Ad Code

អតីត​មេធាវី​របស់លោក Trump និយាយ​ក្នុង​ការផ្តល់​សក្ខីកម្ម​នៅ​សភា​ថា លោក​ប្រធានាធិបតី​ជា​មនុស្ស​កុហក



មេធាវី​យូរអង្វែង​របស់លោក Donald Trump គឺ​លោក Michael Cohen បាន​ចង្អុល​ដាក់​អតីត​មេ​របស់លោក​នៅក្នុង​ការ​បង្ហាញខ្លួន​ក្នុង​សភា​កាលពី​ថ្ងៃ​ពុធ​ដោយ​ហៅ​ប្រធានាធិបតី​អាមេរិក​ថា​ជា​ជន​ឆបោក​និង​ជាម​នុស្ស​កុហក​បោកប្រាស់​ដែល​បានធ្វើ​សកម្មភាព​ខុសឆ្គង​ខណៈ​ពេល​កំពុង​កាន់តំណែង។

លោក Cohen បាន​ប្រាប់​គណកម្មាធិការ​ត្រួត​ពិនិត្យ​សភា​ថា កាលពី​ឆ្នាំមុន លោក Trump បាន​បញ្ជា​គាត់​ឲ្យ​និយាយ​កុហក​អំពី​ការបង់ប្រាក់​បំបិទមាត់​ដែល​ផ្តល់​ទៅ​ឲ្យ​តារា​សិច​ម្នាក់​ដើម្បី​បិទបាំង​ការអះអាង​របស់​នាង​អំពី​ទំនាក់ទំនង​ជាមួយ​លោក Trump។

លោក​បាន​និយាយថា លោក Trump បានដឹង​ជាមុន​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​ថា គេហទំព័រ WikiLeaks នឹង​ចេញផ្សាយ​សារ​អេឡិចត្រូនិក​ដែល​លួចបាន​ពី​យុទ្ធនាការ​របស់លោក​ស្រី Hillary Clinton ដោយ​រុស្ស៊ី។

ហើយ​លោក Cohen បាន​អះអាងថា មេធាវី​ផ្ទាល់ខ្លួន​របស់លោក Trump និង​គ្រួសារ​របស់គាត់​បាន​ពិនិត្យមើល​ឡើងវិញ​ហើយ​កែតម្រូវ​នូវ​សក្ខីកម្ម​ជា​លាយលក្ខណ៍​អង​ក្សរ​របស់គាត់​ទៅ​សភា​នៅ​ឆ្នាំ​២០១៧​ដែល​ក្នុងនោះ​គាត់​បាន​និយាយ​កុហក​អំពី​កិច្ចព្រមព្រៀង​អចលនទ្រព្យ​ជាមួយ​ទីក្រុង​មូ​ស្គូ​ដែល​ត្រូវបាន​ចរចារ​តាមរយៈ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦។

ប៉ុន្តែ​ការផ្តល់​សក្ខីកម្ម​រយៈពេល​ប្រាំ​ម៉ោង​របស់លោក Cohen មិនបាន​បង្កើត​ភស្តុតាង​ថ្មី​ដែលថា លោក Trump ឬ​យុទ្ធនាការ​របស់គាត់​បា​ន​ឃុបឃិត​ជាមួយ​រុស្ស៊ី​ក្នុងអំឡុង​ការបោះឆ្នោត​ឬ​ភស្តុតាង​នៃ​បទឧក្រិដ្ឋ​ហិរញ្ញវត្ថុ​ដោយ​លោក​ប្រធានាធិបតី​និង​អង្គការ Trump របស់គាត់​ទេ​។​

លោក Cohen បាន​ប្រាប់​សវនាការ​ផ្សាយ​តាម​ទូរទស្សន៍​ទូទាំងប្រទេស​ថា “​ថ្ងៃនេះ​ខ្ញុំ​មក​ទីនេះ​ដើម្បី​ប្រាប់​ការពិត​អំពី​លោក Trump ”​។ លោក Cohen បាន​និយាយថា “​គាត់​គឺជា​អ្នក​រើសអើង​ពូជសាសន៍​។ គាត់​ជា​អ្នក​ឆបោក​ហើយ​គាត់​គឺជា​អ្នក​ក្លែងបន្លំ”។

គួរ​បញ្ជាក់ថា លោក Cohen ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​ពីបទ​បង់ប្រាក់​បំបិទមាត់​និង​ការ​កុហក​របស់គាត់​ចំពោះ​សភា​ក៏ដូចជា​ការ​គេចវេស​ពន្ធ​ផងដែរ។
ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​អះអាងថា ការចោទប្រកាន់​ពីបទ​បង់ប្រាក់​បំបិទមាត់​និង​ការ​កុហក​ចំពោះ​សភា​គឺ​ដើម្បី​ការពារ​លោក Trump៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu