ប៉ៃលិន ៖ គំនរសំរាម ដែលប្រជាពលរដ្ឋមួយចំនួនតូច បានយកមកចោលតាមបណ្ដោយផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងភូមិខាងលើ ស្នើសុំឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះធ្វើឲ្យប៉ះពាល់បរិស្ថាន និងសុខភាពពួកគាត់ ជាពិសេស គឺសោភ័ណភាពភូមិ របស់ពួកគាត់ផងដែរ។
បើតាម លោក នាង មាឃ មេភូមិទឹកថ្លា សង្កាត់ប៉ៃលិន បានឲ្យអ្នកយកព័ត៌មានដឹងថា គំនរសំរាម ដែលរាយប៉ាយ នៅតាមដងផ្លូវក្នុងភូមិរបស់គាត់ វាមិនមែនអ្នកភូមិគាត់យកទៅចោលនោះទេ គឺអ្នកដែលមកពីភូមិឆ្ងាយយកមកចោល ដែលពួកគេតែងវេចខ្ចប់ទាំងបាវៗធំៗ ដឹកតាមម៉ូតូរ៉ឺម៉កយកមកចោលជាបន្តបន្ទាប់ ទើបកក កើតឲ្យមានសំរាមបែបនេះ ដែលភាគច្រើនគឺសំបកពងមាន់ ពងទា កាកសំណល់ផ្ទះបាយ ស្រកាត្រី សំបកផ្លែឈើ សំបកថង់ និងសំណល់កញ្ចប់អាហារចម្រុះពណ៌តែម្តង។
លោកមេភូមិបានបន្តថា កន្លងមក លោកក៏ធ្លាប់កាយដុតជាច្រើនលើកច្រើនសាណាស់មកហើយ រហូតដាក់ស្លាកសញ្ញាហាមឃាត់ដែរ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ស្លាកសញ្ញាហាមឃាត់នោះ ត្រូវបានគេយកចោលបាត់ ហើយមានពេលខ្លះ នៅពេលលោកធ្វើដំណើរកាត់ ក៏ជួបប្រទះអ្នកយកសំរាមមកចោល ដោយធ្វើការពន្យល់ និងណែនាំ ដល់ប្រជាពលរដ្ឋនោះថែមទៀត តែជាលទ្ធផល ដែលទទួលបាន គឺការខឹងសម្បាមកលើរូបលោកវិញតែម្តង។
លោកក៏បានបញ្ជាក់ដែរថា ពេលសំរាមទាំងនោះក្លាយទៅជាស្អុយរលួយ ពេលខ្យល់បក់មកពីទិសខាងលិចម្តងៗ បណ្ដាលឲ្យជះក្លិនស្អុយស្ទើរដកដង្ហើមមិនរួច ហើយខាងលោកធ្លាប់លើកក្នុងអង្គប្រជុំជាញឹកញាប់ រហូតដល់ធ្វើឲ្យសង្កៀរត្រចៀកអ្នកដទៃ តែមិនមានចំណាត់ការពីថ្នាក់លើនោះឡើយ ហើយលោកក៏ខ្ជិលនិយាយបន្តទៀត ទ្រាំជិះម៉ូតូឆ្លងកាត់ និងរស់នៅដកដង្ហើមស្រូបយកក្លិនស្អុយទាំងនោះប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកមេភូមិ ក៏ធ្វើការសំណូមពរដល់ពលរដ្ឋទាំងអស់ ដែលធ្លាប់យកសំរាមមកចោល មេត្តាបញ្ឈប់សកម្មភាពនេះបន្តទៀតទៅ គួរណាស់បងប្អូនត្រូវប្រមូលវេចខ្ចប់ទុកនៅខាងមុខផ្ទះរបស់ខ្លួនឯង ដើម្បីអាចឲ្យក្រុមរថយន្តអនាម័យខេត្ត បានទៅដឹកជញ្ជូន ជៀសវាងការយកសំរាមទៅចោលនៅតាមចិញ្ចើមផ្លូវ យ៉ាងអនាធិបតេយ្យ រហូតច្រើនហៀរ ប៉ះពាល់ធ្ងន់ធ្ងរ ដល់បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់លើដងផ្លូវសាធារណៈផងដែរ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ ត្រូវបាន លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនឲ្យដឹងថា ខាងលោកអត់ដឹងថា ខាងណាគេយកសំរាមទៅបោះចោលនៅទីនោះទេ ហើយនៅពេលនេះ លោកកំពុងជាប់រវល់ប្រជុំ។
លោកបន្តទៀតថា ចំពោះបញ្ហាចាក់ចោលសំរាមអនាធិបតេយ្យបង្កទៅជាក្លិនស្អុយប៉ះពាល់ ដល់បរិស្ថាននេះ ទាល់តែខាងក្រុង ជាអ្នកមើលការខុសត្រូវ ព្រោះនៅជិតផ្ទះលោកអភិបាលក្រុងប៉ៃលិនតែម្តង៕
Source: Kampuchea Thmey Daily
0 Comments