ភ្នំពេញ ៖ គណៈកម្មការសង្គមរបស់ IDP និងACE និងចូលរួមដឹកនាំដោយអគ្គរាជទូតសុឆន្ទៈសិស្ស និងបុគ្គលិក របស់សាលាACE ទាំងអស់នឹងប្រារព្ធកម្មវិធីសប្បុរសធម៌លើកទី៥នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩នៅសា លា ACE ទីតាំងទួលទំពូងដើម្បីស្វែងរកមូលនិធិជួយកសាងបង្គន់អនាម័យនិងអណ្ដូងទឹកស្អាតដល់សាលារៀនតាមជនបទនិងបង្ហាញពីវប្បធម៌ ប្រពៃណីដ៏សំបូរបែប និងផ្សារភ្ជាប់យុវជនគ្រប់វ័យ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សម្រាប់ព្រឹត្ដិការណ៍ឆ្នាំនេះនឹងមានលក្ខណៈប្លែកជាងបណ្ដាឆ្នាំមុនៗបន្តិចដោយសិស្សានុសិស្ស និងអាណាព្យាបាលត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីសូត្រមន្ដនិងរាប់បាត្រនៅពេលព្រឹកចាប់ពីម៉ោង ៨:៣០ ដល់ ១០:២០ ដោយសេរី។
សម្រាប់កម្មវិធីនៅពេលព្រឹកនេះដែរ នឹងមានការទេសនាផ្ដល់ឱវាទដោយ ព្រះភិក្ខុ សត្យមុនីបុត្តោ ជា សុមាលា (ព្រះអគ្គនាយកវិទ្យុមាលា) និងពិធីប្រគេនទេយ្យទាននិងរាប់បាត្រព្រះសង្ឃចំនួន ៧០ អង្គផងដែរ។ ដោយទ្បែកសម្រាប់កម្មវិធីនៅពេលរសៀល (តម្រូវឲ្យមានសំបុត្រចូលរួម) អ្នកចូលរួមទាំងអស់អាចទទួលទានអាហារថ្ងៃត្រង់ និងភ្លក់រសជាតិម្ហូបអាហារបែបខ្មែរដែលមានរសជាតិឈ្ងុយឆ្ងាញ់ ជុំគ្នា។
លើសពីនេះទៀតអ្នកចូលរួមនឹងមានឱកាសបានទស្សនានូវម៉ូតសំលៀកបំពាក់របស់ខ្មែរយើង ទៅតាមសម័យកាល នីមួយៗ (ចាប់ពីសម័យមុនអង្គរ រហូតដល់សម័យឧដ្តុង្គ) និងឧបករណ៍តន្ដ្រីបុរាណផងដែរហើយអ្វីដែលកាន់តែពិសេសនោះ គឺអ្នកចូលរួមទាំងអស់ក៏អាចទទួលបាននូវអារម្មណ៍មួយដែលពួកគេហាក់ដូចជាកំពុងស្ថិតនៅក្នុងសម័យកាលណាមួយ ដោយពួកគេអាចស្លៀកសំលៀកបំពាក់ របស់សម័យកាលនីមួយៗដែលខ្លួនពេញចិត្ត។ លើសពីនេះទៅទៀតអ្នកចូលរួមនឹងមានឱកាស រាំលេងកំសាន្ដទៅតាមចង្វាក់ប្រពៃណី និងលេងល្បែងប្រជាប្រិយជាច្រើនទៀត។
មួយវិញទៀត សំរាប់អ្នកដែលចូលចិត្ត ឬអ្នកដែលចង់ហាត់ Yoga អាចអញ្ជើញចូលរួមបានព្រោះយើងក៏មានបន្ទប់សំរាប់ហាត់ Yoga ដែលបង្រៀនដោយគ្រូជំនាញផងដែរ។
ជាចុងក្រោយ ក៏នឹងមានការតាំងពិព័រណ៍ស្ដង់ជាច្រើន រួមមានស្តង់មកពីស្ថាប័នដែលបានឧបត្ថម្ភកម្មវិធី ស្តង់លក់ម្ហូបអាហារបែបខ្មែរ ភេសជ្ជៈ និងវត្ថុអនុស្សារីយ៍ ដើម្បីជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌នេះផងដែរ។
គួរបញ្ជាក់ផងដែរថាសំបុត្រចូលរួមកម្មវិធីមានលក់នៅគ្រប់ទីតាំងសាលា ACE ទាំងអស់នៅភ្នំពេញរួមមានទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង និងទីតាំងទួលគោកឬទំនាក់ទំនងតាមរយៈ ០២៣ ២២២ ៣២៥ / ០៩៦ ៧៣០០ ៩២១ ឬ Facebook page: ACE Charityដោយសំបុត្រចូលរួមមួយតម្លៃតែ ២០ ០០០រៀល ប៉ុណ្ណោះដោយមានផ្តល់អាហារថ្ងៃត្រង់ជូនហើយចំពោះថវិកាដែលទទួលបានពីកម្មវិធីនឹងយកជួយកសាងបង្គន់អនាម័យ និងអណ្ដូងទឹកដល់សាលារៀនតាមជនបទ៕
Source: Kampuchea Thmey Daily
0 Comments