ភ្នំពេញ ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា លើកទី១៣ ឆ្នាំ២០១៩ នៅសណ្ឋាគារGreat Duke។
សន្និសីទ នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញការក្នុងស្រុក និងក្នុងតំបន់ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិលប្រមាណ ៣៥០នាក់។
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាប្រចាំឆ្នាំលើកទី១៣ ធ្វើឡើងក្រោមប្រធានបទ ស្ដីពី «ការប្រែក្លាយផ្នែកឌីជីថល ឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» ដែលជាកិច្ចសហការជាដៃគូរវាងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ក្រុមហ៊ុន ជីហ្គៀ (G Gear)។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា សន្និសីទចក្ខុវិស័យឆ្នាំនេះ មានប្រធានបទជាប់ទាក់ទងទៅនឹងស្ថានការណ៍បច្ចុប្បន្ន។ ស្របគ្នានឹងការរីកចម្រើន នៃឧស្សាហកម្ម៤.០ ការប្រែក្លាយផ្នែកឌីជីថលអាចជាក្បាលម៉ាស៊ីនជំរុញកំណើនថ្មីមួយដែលកម្ពុជាត្រូវការ ដើម្បីសម្រេចចក្ខុវិស័យរយៈពេលវែងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សន្និសីទនេះមានប្រធានបទតូចៗជាច្រើន សំដៅបំផុសឲ្យមានការផ្លាស់ប្ដូរមតិត្រង់ទៅត្រង់មកពីវិធីចាប់យកឱកាសល្អៗ នៃការប្រែក្លាយផ្នែកឌីជីថល ដើម្បីជួយគាំទ្រដល់កំណើនរយៈពេលវែង និងមាគ៌ាអភិវឌ្ឍន៍ និងការផ្តល់គំនិតពីការកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់យុទ្ធសាស្ត្រផ្នែកឌីជីថល នៅកម្ពុជា។
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៩ មានគោលដៅផ្តល់ជាវិភាគទានដល់ការរចនាតាក់តែង និងអនុវត្តគោលនយោបាយ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ដំណើរការ នៃសន្និសីទ និងការផ្តល់មតិផ្នែកគោលនយោបាយផ្សេងៗទៀត៕
Source: Kampuchea Thmey Daily
0 Comments