សេងៗទៀតរួមទាំងលោក Pablo Escobar ផងដែរ”។
ក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គរដ្ឋអាជ្ញាអាមេរិកស្តីទីលោក Mark Whitaker បាននិយាយថា “ករណីនេះបានបង្ហាញពីភាពមិនធម្មតានៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ការតស៊ូនិងការប្តេជ្ញាចិត្តរបស់យើងចំពោះស្តេចគ្រឿងញៀនដូចជាលោក Guzman”។
បន្ទាប់ពីការកាត់ទោសកាលពីថ្ងៃទី២៥ខែមិថុនា លោក Guzman ទំនងជាត្រូវបានគេផ្ទេរទៅពន្ធនាគារមួយដែលគេហៅថា “សន្តិសុខកម្រិតកំពូល” ក្នុងរដ្ឋ Colorado ហើយត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពបំផុតនៅសហរដ្ឋអាមេរិក។
ការកាត់ទោសរបស់គាត់ត្រូវបានគេមើលឃើញថាជាជ័យជម្នះដ៏ធំមួយសម្រាប់សហរដ្ឋអាមេរិកដែលធ្លាប់បរាជ័យក្នុងការទទួលបានការធ្វើបត្យាប័នរបស់លោក Escobar។ លោក Escobar ជាស្តេចគ្រឿងញៀនកូឡុំប៊ីដែលត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់ប៉ូលិសនៅឆ្នាំ១៩៩៣៕AFP
Source: Kampuchea Thmey Daily
0 Comments